ក៏ប៉ុន្តែ ពួកគេពុំបានស្មោះត្រង់នឹងព្រះនៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបម្រើព្រះរបស់ជាតិសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះ គឺជាតិសាសន៍ដែលព្រះជាម្ចាស់បានបំផ្លាញចេញពីមុខពួកគេ។
និក្ខមនំ 34:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំចងសម្ពន្ធមិត្តជាមួយប្រជាជននៅស្រុកនោះ ក្រែងលោពេលណាគេធ្វើយញ្ញបូជាដល់ព្រះរបស់គេ គេនឹងអញ្ជើញអ្នកឲ្យចូលរួមបរិភោគ ជាហេតុនាំឲ្យអ្នកក្បត់ចិត្តយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវតាំងសញ្ញាជាមួយពួកអ្នកស្រុកនោះឡើយ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះរបស់គេ នោះគេនឹងអញ្ជើញអ្នកទៅបរិភោគយញ្ញបូជារបស់គេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រែងលោឯងតាំងសេចក្ដីសញ្ញានឹងពួកអ្នកស្រុកនោះ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះនៃគេ នោះក៏ហៅឯងទៅបរិភោគយញ្ញបូជាដែរ អាល់គីតាប កុំចងសម្ពន្ធមិត្តជាមួយប្រជាជននៅស្រុកនោះ ក្រែងលោពេលណាគេធ្វើបុណ្យដល់ព្រះរបស់គេ គេនឹងអញ្ជើញអ្នកឲ្យចូលរួមបរិភោគ ជាហេតុនាំឲ្យអ្នកក្បត់ចិត្តយើង។ |
ក៏ប៉ុន្តែ ពួកគេពុំបានស្មោះត្រង់នឹងព្រះនៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបម្រើព្រះរបស់ជាតិសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះ គឺជាតិសាសន៍ដែលព្រះជាម្ចាស់បានបំផ្លាញចេញពីមុខពួកគេ។
សុំអស់លោកផ្គត់ផ្គង់អ្វីៗដែលក្រុមបូជាចារ្យ នៅក្រុងយេរូសាឡឹមត្រូវការជារៀងរាល់ថ្ងៃ គឺគោបា ចៀមឈ្មោល និងកូនចៀម សម្រាប់ជាតង្វាយដុតទាំងមូល ថ្វាយចំពោះព្រះជាម្ចាស់នៃស្ថានបរមសុខ ព្រមទាំងស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមសំណូមពររបស់ក្រុមបូជាចារ្យ កុំបីអាក់ខានឡើយ។
ដូច្នេះ មិនត្រូវលើកកូនស្រីរបស់អ្នករាល់គ្នាឲ្យរៀបការជាមួយកូនប្រុសរបស់សាសន៍ដទៃ ហើយក៏មិនត្រូវឲ្យកូនប្រុសរបស់អ្នករាល់គ្នា រៀបការជាមួយកូនស្រីរបស់ពួកគេដែរ។ ទោះបីពួកគេបានសុខ និងចម្រុងចម្រើនក្ដី កុំរវីរវល់នឹងពួកគេឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានកម្លាំងខ្លាំងក្លា ហើយបរិភោគភោគផលដ៏ល្អៗនៅក្នុងស្រុក ព្រមទាំងទុកទឹកដីនេះជាកេរមត៌ក ឲ្យកូនចៅរបស់អ្នករហូតតរៀងទៅ”។
នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅ ថ្វាយបង្គំព្រះបាល ព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែន ទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។
អស់អ្នកដែលងាកចេញឆ្ងាយ ពីព្រះអង្គនឹងត្រូវអន្តរាយ ហើយព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលក្បត់ព្រះអង្គត្រូវវិនាសសូន្យទៅ។
ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់រូបកូនគោនោះ ទាំងពោលថា “អ៊ីស្រាអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”»។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា។ យើងនឹងសម្តែងការអស្ចារ្យ ឲ្យប្រជាជនអ៊ីស្រាអែលឃើញ ជាការអស្ចារ្យដែលមិនធ្លាប់មានកាលពីមុនមក នៅលើផែនដី និងនៅក្នុងចំណោមប្រជាជាតិនានា។ ប្រជាជននៅជាមួយអ្នកនឹងឃើញស្នាព្រះហស្ដដ៏គួរឲ្យកោតស្ញប់ស្ញែង ដែលព្រះអម្ចាស់បានធ្វើតាមរយៈអ្នក។
ចូរប្រយ័ត្ន មិនត្រូវចងសម្ពន្ធមិត្តជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ក្នុងចំណោមអ្នក។
ដោយសារអ៊ីស្រាអែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គឺផិតក្បត់ជាមួយព្រះដែលធ្វើពីថ្ម និងពីឈើ ស្រុករបស់គេបានក្លាយទៅជាសៅហ្មង។
ប្រជារាស្ត្ររបស់យើងទៅរកព្រះធ្វើពីឈើ ឲ្យទស្សន៍ទាយ ដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង! គំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេង ពួកគេប្រព្រឹត្តអំពើពេស្យាចារ ដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។
អ៊ីស្រាអែលអើយ កុំត្រេកអរ និងសប្បាយរីករាយ ដូចជាតិសាសន៍ឯទៀតៗឡើយ ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន អ្នកចូលចិត្តទទួលកម្រៃមិនបរិសុទ្ធ ដោយធ្វើពិធីសែនព្រេននៅតាម លានបោកស្រូវ។
ធ្វើដូច្នេះ ពួកគេនឹងលែងក្បត់យើង ដោយថ្វាយយញ្ញបូជាទៅព្រះក្លែងក្លាយ ដែលមានរូបរាងដូចពពែឈ្មោលទៀតហើយ។ នេះជាច្បាប់ដែលពួកគេ និងពូជពង្សរបស់ពួកគេ ត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។
អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដូច្នេះ ពេលណាអ្នករាល់គ្នាមើលរំយោល នោះអ្នករាល់គ្នានឹកឃើញក្រឹត្យវិន័យទាំងប៉ុន្មានរបស់ព្រះអម្ចាស់ដែលត្រូវប្រតិបត្តិតាម ហើយអ្នករាល់គ្នានឹងមិនធ្វើតាមចិត្តប៉ងប្រាថ្នា និងតណ្ហារបស់ខ្លួន ដែលបណ្ដាលឲ្យក្បត់ព្រះជាម្ចាស់ ទៅគោរពព្រះក្លែងក្លាយឡើយ។
ជនជាតិអ៊ីស្រាអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះ ប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។
ស្ត្រីទាំងនោះបបួលប្រជាជនឲ្យទៅចូលរួមក្នុងពិធីថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាជប់លៀង ហើយថ្វាយបង្គំព្រះទាំងនោះ។
ប៉ុន្តែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នាដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់-ក និងកុំឲ្យបរិភោគឈាម
ប្រសិនបើមានអ្នកមិនជឿអញ្ជើញបងប្អូនទៅពិសាបាយ ហើយបងប្អូនយល់ព្រមទៅ សូមពិសាម្ហូបអាហារទាំងប៉ុន្មានដែលគេលើកមកជូនបងប្អូន មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការនោះឡើយ!។
បងប្អូនជាអ្នកចេះដឹងអើយ ប្រសិនបើនរណាម្នាក់ដែលមានមនសិការទន់ខ្សោយ ឃើញបងប្អូនអង្គុយបរិភោគក្នុងវិហាររបស់ព្រះក្លែងក្លាយ នោះគេមុខជាយល់ឃើញថា ខ្លួនអាចបរិភោគសាច់ដែលបានសែនព្រះក្លែងក្លាយជាមិនខាន។
ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ យើងដឹងហើយថា ក្នុងលោកនេះ ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មានព្រះឯណាទៀតសោះឡើយ។
ប៉ុន្តែ មិនមែនគ្រប់គ្នាទេដែលដឹងសេចក្ដីនេះ។ អ្នកខ្លះនៅតែជំពាក់ចិត្តនឹងព្រះក្លែងក្លាយនៅឡើយ គេបរិភោគសាច់ទាំងនោះទុកដូចជាសំណែន ហើយដោយគេរិះគិតមិនបានដិតដល់ ក៏នឹកស្មានថា ខ្លួនត្រូវសៅហ្មង។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បន្តិចទៀត អ្នកនឹងត្រូវស្លាប់។ ពេលនោះ ប្រជាជននឹងនាំគ្នាក្បត់យើង ហើយគោរពព្រះដទៃ ក្នុងស្រុកដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើង ដោយផ្ដាច់សម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ។
នៅថ្ងៃនោះ យើងលែងរវីរវល់នឹងពួកគេទាំងស្រុង ព្រោះពួកគេប្រព្រឹត្តអំពើអាក្រក់ ដោយបែរទៅគោរពព្រះឯទៀតៗ។
ព្រះអង្គនឹងសួរពួកគេថា “តើព្រះរបស់អ្នករាល់គ្នា គឺព្រះដែលអ្នករាល់គ្នាទុកជាថ្មដា ដើម្បីពឹងផ្អែកនោះនៅឯណា?
អ្នករាល់គ្នាធ្វើយញ្ញបូជា និងពិធីច្រួចស្រាសែនព្រះទាំងនោះ បើព្រះទាំងនោះចេះសេពសោយមែន ឲ្យពួកគេក្រោកឡើង ជួយសង្គ្រោះ និងការពារអ្នករាល់គ្នាទៅ!
ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជម្នះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។
កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នកឲ្យកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្ដឹងកូនស្រីរបស់ពួកគេឲ្យកូនប្រុសរបស់អ្នកដែរ។
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះអង្គ ទៅជំពាក់ចិត្តនឹងប្រជាជាតិនានា ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នារៀបការជាមួយពួកគេ ព្រមទាំងពាក់ព័ន្ធជាមួយពួកគេ
ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយឲ្យនាងយេសិបិល ជាស្រីដែលតាំងខ្លួនជាព្យាការិនី* បង្រៀន និងបញ្ឆោតពួកអ្នកបម្រើរបស់យើងឲ្យវង្វេង ឲ្យប្រាសចាកសីលធម៌ និងបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។
ប៉ុន្តែ ពួកគេមិនស្ដាប់បង្គាប់អស់លោកចៅហ្វាយ ជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់ព្រះជាម្ចាស់ទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ដូចពួកបុព្វបុរសទេ។
គេយកកូនស្រីរបស់សាសន៍ទាំងនោះមកធ្វើជាប្រពន្ធ ហើយក៏លើកកូនស្រីរបស់ខ្លួនឲ្យរៀបការជាមួយកូនប្រុសរបស់សាសន៍ទាំងនោះ ព្រមទាំងនាំគ្នាគោរពថ្វាយបង្គំព្រះនៃសាសន៍ទាំងនោះថែមទៀតផង។