Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


លោក​យ៉ូប​រអ៊ូ‌រទាំ​នឹង​មិត្ត‌ភក្ដិ​របស់​លោក

1 លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖

2 «ប្រសិន​បើ​គេ​ថ្លឹង​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ប្រសិន​បើ​គេ​យក​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដាក់​លើ​ជញ្ជីង

3 គេ​នឹង​ឃើញ​វា​ធ្ងន់​ជាង​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​លែង​រួច

4 ដ្បិត​ព្រួញ​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាញ់​ទម្លុះ​ខ្ញុំ ពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាប ពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដូច​មាន​សត្រូវ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។

5 ពេល​មាន​ស្មៅ​ខៀវ​ខ្ចី​ស៊ី តើ​លា​ព្រៃ​ដែល​ស្រែក​ឬ​ទេ? ពេល​មាន​ចំបើង​ស៊ី តើ​គោ​ចេះ​តែ​រោទ៍​ដែរ​ឬ?

6 តើ​គេ​អាច​បរិភោគ​ម្ហូប​សាប ដោយ​មិន​បង់​អំបិល​កើត​ឬ? តើ​ផ្នែក​ស​របស់​ពង​មាន់​មាន​រស‌ជាតិ​ដែរ​ឬ?

7 ខ្ញុំ​មិន​ចង់​បរិភោគ​អាហារ​ទាំង​នោះ​ទេ ព្រោះ​ជា​អាហារ​ដែល​ខ្ញុំ​ស្អប់​ខ្ពើម។

8 សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេច ហើយ​សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន តាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។

9 គឺ​សូម​ព្រះ‌ជាម្ចាស់​មេត្តា​កិន​កម្ទេច​ខ្ញុំ សូម​ព្រះអង្គ​លាត​ព្រះ‌ហស្ដ បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!

10 ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែ ហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កម្រិត​ក្ដី ក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏វិសុទ្ធ​ឡើយ។

11 ខ្ញុំ​គ្មាន​កម្លាំង​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មាន​សង្ឃឹម ហើយ​ខ្ញុំ​ក៏​គ្មាន​គោល‌ដៅ​អ្វី ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រស់​ត​ទៅ​ទៀត​ដែរ។

12 តើ​ខ្ញុំ​មាន​កម្លាំង​រឹង​ដូច​ថ្ម ហើយ​រូប​កាយ​ដូច​លង្ហិន​ឬ?

13 ក្នុង​ខ្លួន​ខ្ញុំ ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ទៀត​ហើយ ហើយ​ខ្ញុំ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ជា​បង្អែក។

14 អ្នក​ដែល​រង​ទុក្ខ​គ្រាំ‌គ្រា គួរ​តែ​ទទួល ចិត្ត​មេត្តា​ករុណា​ពី​មិត្ត‌ភក្ដិ​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ គេ​មុខ​ជា​លែង​គោរព កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ។

15 បងប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត ដូច​ទឹក​ជ្រោះ​ដែល​រីង ដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។

16 នៅ​ចុង​រដូវ​ត្រជាក់ ទឹក​អូរ​ទាំង​នោះ​ប្រែ​ជា​ល្អក់‌កករ ព្រោះ​តែ​ភ្លៀង និង​ទឹក​កក​រលាយ។

17 នា​រដូវ​ក្ដៅ អូរ​ទាំង​នោះ​រីង​ស្ងួត​នៅ​នឹង​កន្លែង ព្រោះ​តែ​កម្ដៅ​ថ្ងៃ។

18 ក្បួន​អ្នក​ដំណើរ​វង្វេង​ផ្លូវ នាំ​គ្នា​ចូល​ទៅ​វាល​រហោ‌ស្ថាន ហើយ​វិនាស​បាត់​បង់​អស់​ទៅ។

19 ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​ថេម៉ា នាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះ ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​សេបា​នាំ​គ្នា សង្ឃឹម​លើ​អូរ​ទាំង​នោះ

20 ប៉ុន្តែ ពួក​គេ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទុក​ចិត្ត​លើ​អូរ​ទាំង​នោះ ហើយ​ពួក​គេ​ខក​ចិត្ត​នៅ​ពេល​ទៅ​ដល់។

21 នៅ​ពេល​នេះ អស់​លោក​ក៏​ដូច្នោះ​ដែរ អស់​លោក​ឃើញ​ខ្ញុំ​មាន​អាសន្ន ហើយ​បែរ​ជា​ភ័យ​ខ្លាច!

22 ខ្ញុំ​មិន​ដែល​សុំ​ឲ្យ​អស់​លោក យក​របស់​អ្វី​មួយ​មក​ឲ្យ​ខ្ញុំ ឬ​យក​ប្រាក់​របស់​អស់​លោក​មក​ជួយ​ខ្ញុំ​ឡើយ។

23 ខ្ញុំ​មិន​ដែល​សុំ​អស់​លោក​ជួយ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ឬ​ក៏​សុំ​ឲ្យ​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​ឃោរ‌ឃៅ​ដែរ។

24 សូម​ប្រៀន‌ប្រដៅ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម សូម​ប្រាប់​ខ្ញុំ​ផង តើ​ខ្ញុំ​ធ្វើ​ខុស​ត្រង់​ណា?

25 បើ​អស់​លោក​ត្រឹម​ត្រូវ​មែន ខ្ញុំ​សុខ​ចិត្ត​ទទួល តែ​ពាក្យ​ដែល​អស់​លោក​ស្ដី​បន្ទោស​នោះ មិន​សម​ហេតុ​សម​ផល​ទេ។

26 ពាក្យ​ដែល​ខ្ញុំ​និយាយ​នេះ តើ​អស់​លោក​ចង់​បន្ទោស​កន្លែង​ណា តើ​អស់​លោក​យល់​ថា​ពាក្យ​សម្ដី​របស់ មនុស្ស​អស់​សង្ឃឹម ឥត​បាន​ការ​ឬ?

27 អស់​លោក​ហ៊ាន​ដល់​ទៅ​ចាប់​ឆ្នោត​យក​ក្មេង​កំព្រា ហើយ​សូម្បី​តែ​មិត្ត​សម្លាញ់ ក៏​អស់​លោក​មិន​ញញើត​នឹង​លក់​ដែរ។

28 ឥឡូវ​នេះ ចូរ​បែរ​មក​មើល​មុខ​ខ្ញុំ​ឲ្យ​ចំ តើ​ខ្ញុំ​និយាយ​បំផ្លើស​ត្រង់​ណា?

29 ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។

30 តើ​អណ្ដាត​ខ្ញុំ​ដែល​គ្រលាស់​ចេញ​មក​នូវ​ពាក្យ​ទុច្ចរិត ហើយ​មាត់​របស់​ខ្ញុំ​ស្រដី​ចេញ​មក នូវ​ពាក្យ​អព‌មង្គល​ឬ​ទេ?

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម