វិវរណៈ 4:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។ ព្រះគម្ពីរខ្មែរសាកល “ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គស័ក្ដិសមនឹងទទួលសិរីរុងរឿង កិត្តិយស និងព្រះចេស្ដា ដ្បិតព្រះអង្គបាននិម្មិតបង្កើតរបស់សព្វសារពើ។ ដោយសារតែបំណងព្រះហឫទ័យរបស់ព្រះអង្គ របស់សព្វសារពើមាននៅ និងត្រូវបាននិម្មិតបង្កើត”៕ Khmer Christian Bible «ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គស័ក្ដិសមនឹងទទួលសិរីរុងរឿង កិត្ដិយស និងអំណាច ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយអ្វីៗទាំងអស់សុទ្ធតែកើតមក និងស្ថិតស្ថេរដោយសារបំណងរបស់ព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ស័ក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងព្រះចេស្តា ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយរបស់ទាំងនោះសុទ្ធតែបានកើតមក និងស្ថិតស្ថេរនៅ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម នឹងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង។ អាល់គីតាប «ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងអើយ ទ្រង់សមនឹងទទួលសិរីរុងរឿង កិត្ដិនាម និងអំណាច ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារបំណងរបស់ទ្រង់»។ |
ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ ឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងព្រះអម្ចាស់!
បន្ទាប់មក ក្រុមលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ា ពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។ «បពិត្រព្រះអម្ចាស់ យើងខ្ញុំសូមលើកតម្កើង ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ ជាព្រះនាមប្រសើរលើសអ្វីៗទាំងអស់ ដែលពុំអាចរកពាក្យមកថ្លែង ដើម្បីលើកតម្កើង និងសរសើរបាន!
ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន ហើយខ្ញុំនឹងបង្ហាញឲ្យលោកឃើញថា ព្រះដែលបង្កើតខ្ញុំ ទ្រង់សុចរិត
ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងព្រះអម្ចាស់!។
ចូរប្រកាសថាព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាព ព្រះអង្គគ្រងរាជ្យលើអ៊ីស្រាអែល យ៉ាងថ្កុំថ្កើងរុងរឿង អាកាសវេហាស៍សម្តែង អំពីឫទ្ធានុភាពរបស់ព្រះអង្គ។
ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គសម្រាក ហេតុនេះហើយបានជាព្រះអម្ចាស់ប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះ ជាថ្ងៃដ៏វិសុទ្ធ។
អ្វីៗដែលព្រះអម្ចាស់ធ្វើសុទ្ធតែមានគោលដៅ គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបានគ្រោងទុកសម្រាប់ទទួលទណ្ឌកម្ម នៅថ្ងៃព្រះអង្គវិនិច្ឆ័យទោសដែរ។
ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ព ព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារមហិទ្ធិឫទ្ធិ និងព្រះចេស្ដាដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គ ក៏គ្មាននរណាអាចស្ទង់បានដែរ។
ចូរប្រាប់ពួកគេថា ព្រះទាំងឡាយដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។
បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដីដោយមហិទ្ធិឫទ្ធិ និងព្រះបារមីរបស់ព្រះអង្គ។ តើមានការអស្ចារ្យអ្វីដែលព្រះអង្គធ្វើមិនកើត?
«ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ*មកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។
ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ* និងព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ
អ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ!។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។
ព្រះជាម្ចាស់ក៏ប្រណីសន្ដោសឲ្យខ្ញុំបំភ្លឺមនុស្សទាំងអស់ ស្គាល់របៀបព្រះអង្គចាត់ចែងគម្រោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងព្រះជាម្ចាស់ផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។
ព្រះអង្គជាថ្មដា ហើយស្នាព្រះហស្ដរបស់ព្រះអង្គល្អឥតខ្ចោះ។ មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់។ ព្រះអង្គជាព្រះដ៏ស្មោះត្រង់ ព្រះអង្គមិនអយុត្តិធម៌ឡើយ ដ្បិតព្រះអង្គសុចរិត និងយុត្តិធម៌។
ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដី តាំងពីដើមដំបូងមកម៉្លេះ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ ព្រះអង្គដែរ។
គ្រានេះជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងតាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឲ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។
ព្រះអង្គបានធ្វើឲ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ*បម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
ហើយស្បថក្នុងព្រះនាមព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ទេវតានោះបានពោលយ៉ាងឱឡារិកថា «គ្មានពន្យារពេលទៀតឡើយ
ទេវតាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ចូរនាំគ្នាគោរពកោតខ្លាចព្រះជាម្ចាស់ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតដល់ពេលព្រះអង្គវិនិច្ឆ័យទោសហើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ ព្រមទាំងប្រភពទឹកទាំងឡាយ!»។
បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖ «ហាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព
នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា: «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គសមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង»។
បន្ទាប់មកទៀត ខ្ញុំឃើញទេវតាដ៏ខ្លាំងពូកែមួយរូបប្រកាសយ៉ាងខ្លាំងថា៖ «តើនរណាមានឋានៈសមនឹងបកត្រាចេញ ហើយបើកក្រាំងនេះបាន?»។
គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា: “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។