រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។
១ យ៉ូហាន 5:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។ Khmer Christian Bible ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ អាល់គីតាប ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើនាមបុត្រារបស់អុលឡោះ មានជីវិតអស់កល្បជានិច្ចហើយ។ |
រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។
ពេលព្រះយេស៊ូគង់នៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យចម្លង* មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ ។
សិស្ស*នោះហើយ ដែលបានផ្ដល់សក្ខីភាពអំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។
អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ រីឯអ្នកមិនជឿបានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយ ហើយជឿលើព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។
ដោយសារយើងខ្ញុំជឿលើព្រះនាមព្រះយេស៊ូ គឺព្រះនាមព្រះអង្គហ្នឹងហើយបានធ្វើឲ្យបុរសដែលបងប្អូនឃើញ និងស្គាល់នេះ មានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើព្រះយេស៊ូ ដូចបងប្អូនឃើញស្រាប់។
ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។
យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជម្រកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខ* ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។
បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា ! ឱព្រះបិតា!»។
ខ្ញុំសរសេរលិខិតដ៏ខ្លីផ្ញើមកជូនបងប្អូននេះ ដោយមានលោកស៊ីលវ៉ាន ជាអ្នកស្មោះត្រង់បានជួយ ដើម្បីលើកទឹកចិត្តបងប្អូន និងបញ្ជាក់ប្រាប់បងប្អូនថា បងប្អូនពិតជាស្ថិតនៅជាប់ក្នុងព្រះគុណរបស់ព្រះជាម្ចាស់មែន ។
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះដ៏ជួយការពារ មួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រិស្តដ៏សុចរិត។
ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមក ព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។
រីឯព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយយើងនោះ គឺព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចមកយើង។
ខ្ញុំសរសេរមកអ្នករាល់គ្នាស្ដីអំពីពួកអ្នក ដែលបានមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេង។
រីឯបទបញ្ជា*របស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលព្រះអង្គប្រទានមកយើង។
ព្រះជាម្ចាស់បានសម្តែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គឲ្យយាងមកក្នុងលោកនេះ ដើម្បីឲ្យយើងមានជីវិតដោយសារព្រះបុត្រា។
អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។
រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ព្រះអង្គប្រទានប្រាជ្ញាឲ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។