១ យ៉ូហាន 1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះបន្ទូលនៃជីវិត 1 ព្រះបន្ទូលដែលផ្ដល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់ 2 (ដ្បិតជីវិត នេះបានលេចមកឲ្យយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និងសូមជូនដំណឹងមកបងប្អូន អំពីជីវិតអស់កល្បជានិច្ចដែលបែរទៅរក ព្រះបិតា និងលេចមកឲ្យយើងឃើញ)។ 3 យើងសូមជូនដំណឹងអំពីព្រះបន្ទូលដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីឲ្យបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និងជាមួយព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ។ 4 យើងសរសេរសេចក្ដីទាំងនេះមកជូនបងប្អូន ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។ ព្រះជាម្ចាស់ជាពន្លឺ 5 ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រិស្ត* ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅ: ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។ 6 ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះអង្គ តែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្ដីពិតទេ។ 7 ប៉ុន្តែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជម្រះយើងឲ្យបរិសុទ្ធ* រួចពីគ្រប់អំពើបាបទាំងអស់។ អំពើបាប និងការអត់ទោស 8 ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ 9 ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត* ព្រះអង្គនឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ 10 ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា ព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies