Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហូសេ 9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ប្រជា‌ជន​របស់​ព្រះ‌ជាម្ចាស់​នឹង​បាត់​បង់​អ្វីៗ​ទាំង​អស់

1 អ៊ីស្រា‌អែល​អើយ កុំ​ត្រេក‌អរ និង​សប្បាយ​រីក‌រាយ ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន អ្នក​ចូល​ចិត្ត​ទទួល​កម្រៃ​មិន​បរិសុទ្ធ ដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាម លាន​បោក​ស្រូវ។

2 ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រស‌ជាតិ​ស្រូវ ដែល​គេ​បោក​បែន ឬ​ប្រេង​ដែល​គេ​គាប ហើយ​ស្រា​ទំពាំង‌បាយជូរ​ថ្មី ក៏​គ្មាន​ទៀត​ដែរ។

3 ពួក​គេ​នឹង​លែង​រស់​នៅ​លើ​ទឹក​ដី​របស់​ព្រះ‌អម្ចាស់ អេប្រាអ៊ីម​នឹង​វិល​ទៅ​ស្រុក​អេស៊ីប​វិញ ហើយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ នៅ​ស្រុក​អាស្ស៊ីរី។

4 ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់ យញ្ញ‌បូជា​របស់​ពួក​គេ​មិន​គាប់​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ​ឡើយ។ សាច់​នៃ​យញ្ញ‌បូជា​ដែល​ពួក​គេ​បរិភោគ ប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ អស់​អ្នក​ដែល​បរិភោគ​អាហារ​នោះ នឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។ អាហារ​របស់​គេ​បាន​ត្រឹម​តែ ចម្អែត​ក្រពះ​ប៉ុណ្ណោះ គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ ព្រះ‌អម្ចាស់​បាន​ឡើយ។

5 តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យ សំខាន់ៗ និង​ថ្ងៃ​បុណ្យ​របស់​ព្រះ‌អម្ចាស់?

6 មើល​ចុះ! ពួក​គេ​ចាក​ចេញ​ទៅ ព្រោះ​តែ​ទឹក​ដី​របស់​ពួក​គេ​ត្រូវ​អន្តរាយ។ ស្រុក​អេស៊ីប​ទទួល​ពួក​គេ ពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូប ចោល​ទ្រព្យ‌សម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែ ហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំ‌នៅ​របស់​ពួក​គេ។

7 អ៊ីស្រា‌អែល​ត្រូវ​តែ​ដឹង​ថា គ្រា​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស មក​ដល់​ហើយ គឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិ ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី ព្រោះ​តែ​កំហុស​ដ៏​ធ្ងន់ និង​អំពើ​ឃោរ‌ឃៅ​ដ៏​ច្រើន​របស់​អ្នក។

8 អ្នក​យាម‌ល្បាត​ឲ្យ​អេប្រាអ៊ីម គឺ​ព្យាការី ស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ។ គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិស‌ទី ហើយ​គេ​ប្រឆាំង​នឹង​គាត់ នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គាត់។

9 ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយ កាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបៀរ​ដែរ ព្រះ‌អម្ចាស់​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ ហើយ​ព្រះអង្គ​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

10 «ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែល ដូច​ជា​ផ្លែ​ទំពាំង‌បាយជូរ​នៅ​វាល​រហោ‌ស្ថាន យើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នា ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។ ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គម្រក់ ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើម ដូច​ព្រះ​ក្លែង‌ក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

11 កិត្តិយស​របស់​អេប្រាអ៊ីម​នឹង​ចាក​ចេញ​ពី​គេ ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ គឺ​គ្មាន​ទារក​កើត​ទៀត​ទេ ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ ឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។

12 ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗ យើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេ មុន​ពេល​វា​ធំ​ពេញ​វ័យ។ កាល​ណា​យើង​ចាក​ចេញ​ពី​ពួក​គេ ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន!

13 យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹង ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល តែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន ទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។

14 ព្រះ‌អម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា? គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្ត្រីៗ​របស់​ពួក​គេ មិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។

15 «អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ លេច​ចេញ​មក​យ៉ាង​ច្បាស់​នៅ​គីល‌កាល់ គឺ​នៅ​ទី​នោះ​ហើយ​ដែល​យើង​ចាប់​ផ្ដើម ស្អប់​ខ្ពើម​ពួក​គេ។ ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ យើង​នឹង​ដេញ​ពួក​គេ​ចេញ​ពី ដំណាក់​របស់​យើង។ យើង​លែង​ស្រឡាញ់​ពួក​គេ​ទៀត​ហើយ មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ សុទ្ធ​តែ​ជា​ជន​បះ‌បោរ។

16 អេប្រាអ៊ីម​ត្រូវ​បណ្ដាសា​ហើយ ឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់ ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។ ប្រសិន​បើ​ពួក​គេ​បង្កើត​កូន នោះ​យើង​នឹង​ធ្វើ​ឲ្យ​កូន​ដ៏​ជា​ទី​ស្រឡាញ់ របស់​ពួក​គេ​បាត់​បង់​ជីវិត»។

17 ព្រះ​របស់​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេ ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ព្រះអង្គ​ទេ។ ដូច្នេះ ពួក​គេ​នឹង​ខ្ចាត់​ព្រាត់​ទៅ​នៅ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម