ចោទិយកថា 7:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជម្នះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានប្រគល់សាសន៍ទាំងនោះមកឯង ហើយឯងបានឈ្នះគេ នោះត្រូវឲ្យបំផ្លាញគេឲ្យអស់រលីងចេញ មិនត្រូវតាំងសញ្ញានឹងគេ ឬអាណិតមេត្តាដល់គេឡើយ សូមមើលជំពូកអាល់គីតាប2 ពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នក ពេលណាអ្នកយកជ័យជំនះលើពួកគេហើយ ចូរបំផ្លាញពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្តោសពួកគេឡើយ។ សូមមើលជំពូក |
ព្រះអម្ចាស់ក៏បានប្រគល់ក្រុងលីបណា និងស្ដេចរបស់គេ មកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលដែរ។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអ្នកក្រុងនោះដោយមុខដាវ ឥតទុកនរណាម្នាក់ឲ្យរួចជីវិតទេ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះស្ដេចក្រុងលីបណា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
ព្រះរាជាបានកោះហៅអ្នកស្រុកគីបៀនមក ដើម្បីសាកសួរ (អ្នកស្រុកពុំមែនជាជនជាតិអ៊ីស្រាអែលទេ គឺជាជនជាតិអាម៉ូរីដែលនៅសេសសល់។ ជនជាតិអ៊ីស្រាអែលបានស្បថថា ទុកជីវិតឲ្យពួកគេ ប៉ុន្តែ ព្រះបាទសូលរកសម្លាប់ពួកគេឲ្យផុតពូជ ដើម្បីសម្តែងឲ្យជនជាតិអ៊ីស្រាអែល និងជនជាតិយូដាឃើញថាស្ដេចស្នេហាជាតិ)។
លោកយ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិប តំបន់វាលទំនាប និងតំបន់ជម្រាលភ្នំ ព្រមទាំងប្រហារជីវិតស្ដេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិត ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។
ពួកគេឆ្លើយតបមកលោកយ៉ូស្វេថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់ដល់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យប្រគល់ស្រុកទាំងមូលដល់ពួកលោក និងឲ្យពួកលោកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកលោកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្ដាលឲ្យយើងខ្ញុំប្រព្រឹត្តដូច្នេះ។
យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយព្រះនៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង។ សូមឲ្យបានសម្រេចតាមក្រឹត្យវិន័យចុះ។
ថ្ងៃនេះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងនៅមុខអ្នក ព្រះអង្គប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ ព្រះអង្គនឹងកម្ទេចពួកគេ ព្រះអង្គនឹងធ្វើឲ្យពួកគេបរាជ័យនៅមុខអ្នក។ អ្នកនឹងដេញពួកគេចេញពីទឹកដី ហើយបំផ្លាញពួកគេភ្លាមៗ ដូចព្រះអម្ចាស់បានសន្យាជាមួយអ្នក។
ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រាអែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
ព្រះបាទបេនហាដាដមានរាជឱង្ការទៅកាន់ព្រះបាទអហាប់ថា៖ «ទូលបង្គំសូមប្រគល់ក្រុងទាំងប៉ុន្មាន ដែលបិតារបស់ទូលបង្គំបានដណ្ដើមយកពីបិតារបស់ព្រះករុណា ថ្វាយព្រះករុណាវិញ។ ព្រះករុណាអាចនាំយកផលិតផលក្នុងស្រុករបស់ព្រះករុណាទៅលក់ក្នុងក្រុងដាម៉ាស ដូចបិតារបស់ទូលបង្គំធ្លាប់នាំយកផលិតផលទៅលក់នៅក្រុងសាម៉ារីដែរ»។ ព្រះបាទអហាប់មានរាជឱង្ការថា៖ «រីឯទូលបង្គំវិញ ទូលបង្គំនឹងចុះសន្ធិសញ្ញាជាមួយព្រះករុណា រួចទូលបង្គំនឹងបើកឲ្យព្រះករុណាយាងត្រឡប់ទៅស្រុកវិញ»។ ព្រះបាទអហាប់ក៏ចុះសន្ធិសញ្ញាជាមួយព្រះបាទបេនហាដាដ រួចហើយបើកឲ្យព្រះបាទបេនហាដាដយាងត្រឡប់ទៅស្រុកវិញ។