Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 115 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា

1 ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​សម​នឹង​ទទួល ការ​លើក​តម្កើង​ទេ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ត្រូវ ទទួល​ការ​លើក​តម្កើង​ប្រកប​ដោយ​សិរី‌រុងរឿង ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ដ៏​ស្មោះ‌ស្ម័គ្រ!។

2 ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​នានា​នាំ​គ្នា​ពោល​ថា: «ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា?»។

3 ព្រះ​របស់​យើង​ខ្ញុំ​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​ធ្វើ​អ្វីៗ​ក៏​បាន តាម​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។

4 រីឯ​ព្រះ​របស់​អ្នក​ទាំង​នោះ​វិញ សុទ្ធ​តែ​ជា​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់ ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។

5 ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ

6 មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ មាន​ច្រមុះ តែ​មិន​ចេះ​ដឹង​ក្លិន

7 មាន​ដៃ តែ​មិន​ចេះ​ប៉ះ‌ពាល់ មាន​ជើង តែ​មិន​ចេះ​ដើរ ហើយ​មាន​បំពង់​ក តែ​មិន​អាច​បញ្ចេញ​សំឡេង​អ្វី​បាន​ឡើយ។

8 សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។

9 ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ព្រះអង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

10 ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ព្រះអង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

11 អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់​អើយ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ព្រះអង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

12 ព្រះ‌អម្ចាស់​មិន​ភ្លេច​យើង​ទេ ព្រះអង្គ​នឹង​ប្រទាន​ពរ​ឲ្យ​យើង ព្រះអង្គ​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ លោក​អ៊ីស្រា‌អែល ព្រះអង្គ​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ​លោក​អើរ៉ុន

13 ព្រះអង្គ​នឹង​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ទាំង​តូច ទាំង​ធំ ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ។

14 ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា បាន​ចម្រើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។

15 សូម​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី!

16 ផ្ទៃ​មេឃ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ តែ​ព្រះអង្គ​ប្រទាន​ផែនដី​មក ឲ្យ​មនុស្ស​លោក។

17 មនុស្ស​ស្លាប់​ទៅ​ហើយ ពុំ​អាច​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​បាន​ឡើយ ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​សរសើរ​ព្រះអង្គ​បាន​ដែរ។

18 រីឯ​យើង​វិញ យើង​លើក​តម្កើង​ព្រះ‌អម្ចាស់ ចាប់​ពី​ពេល​នេះ រហូត​ត​ទៅ! ហាលេ‌លូយ៉ា!

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម