ទំនុកតម្កើង 24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះមហាក្សត្រដ៏ឧត្ដម ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ! 2 គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដី ពីលើសមុទ្រ ហើយធ្វើឲ្យវាស្ថិតនៅយ៉ាងរឹងប៉ឹង ពីលើទន្លេនានា។ 3 តើនរណាអាចឡើងទៅលើភ្នំ របស់ព្រះអម្ចាស់បាន? តើនរណាអាចឈរនៅក្នុងព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គបាន? 4 មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន គឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយបង្គំ ព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។ 5 ព្រះអម្ចាស់នឹងប្រទានពរដល់គេ ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឲ្យបានសុចរិតដែរ។ 6 គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។ - សម្រាក 7 ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហឲ្យធំ ដើម្បីឲ្យព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿងយាងចូលមក! 8 តើព្រះមហាក្សត្រប្រកបដោយ សិរីរុងរឿងនេះជានរណា? -ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។ 9 ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហឲ្យធំ ដើម្បីឲ្យព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿងយាងចូលមក! 10 តើព្រះមហាក្សត្រប្រកបដោយ សិរីរុងរឿងនេះជានរណា? -ព្រះអម្ចាស់នៃពិភពទាំងមូល* គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿង!។ - សម្រាក |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies