ទំនុកតម្កើង 57 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ភៀសព្រះអង្គចេញពីស្ដេចសូលទៅពួននៅរូងភ្នំ។ 1 សូមអាណិតមេត្តាទូលបង្គំ ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គ ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។ 2 ខ្ញុំបានស្រែករកព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។ 3 ពីស្ថានបរមសុខ សូមព្រះអង្គប្រទានការសង្គ្រោះមកខ្ញុំ សូមព្រះអង្គវាយប្រហារអស់អ្នក ដែលបៀតបៀនខ្ញុំ - សម្រាក សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។ 4 ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ ដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្ដាតរបស់គេជាដាវដ៏មុត។ 5 ឱព្រះជាម្ចាស់អើយ សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្ដម របស់ព្រះអង្គនៅលើផ្ទៃមេឃ ហើយសូមឲ្យសិរីរុងរឿង របស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ 6 សត្រូវរបស់ទូលបង្គំនាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឲ្យទូលបង្គំព្រួយចិត្តជាខ្លាំង។ ពួកគេបានជីករណ្ដៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។ - សម្រាក 7 ទូលបង្គំទុកចិត្តលើព្រះអង្គ ឱព្រះជាម្ចាស់អើយ ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ។ 8 ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង! ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឲ្យរះ។ 9 ព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើង ព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ ក្នុងចំណោមប្រជាជាតិនានា 10 ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។ 11 ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើង ឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ ហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies