ទំនុកតម្កើង 2 - អាល់គីតាបស្តេចដែលអុលឡោះតែងតាំង 1 ហេតុអ្វីបានជាជាតសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល ហើយប្រជារាស្ត្រនានារអ៊ូរទាំ ដោយឥតខ្លឹមសារយ៉ាងនេះ? 2 ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖ 3 «ចូរយើងនាំគ្នាបំបាក់នឹមរបស់ទ្រង់ ហើយគ្រវែងច្រវាក់របស់ទ្រង់ចេញទៅ!»។ 4 ប៉ុន្តែ អុលឡោះតាអាឡាដែលគ្រងរាជ្យនៅសូរ៉កា ទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។ 5 ទ្រង់មានបន្ទូលទៅកាន់ពួកគេ ដោយកំហឹង ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត ដោយសារកំហឹងដ៏ខ្លាំងរបស់ទ្រង់ ទ្រង់មានបន្ទូលថា៖ 6 «គឺយើងនេះហើយ ដែលបានតែងតាំងស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។ 7 ខ្ញុំនឹងប្រកាសហ៊ូកុំរបស់អុលឡោះតាអាឡា ទ្រង់មានបន្ទូលមកកាន់ខ្ញុំថា៖ «អ្នកជាបុត្រារបស់យើង គឺយើងទៅជាបិតាអ្នកនៅថ្ងៃនេះ ។ 8 បើអ្នកសុំ យើងនឹងប្រគល់ប្រជាជាតិនានា ឲ្យអ្នកទុកជាមត៌ក យើងក៏នឹងប្រគល់ផែនដីទាំងមូល ឲ្យអ្នកទុកជាកម្មសិទ្ធិដែរ។ 9 អ្នកនឹងបង្ក្រាបពួកគេដោយដំបងដែក ហើយអ្នកកំទេចគេ ដូចជាងស្មូនកំទេចភាជន៍» 10 ឥឡូវនេះ ស្ដេចទាំងឡាយអើយ ចូររិះគិតពិចារណាឡើង! អ្នកគ្រប់គ្រងទាំងឡាយនៅលើផែនដីអើយ ចូរទទួលយកសេចក្ដីអប់រំទៅ! 11 ចូរបម្រើអុលឡោះតាអាឡាដោយគោរពកោតខ្លាច ចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ 12 ចូរគោរពបុត្រា ក្រែងអុលឡោះតាអាឡាខឹង ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ ក្នុងមាគ៌ារបស់អ្នករាល់គ្នា ដ្បិតកំហឹងរបស់ទ្រង់ នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។ អ្នកណាជ្រកកោនក្រោមម្លប់បារមីទ្រង់ អ្នកនោះមានសុភមង្គលហើយ! |
© 2014 United Bible Societies, UK.
United Bible Societies