នេហេមា 9:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែព្រះអង្គទេដែលជាព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ ព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុត និងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃ ព្រះអង្គក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ ព្រះអង្គប្រទានជីវិតដល់អ្វីៗសព្វសារពើ ហ្វូងតារាទាំងអស់នៅលើមេឃ នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអែសរ៉ាទូលថា៖ «ព្រះអង្គតែមួយដែលជាព្រះឯកអង្គ ព្រះអង្គបានបង្កើតផ្ទៃមេឃ គឺអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅជាន់ទាំងនោះ ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ហើយសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្រ ព្រះអង្គប្រទានជីវិតឲ្យរបស់ទាំងអស់នោះ ហើយពួកពលបរិវារនៅលើមេឃ ថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់តែ១ដែលជាព្រះឯកអង្គ ទ្រង់បានបង្កើតផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅលើនោះ នឹងផែនដី ហើយសមុទ្រ នឹងរបស់សព្វសារពើដែលនៅស្ថានទាំងនោះផង ទ្រង់ក៏ទប់ទល់ជីវិតនៃរបស់ទាំងនោះ ហើយពួកពលនៅលើមេឃ ក៏ថ្វាយបង្គំដល់ទ្រង់ អាល់គីតាប មានតែអុលឡោះតាអាឡាទេដែលជាម្ចាស់ ទ្រង់បានបង្កើតផ្ទៃមេឃ ព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុត និងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃ ទ្រង់ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ ទ្រង់ប្រទានជីវិតដល់អ្វីៗសព្វសារពើ ហ្វូងតារាទាំងអស់នៅលើមេឃ នាំគ្នាក្រាបថ្វាយបង្គំទ្រង់ |
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។
ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗទាំងអស់នៅលើមេឃ និងផែនដី ចប់សព្វគ្រប់ហើយ។
ពេលឃើញទេវតាទាំងនោះ លោកយ៉ាកុបក៏ពោលឡើងថា៖ «ទីនេះ ពិតជាព្រះពន្លារបស់ព្រះជាម្ចាស់!»។ លោកដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម» ។
លោកមីកាយ៉ាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំបានឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្ដាំផង។
តើព្រះជាម្ចាស់ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេងក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។
ព្រះបាទហេសេគាទូលអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន*អើយ! មានតែព្រះអង្គមួយគត់ ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុត ពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់!»។
បន្ទាប់មក ក្រុមលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ា ពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។ «បពិត្រព្រះអម្ចាស់ យើងខ្ញុំសូមលើកតម្កើង ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ ជាព្រះនាមប្រសើរលើសអ្វីៗទាំងអស់ ដែលពុំអាចរកពាក្យមកថ្លែង ដើម្បីលើកតម្កើង និងសរសើរបាន!
ព្រះអង្គបានបង្កើតផែនដី តាំងពីយូរលង់ណាស់មកហើយ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដ របស់ព្រះអង្គដែរ។
អស់លោកដែលជាកងពលរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែបម្រើព្រះអង្គ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គជានិច្ច!
ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។
ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យា របស់ព្រះអង្គជានិច្ច។
តើព្រះមហាក្សត្រប្រកបដោយ សិរីរុងរឿងនេះជានរណា? -ព្រះអម្ចាស់នៃពិភពទាំងមូល* គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿង!។ - សម្រាក
ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះអម្ចាស់ ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង ដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ។
ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ ឱព្រះអម្ចាស់អើយ ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។
ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម ព្រះអង្គធ្វើការអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
«ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន មានតែព្រះអង្គមួយគត់ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ឥឡូវនេះ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែព្រះអង្គមួយប៉ុណ្ណោះដែលជាព្រះអម្ចាស់!»។
ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាព្រះជាម្ចាស់។ នៅមុនយើងគ្មានព្រះណាទេ នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។
ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់ ជនជាតិអ៊ីស្រាអែល គឺព្រះអម្ចាស់នៃពិភពទាំងមូល ដែលបានលោះជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា យើងនៅមុនគេ ហើយនៅក្រោយគេបំផុត ក្រៅពីយើង គ្មានព្រះណាទៀតឡើយ។
កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ តាំងពីដើមរៀងមក យើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ច អ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយ ក្រៅពីយើង តើមានព្រះណាទៀតទេ? ទេ! គ្មានថ្មដាណាទៀតឡើយ យើងមិនដែលបានស្គាល់ទាល់តែសោះ។
យើងនេះហើយដែលបានបង្កើតផែនដី ព្រមទាំងបានបង្កើតមនុស្សឲ្យរស់ នៅលើផែនដីនេះផង យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយដៃរបស់យើងផ្ទាល់ ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាន នៅលើមេឃដែរ”។
បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដីដោយមហិទ្ធិឫទ្ធិ និងព្រះបារមីរបស់ព្រះអង្គ។ តើមានការអស្ចារ្យអ្វីដែលព្រះអង្គធ្វើមិនកើត?
យើងបានប្រគល់ច្បាប់ឲ្យពួកគេ និងនាំពួកគេឲ្យស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។
លោកយ៉ូណាសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំព្រះអម្ចាស់ ជាព្រះដែលគង់នៅស្ថានបរមសុខ* ព្រះអង្គបានបង្កើតសមុទ្រ និងដីគោក»។
កាលពួកគេឮដូច្នោះ គេរួមចិត្តគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីនោះ
ផ្ទៃមេឃ អាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតឡើយ។ យើងផ្ដល់ជីវិត និងដកជីវិត យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ គ្មាននរណាអាចរំដោះពីដៃយើងទេ។
អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ ជាព្រះរបស់យើង មួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។
ព្រះបុត្រានេះជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឲ្យបរិសុទ្ធ*ផុតពីបាប*រួចហើយ ព្រះអង្គក៏គង់នៅខាងស្ដាំព្រះដ៏ឧត្តុង្គឧត្ដមនាស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់បុត្រច្បងឲ្យមកផែនដីនេះ ទ្រង់មានព្រះបន្ទូលថា៖ «ទេវតា*ទាំងអស់របស់ព្រះជាម្ចាស់ ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា» ។
ទេវតាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ចូរនាំគ្នាគោរពកោតខ្លាចព្រះជាម្ចាស់ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតដល់ពេលព្រះអង្គវិនិច្ឆ័យទោសហើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ ព្រមទាំងប្រភពទឹកទាំងឡាយ!»។
«បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។