ព្រះជាម្ចាស់ជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជម្រកដ៏រឹងមាំរបស់ខ្ញុំ។ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
ទំនុកតម្កើង 9:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ នឹងទុកចិត្តលើព្រះអង្គជាមិនខាន ដ្បិតព្រះអង្គមិនបោះបង់ចោល អស់អ្នកដែលស្វែងរកព្រះអង្គឡើយ!។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ អស់អ្នកដែលស្គាល់ព្រះនាមរបស់ព្រះអង្គនឹងជឿទុកចិត្តលើព្រះអង្គ ដ្បិតព្រះអង្គមិនដែលបោះបង់ចោលអ្នកដែលស្វែងរកព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក ដែលស្វែងរកទ្រង់ឡើយ អាល់គីតាប អុលឡោះតាអាឡាអើយ អស់អ្នកដែលស្គាល់នាមទ្រង់ នឹងទុកចិត្តលើទ្រង់ជាមិនខាន ដ្បិតទ្រង់មិនបោះបង់ចោល អស់អ្នកដែលស្វែងរកទ្រង់ឡើយ!។ |
ព្រះជាម្ចាស់ជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជម្រកដ៏រឹងមាំរបស់ខ្ញុំ។ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។
ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យ នឹងការអ្វីដែលត្រឹមត្រូវ ព្រះអង្គថែរក្សា អស់អ្នកដែលជឿលើព្រះអង្គជានិច្ច ព្រះអង្គមិនបោះបង់ពួកគេឡើយ តែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់ឲ្យវិនាសសាបសូន្យ។
ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិត ហើយព្រះអង្គជាកំពែងការពារគេ នៅគ្រាមានអាសន្ន។
រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះអង្គ គេនឹងមានអំណរ គេនឹងសប្បាយរីករាយរហូតតទៅ ហើយព្រះអង្គនឹងរក្សាការពារគេ អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ នឹងសប្បាយរីករាយរួមជាមួយព្រះអង្គ។
សូមអាណិតមេត្តាទូលបង្គំ ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គ ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: «ដោយគេស្ថិតនៅជាប់នឹងយើង យើងនឹងជួយរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ថាយើងជាព្រះអម្ចាស់!
ព្រះនាមរបស់ព្រះអម្ចាស់ជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។
ដ្បិតព្រះអង្គជាកំពែងការពារមនុស្ស ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត ក្នុងពេលមានអាសន្ន ព្រះអង្គក៏ជាជម្រកនៅពេលមានភ្លៀងព្យុះ ហើយជាម្លប់បាំងកម្ដៅ ព្រោះកំហឹងរបស់មនុស្សសាហាវ ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។
យើងមិនដែលនិយាយដោយលាក់លៀម ក្នុងទីងងឹតនៃផែនដីឡើយ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកុប ឲ្យស្វែងរកយើង នៅកន្លែង ដែលគ្មានអ្វីសោះនោះដែរ។ យើងជាព្រះអម្ចាស់ យើងតែងនិយាយត្រឹមត្រូវ អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។
អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើង ដោយចិត្តស្មោះ។
ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះអង្គជាជម្រកនៅគ្រាមានអាសន្ន ព្រះអង្គមើលថែទាំអស់អ្នកដែលផ្ញើជីវិត លើព្រះអង្គ
រីឯជីវិតអស់កល្បជានិច្ចនោះគឺឲ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់ព្រះយេស៊ូគ្រិស្ត* ដែលព្រះអង្គចាត់ឲ្យមក។
ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ព្រះអង្គក៏បានបំភ្លឺចិត្តគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភ័ក្ត្ររបស់ព្រះគ្រិស្តដែរ។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗ ដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃព្រះអង្គយាងមក។
ប្រសិនបើយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ នោះទើបយើងដឹងថា យើងបានស្គាល់ ព្រះអង្គមែន។
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ព្រះអង្គប្រទានប្រាជ្ញាឲ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។