វិវរណៈ 21:2 - អាល់គីតាប បន្ទាប់មក ខ្ញុំឃើញក្រុងបរិសុទ្ធជាក្រុងយេរូសាឡឹមថ្មី ចុះពីសូរ៉កា គឺចុះមកពីអុលឡោះ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ខ្ញុំឃើញក្រុងដ៏វិសុទ្ធ គឺយេរូសាឡិមថ្មី ចុះមកពីលើមេឃមកពីព្រះ ទាំងរៀបចំជាស្រេច ដូចកូនក្រមុំតុបតែងខ្លួនទទួលស្វាមី។ Khmer Christian Bible ហើយខ្ញុំបានឃើញក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមថ្មីចុះមកពីស្ថានសួគ៌ គឺមកពីព្រះជាម្ចាស់ ទាំងបានរៀបចំរួចជាស្រេចដូចកូនក្រមុំតុបតែងខ្លួនទទួលប្ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធ*ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី |
ហេតុដូចម្ដេចបានជាបុរីដ៏ស្មោះត្រង់ បែរជាខូច អស់បែបនេះ? ពីមុន នៅក្នុងទីក្រុង មានពេញដោយយុត្តិធម៌ សេចក្ដីសុចរិតក៏ស្ថិតនៅក្នុងទីក្រុងនេះដែរ។ ប៉ុន្តែ ឥឡូវនេះ អ្នកគ្រប់គ្រង សុទ្ធតែជាឃាតក!
ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងសំដែងឫទ្ធិ។ យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់ ដ៏ល្អប្រណីត ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។
ស្វាមីរបស់អ្នក គឺទ្រង់ដែលបានបង្កើតអ្នក! ទ្រង់មាននាមថា «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល»។ ម្ចាស់ដែលបានលោះអ្នកមកនោះ គឺម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ទ្រង់មាននាមថា «អុលឡោះជាម្ចាស់នៃផែនដីទាំងមូល»។
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែអុលឡោះតាអាឡា ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែម្ចាស់របស់ខ្ញុំ ដ្បិតទ្រង់បានសង្គ្រោះខ្ញុំ។ ទ្រង់បានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
គេនឹងលែងហៅអ្នកថា “ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា “ដីដែលគេបោះបង់ចោលដែរ”។ ផ្ទុយទៅវិញគេនឹងហៅអ្នកថា “ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិត្ត” ដ្បិតអុលឡោះតាអាឡាគាប់ចិត្តនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជា ស្ត្រីដែលជានានឹងប្ដីឡើងវិញ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយ នឹងពោលថា: “អ្នកជាដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធ សូមអុលឡោះតាអាឡាប្រទានពរអ្នក!”
នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្ដសម្លាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និងមានចិត្ដត្រេកអរក្រៃលែងដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។
ព្រោះខ្ញុំប្រច័ណ្ឌបងប្អូនដោយចិត្ដប្រច័ណ្ឌមកពីអាល់ម៉ាហ្សៀស ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹងនឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារី យកទៅជូនអាល់ម៉ាហ្សៀស។
ណាពីអ៊ីព្រហ៊ីមទន្ទឹងរង់ចាំទទួលក្រុងមួយ ដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលអុលឡោះបានធ្វើគម្រោង និងសង់ឡើង។
តាមពិត ពួកគាត់ចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅសូរ៉កាឯណោះ។ ហេតុនេះហើយបានជាអុលឡោះមិនខ្មាសនឹងឲ្យគេហៅទ្រង់ថា ជាម្ចាស់របស់បុព្វបុរសទាំងនោះឡើយ ដ្បិតទ្រង់បានរៀបចំក្រុងមួយសម្រាប់ពួកគាត់រួចទៅហើយ។
ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់អុលឡោះដ៏នៅអស់កល្ប គឺក្រុងយេរូសាឡឹមនៅសូរ៉កាដែលមានម៉ាឡាអ៊ីកាត់រាប់លានរាប់កោដិ
ដ្បិតក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ។
នេះជាហេតុការណ៍ដែលអ៊ីសាអាល់ម៉ាហ្សៀសបានសំដែងឲ្យឃើញ គឺអុលឡោះប្រទានឲ្យអ៊ីសាបង្ហាញព្រឹត្ដិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់គាត់ដឹង។ អ៊ីសាបានចាត់ម៉ាឡាអ៊ីកាត់របស់គាត់ ឲ្យមកប្រាប់លោកយ៉ូហានជាអ្នកបម្រើរបស់គាត់
ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុមជំអះទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមទ្រង់ដែលនៅសព្វថ្ងៃ នៅពីអតីតកាល ហើយកំពុងតែមក ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។ សូមរសអុលឡោះទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ទ្រង់
ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាក ទទួលគនរ និងព្យាយាមរួមជាមួយបងប្អូន ក្នុងអ៊ីសាដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែបន្ទូលរបស់អុលឡោះ និងសក្ខីភាពរបស់អ៊ីសា។
ក៏ប៉ុន្ដែ ត្រូវទុកទីលានដែលនៅខាងក្រៅម៉ាស្ជិទដោយឡែក កុំវាស់ឲ្យសោះ ដ្បិតទ្រង់បានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងបរិសុទ្ធអស់រយៈពេលសែសិបពីរខែ។
ម៉ាឡាអ៊ីកាត់នោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីសូរ៉កា គឺចុះមកពីអុលឡោះ។
បន្ទាប់មក ម៉ាឡាអ៊ីកាត់ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរពេញទៅដោយគ្រោះកាចទាំងប្រាំពីរ ចុងក្រោយបង្អស់បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម»។
រសអុលឡោះ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមអញ្ជើញមក!»។ សូមឲ្យអស់អ្នកដែល បានឮពោលឡើងដែរថា៖ «សូមអញ្ជើញមក!»។ អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិត ដោយមិនបាច់បង់ថ្លៃ!
ហើយប្រសិនបើមាននរណាម្នាក់ដកហូតសេចក្ដីណាមួយពីបន្ទូលនៃអុលឡោះ ដែលមានថ្លែងទុកក្នុងគីតាបនេះ អុលឡោះក៏នឹងដកហូតចំណែកផ្លែរបស់ដើមឈើ ដែលផ្ដល់ជីវិតពីអ្នកនោះដែរ ហើយមិនឲ្យគេចូលទៅក្នុងក្រុងដែលមានរៀបរាប់ក្នុងគីតាបនេះឡើយ។
អ្នកណាមានជ័យជំនះ យើងតាំងអ្នកនោះឲ្យធ្វើជាសសរមួយ នៅក្នុងម៉ាស្ជិទនៃអុលឡោះជាម្ចាស់របស់យើង ហើយគេនឹងមិនចាកចេញពីម៉ាស្ជិទនេះទៀតឡើយ។ យើងនឹងចារឹកនាមនៃអុលឡោះជាម្ចាស់របស់យើង និងឈ្មោះក្រុងនៃអុលឡោះជាម្ចាស់របស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីសូរ៉កា ចុះមកពីអុលឡោះជាម្ចាស់របស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើង លើអ្នកនោះដែរ។