ព្រះអង្គប្រោសអ្នកដែលមានចិត្តគ្រាំគ្រា ឲ្យបានធូរស្បើយ ព្រះអង្គរុំរបួសឲ្យគេ។
អេសាយ 42:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនឹងមិនកាច់ផ្ដាច់ដើមត្រែងណា ដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើង ដែលហៀបនឹងរលត់នោះដែរ លោកនឹងនាំមកនូវការវិនិច្ឆ័យពិតមែន! ព្រះគម្ពីរខ្មែរសាកល គាត់នឹងមិនកាច់ដើមត្រែងដែលទក់ទេ ហើយក៏មិនពន្លត់ប្រឆេះដែលជិតរលត់ដែរ; គាត់នឹងនាំសេចក្ដីយុត្តិធម៌មកដោយសេចក្ដីពិតត្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសម្ដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសំដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត អាល់គីតាប គាត់នឹងមិនកាច់ផ្ដាច់ដើមត្រែងណា ដែលទក់ហើយនោះទេ ហើយគាត់ក៏មិនផ្លុំពន្លត់ភ្លើង ដែលហៀបនឹងរលត់នោះដែរ គាត់នឹងនាំមកនូវការវិនិច្ឆ័យពិតមែន! |
ព្រះអង្គប្រោសអ្នកដែលមានចិត្តគ្រាំគ្រា ឲ្យបានធូរស្បើយ ព្រះអង្គរុំរបួសឲ្យគេ។
ព្រះអង្គនឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំ តាមអំពើដែលគេប្រព្រឹត្ត។ សូមកម្ទេចពួកគេឲ្យវិនាសសូន្យឈឹងទៅ ដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ!
ពេលនោះ ចៅក្រមនឹងកាត់ក្ដី ដោយយុត្តិធម៌ឡើងវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងដើរតាមគន្លងយុត្តិធម៌។
ដ្បិតព្រះអង្គយាងមកហើយ ព្រះអង្គយាងមកវិនិច្ឆ័យទោសផែនដី ព្រះអង្គវិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី ព្រះអង្គគ្រប់គ្រងផែនដីដោយយុត្តិធម៌ ព្រះអង្គគ្រប់គ្រងប្រជាជនទាំងឡាយ ដោយទៀងត្រង់។
ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា ព្រះអង្គនឹងសម្រុះសម្រួលជាតិសាសន៍ជាច្រើន ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មករំលាយធ្វើជាផាលនង្គ័ល ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀម ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា ហើយព្រះអង្គថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះអង្គចុះ!
ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសម្ដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។
- តើអ្នកដែលមកពីក្រុងបូសរ៉ា នៅស្រុកអេដុម ហើយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅ ព្រមទាំងដើរយ៉ាងអង់អាច សម្តែងឫទ្ធិដ៏ខ្លាំងពូកែនេះជានរណា? - គឺយើង ដែលមកកាត់ក្ដី ដោយយុត្តិធម៌ យើងមករករឿងប្រជាជាតិនានា ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់យើង។
យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា កម្មសិទ្ធិរបស់យើងដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងយកចិត្តទុកដាក់ចំពោះ ជនកម្សត់ទុគ៌ត ដែលបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។
ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ ដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្ដីសុខសាន្តរហូតតទៅ។ ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
យើងនឹងស្វែងរកចៀមដែលបាត់ យើងនឹងនាំចៀមវង្វេងឲ្យត្រឡប់មកវិញ យើងនឹងរុំរបួសឲ្យចៀមរបួស ហើយព្យាបាលចៀមឈឺឲ្យជាមានកម្លាំងឡើងវិញ។ រីឯចៀមធាត់ៗ មានកម្លាំងមាំមួន យើងនឹងដកវាចេញ។ យើងនឹងឃ្វាលហ្វូងចៀមរបស់យើងដោយយុត្តិធម៌»។
ខ្ញុំសុខចិត្តស៊ូទ្រាំនឹងព្រះពិរោធរបស់ព្រះអម្ចាស់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអង្គ។ គង់តែមានថ្ងៃណាមួយ ព្រះអង្គនឹងការពារក្ដីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ព្រះអង្គនឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
«អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
លោកនឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹង រលត់នោះដែរ។ លោកធ្វើដូច្នេះ រហូតដល់លោកនាំ សេចក្ដីសុចរិតឲ្យមានជ័យជម្នះ។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។
«ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់ឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់តាមសេចក្ដីដែលព្រះបិតាមានព្រះបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្តខ្ញុំឡើយ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ឲ្យខ្ញុំមកនោះវិញ។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះអង្គដែលគង់នៅលើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ» ព្រះអង្គវិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្តិធម៌។