កិច្ចការ 3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥លោកពេត្រុស និងលោកយ៉ូហានប្រោសជនពិការម្នាក់ឲ្យជា 1 នៅពេលអធិស្ឋាន*ម៉ោងបីរសៀល លោកពេត្រុស និងលោកយ៉ូហានបានឡើងទៅព្រះវិហារ*ជាមួយគ្នា។ 2 រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ 3 កាលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហាន កំពុងដើរចូលព្រះវិហារ គាត់ក៏សុំទាន។ 4 លោកពេត្រុស និងលោកយ៉ូហាន សម្លឹងមើលមុខគាត់ រួចពោលថា៖ «សូមមើលមកយើង!»។ 5 គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមនឹងទទួលប្រាក់។ 6 ប៉ុន្តែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នក ដូច្នេះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត* ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។ 7 លោកចាប់ដៃស្ដាំគាត់ឲ្យក្រោកឈរឡើង។ រំពេចនោះ ជើងរបស់គាត់ និងសន្លាក់ឆ្អឹង ក៏ប្រែជាមាំមួន 8 គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយសាវ័កទាំងពីររូប ទាំងដើរផង លោតផង និងសរសើរតម្កើងព្រះជាម្ចាស់ផង។ 9 ប្រជាជនទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងព្រះជាម្ចាស់ 10 គេស្គាល់ជាក់ថា អ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារ*ឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។ សុន្ទរកថារបស់លោកពេត្រុសនៅក្នុងព្រះវិហារ 11 បុរសនោះនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមលោកទាំងពីរនៅថែវសាឡូម៉ូន។ 12 លោកពេត្រុសឃើញដូច្នោះ ក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ហេតុដូចម្ដេចបានជាបងប្អូនងឿងឆ្ងល់អំពីហេតុការណ៍នេះ? ហេតុដូចម្ដេចបានជាបងប្អូនសម្លឹងមើលមកយើងខ្ញុំដូច្នេះ? តើបងប្អូនស្មានថា យើងខ្ញុំបានប្រោសបុរសនេះឲ្យដើររួច មកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់? 13 ព្រះរបស់លោកអប្រាហាំ របស់លោកអ៊ីសាក និងរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ព្រះអង្គបានប្រទានសិរីរុងរឿងមកព្រះយេស៊ូ ជាអ្នកបម្រើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនព្រះយេស៊ូទៅឲ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់ព្រះអង្គ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងព្រះអង្គទៀតផង។ 14 បងប្អូនបានបដិសេធមិនទទួលស្គាល់ព្រះដ៏វិសុទ្ធ ព្រះដ៏សុចរិត ហើយបែរជាទាមទារសុំឲ្យគេដោះលែងឃាតកទៅវិញ។ 15 បងប្អូនបានឲ្យគេធ្វើគុតម្ចាស់នៃជីវិត ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។ 16 ដោយសារយើងខ្ញុំជឿលើព្រះនាមព្រះយេស៊ូ គឺព្រះនាមព្រះអង្គហ្នឹងហើយបានធ្វើឲ្យបុរសដែលបងប្អូនឃើញ និងស្គាល់នេះ មានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើព្រះយេស៊ូ ដូចបងប្អូនឃើញស្រាប់។ 17 បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូន បានប្រព្រឹត្តដូច្នោះទាំងមិនដឹងខ្លួន។ 18 ប៉ុន្តែ ព្រះជាម្ចាស់បានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដី ដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រិស្តរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។ 19 ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។ 20 ព្រះអម្ចាស់នឹងប្រទានឲ្យបងប្អូនបានស្គាល់ពេលសម្រាក ព្រមទាំងប្រទានព្រះគ្រិស្តយេស៊ូមកបងប្អូន ដូចព្រះអង្គគ្រោងទុកជាមុន។ 21 ឥឡូវនេះ ព្រះយេស៊ូគ្រិស្តគង់នៅឯស្ថានបរមសុខ* រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធ*របស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។ 22 លោកម៉ូសេមានប្រសាសន៍ថា: “ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។ 23 រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ដ្រ”។ 24 ព្យាការីទាំងប៉ុន្មានដែលបានថ្លែងព្រះបន្ទូល គឺចាប់តាំងពីលោកសាំយូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។ 25 បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រី*ដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរស*ដែរ ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហាំថា “ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក” ។ 26 ព្រះជាម្ចាស់បានឲ្យអ្នកបម្រើរបស់ព្រះអង្គងើបឡើង ហើយចាត់លោកឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies