ទំនុកតម្កើង 124 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើង បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងទេនោះ - សូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា: - 2 ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងទេនោះ ពេលណាខ្មាំងសត្រូវក្រោកឡើងវាយប្រហារយើង 3 ហើយពេលណាពួកគេមានកំហឹង ជាខ្លាំងមកលើយើង ពួកគេមុខជាត្របាក់លេបយើងទាំងរស់មិនខាន 4 យើងនឹងលិចលង់ក្នុងទឹកសមុទ្រ ទឹកនឹងហូរនាំយើងទៅបាត់ 5 ហើយក៏នឹងមានទឹកកួចយ៉ាងខ្លាំងពន្លិចយើងដែរ។ 6 ក៏ប៉ុន្តែ សូមអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះអង្គពុំបានប្រគល់យើង ទៅក្នុងកណ្ដាប់ដៃគេ ដូចជារំពាដែលស្ថិតនៅក្នុងចង្កូម របស់ពួកគេនោះឡើយ។ 7 យើងបានរួចជីវិត ដូចបក្សាបក្សី គេចផុតពីលប់របស់ព្រាន គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។ 8 ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies