ទំនុកតម្កើង 88:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យ តក់ស្លុតអស់សង្ឃឹម។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំរងទុក្ខ ហើយជិតស្លាប់តាំងពីក្មេងមកម៉្លេះ; ទូលបង្គំបានរងនូវសេចក្ដីគំរាមកំហែងរបស់ព្រះអង្គ ក៏អស់សង្ឃឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំមានទុក្ខវេទនា ហើយជិតស្លាប់តាំងតែពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំស្ញែងខ្លាច ទូលបង្គំតែលតោលគ្មានទីពឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំមានទុក្ខវេទនា ហើយប្រុងប្រៀបនឹងស្លាប់ តាំងតែពីក្មេងមក កាលទូលបង្គំកំពុងតែរងទ្រាំអស់ទាំងសេចក្ដីស្ញែងខ្លាច របស់ទ្រង់ នោះទូលបង្គំមានចិត្តស្ពឹកស្រពន់ អាល់គីតាប ខ្ញុំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ទ្រង់ធ្វើឲ្យខ្ញុំភ័យ តក់ស្លុតអស់សង្ឃឹម។ |
ទូលបង្គំស្រែកអង្វរសូមព្រះអង្គជួយ តែព្រះអង្គមិនឆ្លើយមកទូលបង្គំទេ ពេលទូលបង្គំក្រោកឈរ ព្រះអង្គគ្រាន់តែសម្លឹងមកទូលបង្គំប៉ុណ្ណោះ។
ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតម្រៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
ព្រះជាម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាព្រះការពារទូលបង្គំ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយលោកបានបូជាជីវិត ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ របស់ព្រះអង្គតាមរយៈលោក។
លោកជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ លោកជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា លោកដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយលោក ហើយមិនរាប់រកលោកឡើយ។
«ដាវអើយ ចូរភ្ញាក់ឡើង ប្រហារគង្វាលដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
ព្រះយេស៊ូព្រួយអន្ទះអន្ទែងពន់ប្រមាណ ព្រះអង្គទូលអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់ព្រះអង្គដូចជាតំណក់ឈាម ស្រក់ចុះដល់ដី។