Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 102 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ!
ពាក្យ​អធិស្ឋាន​របស់​ជន​ទុគ៌ត នៅ​ពេល​អស់​សង្ឃឹម គេ​ចូល​មក​ទូល‌អង្វរ​ ព្រះ‌អម្ចាស់ ។

1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌សណ្ដាប់​ពាក្យ ទូល‌អង្វរ​របស់​ទូលបង្គំ សូម​មេត្តា​ទទួល​ពាក្យ​ដែល​ទូលបង្គំ ស្រែក​អង្វរ​នេះ​ផង!

2 នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ! នៅ​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ​ផង! សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់!

3 ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ត្រូវ​រសាត់​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ខ្លួន​ប្រាណ​ទូលបង្គំ​ក្ដៅ​ដូច​រងើក​ភ្លើង។

4 ទូលបង្គំ​អស់​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ស្មៅ​ក្រៀម​ស្ងួត សូម្បី​តែ​អាហារ​ក៏​ទូលបង្គំ​លែង​នឹក‌នា​ទៀត​ដែរ។

5 ទូលបង្គំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជានិច្ច ទូលបង្គំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង

6 ទូលបង្គំ​ប្រៀប​ដូច​ជា​សត្វ​ក្អែក នៅ​វាល​រហោ‌ស្ថាន ឬ​ដូច​សត្វ​ទីទុយ​នៅ​ទី​ស្មសាន។

7 ទូលបង្គំ​នៅ​ទន្ទឹង​រង់‌ចាំ​ប្រៀប​ដូច​ជា សត្វ​ស្លាប​ឯកោ​ទំ​នៅ​លើ​ដំបូល​ផ្ទះ។

8 រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ នាំ​គ្នា​ប្រមាថ​មាក់​ងាយ​ទូលបង្គំ ពួក​គេ​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ ហើយ​យក​ឈ្មោះ​ទូលបង្គំ​ទៅ​ដាក់​បណ្ដាសា​គ្នា។

9 ទូលបង្គំ​បរិភោគ​ទាំង​ទុក្ខ​សោក ទូលបង្គំ​បរិភោគ​លាយ​ជា​មួយ​ទឹក​ភ្នែក

10 ព្រោះ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ នឹង​ទូលបង្គំ​យ៉ាង​ខ្លាំង ព្រះអង្គ​លើក​ទូលបង្គំ​បោះ​ទៅ​ឆ្ងាយ។

11 អាយុ​ជីវិត​ទូលបង្គំ​ប្រៀប​ដូច​ជា​ស្រមោល នៅ​ពេល​ល្ងាច និង​ដូច​ស្មៅ​ដែល​ក្រៀម​ស្ងួត​ដែរ។

12 រីឯ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជានិច្ច គេ​នឹង​រំឭក​ពី​ព្រះអង្គ​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ។

13 ដោយ​ព្រះអង្គ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​មុខ​ជា​ក្រោក​ឡើង ព្រោះ​ដល់​ពេល​កំណត់​ដែល​ព្រះអង្គ ត្រូវ​ប្រណី‌សន្ដោស​ក្រុង​នេះ​ហើយ។

14 យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ យើង​ខ្ញុំ​ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ​ណាស់ សូម្បី​តែ​សំណល់​បាក់​បែក​របស់​ក្រុង​នេះ ក៏​យើង​ខ្ញុំ​ជាប់​ចិត្ត​ដែរ។

15 សូម​ឲ្យ​ប្រជា‌ជាតិ​នានា​កោត​ខ្លាច ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ហើយ​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី កោត​ខ្លាច​សិរី‌រុងរឿង​របស់​ព្រះអង្គ!

16 ពេល​ព្រះ‌អម្ចាស់​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ ព្រះអង្គ​នឹង​សម្តែង​សិរី‌រុងរឿង​ឲ្យ​គេ​ឃើញ។

17 ព្រះអង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​មនុស្ស​ទុគ៌ត ព្រះអង្គ​លែង​ព្រងើយ​កន្តើយ នឹង​ពាក្យ​ទូល‌អង្វរ​របស់​គេ​ទៀត​ហើយ។

18 ចូរ​សរសេរ​សេចក្ដី​ទាំង​នេះ​ទុក ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​បាន​ដឹង ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​ដែល​នឹង​កកើត​ឡើង​វិញ នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

19 ដ្បិត​ព្រះអង្គ​ទត​មើល​ពី​ទីសក្ការៈ​របស់​ព្រះអង្គ​មក ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម‌សុខ​មើល​មក​ផែនដី

20 ដើម្បី​ស្ដាប់​សម្រែក​ថ្ងូរ​របស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង និង​ដើម្បី​រំដោះ​អស់​អ្នក ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត។

21 ពេល​នោះ គេ​នឹង​ប្រកាស​អំពី​ព្រះ‌កិត្តិនាម របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​ស៊ីយ៉ូន គេ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្រុង​យេរូ‌សាឡឹម

22 គឺ​នៅ​ពេល​ដែល​ប្រជា‌ជាតិ​នានា​មក​ជួប‌ជុំ​គ្នា ហើយ​ប្រជា‌ជន​ពី​នគរ​ទាំង‌ឡាយ នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់។

23 ពេល​ខ្ញុំ​នៅ​ពេញ​កម្លាំង​នៅ​ឡើយ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទន់​ជង្គង់ ព្រះអង្គ​បង្រួញ​អាយុ​ជីវិត​របស់​ខ្ញុំ។

24 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ព្រះអង្គ​ថា «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ សូម​កុំ​ដក​ជីវិត​ទូលបង្គំ​ក្នុង​ពេល​ដែល ទូលបង្គំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។

25 ព្រះអង្គ​បាន​បង្កើត​ផែនដី តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ​ដែរ។

26 ផ្ទៃ​មេឃ និង​ផែនដី នឹង​វិនាស​សូន្យ​ទៅ រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ផ្ទៃ​មេឃ និង​ផែនដី នឹង​រិច‌រឹល​ទៅ ដូច​សម្លៀក‌បំពាក់ ព្រះអង្គ​នឹង​ផ្លាស់​វា​ដូច​ផ្លាស់​សម្លៀក‌បំពាក់ ហើយ​វា​នឹង​បាត់​សូន្យ​ទៅ។

27 ចំពោះ​ព្រះអង្គ​វិញ ព្រះអង្គ​នៅ​តែ​ដដែល ព្រះ‌ជន្មាយុ​របស់​ព្រះអង្គ​គ្មាន​ទី​បញ្ចប់​ទេ។

28 កូន​ចៅ​យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ហើយ​ព្រះអង្គ​នឹង​ថែ‌រក្សា​កូន​ចៅ​របស់​គេ រហូត​ត​ទៅ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម