វិវរណៈ 4 - អាល់គីតាបពិធីថ្វាយបង្គំអុលឡោះ នៅជុំវិញបល្ល័ង្ករបស់ទ្រង់នៅសូរ៉កា 1 បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅសូរ៉កា ហើយសំឡេងដែលខ្ញុំបានឮកាលពីមុនដូចស្នូរត្រែ បន្លឺមកកាន់ខ្ញុំថាៈ «សូមឡើងមកនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ ដែលត្រូវកើតមាន នៅពេលខាងមុខ»។ 2 រំពេចនោះ រសអុលឡោះបានធ្វើឲ្យខ្ញុំលង់ស្មារតី។ ខ្ញុំឃើញបល្ល័ង្កមួយនៅសូរ៉កា ហើយអុលឡោះនៅលើបល្ល័ង្កនោះ។ 3 ទ្រង់នៅលើបល្ល័ង្ក មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម ហើយមានឆព្វណ្ណរង្សី ភ្លឺដូចកែវមរកត ព័ទ្ធជុំវិញបល្ល័ង្កនោះដែរ។ 4 នៅជុំវិញបល្ល័ង្កមានបល្ល័ង្កម្ភៃបួនទៀត ហើយមានអះលីជំអះម្ភៃបួននាក់ អង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និងពាក់មកុដមាសផង។ 5 មានផ្លេកបន្ទោរ មានសំឡេង ព្រមទាំងផ្គរលាន់ចេញពីបល្ល័ង្កនោះមក។ នៅមុខបល្ល័ង្ក មានចង្កៀងប្រាំពីរកំពុងឆេះយ៉ាងភ្លឺ ចង្កៀងទាំងនោះ គឺជារសទាំងប្រាំពីររបស់អុលឡោះ។ 6 នៅមុខបល្ល័ង្ក មានដូចជាសមុទ្រ ភ្លឺថ្លាដូចកែវចរណៃ។ នៅចំកណ្ដាល និងនៅជុំវិញបល្ល័ង្ក មានសត្វមានជីវិតបួនក្បាលដែលមានភ្នែកពេញខ្លួន ទាំងមុខទាំងក្រោយ។ 7 សត្វមានជីវិតទីមួយមានរូបរាងស្រដៀងនឹងសឹង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស សត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងតែហើរ។ 8 សត្វមានជីវិតទាំងបួននោះ មានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួន ទាំងខាងក្រៅ ទាំងខាងក្នុងរៀងៗខ្លួន។ គេចេះតែនាំគ្នាស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ថាៈ «អុលឡោះដ៏វិសុទ្ធ អុលឡោះដ៏វិសុទ្ធ អុលឡោះដ៏វិសុទ្ធ អុលឡោះតាអាឡាជាម្ចាស់ ទ្រង់មានអំណាចលើអ្វីៗទាំងអស់ ទ្រង់នៅតាំងពីដើមរៀងមក ទ្រង់នៅសព្វថ្ងៃ ហើយកំពុងតែមក!»។ 9 ពេលណាសត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង កិត្ដិនាម និងអរគុណទ្រង់ដែលនៅលើបល្ល័ង្ក គឺទ្រង់ដែលមានជីវិតនៅអស់កល្បជាអង្វែងតរៀងទៅ។ 10 អះលីជំអះទាំងម្ភៃបួននាក់ នាំគ្នាក្រាបចុះនៅមុខទ្រង់ ដែលនៅលើបល្ល័ង្ក ហើយថ្វាយបង្គំទ្រង់ ដែលមានជីវិតនៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្ក ហើយពោលថាៈ 11 «ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងអើយ ទ្រង់សមនឹងទទួលសិរីរុងរឿង កិត្ដិនាម និងអំណាច ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារបំណងរបស់ទ្រង់»។ |
© 2014 United Bible Societies, UK.
United Bible Societies