ទំនុកតម្កើង 34:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំពើអាក្រក់តែងប្រហារជីវិតមនុស្សពាល ហើយអ្នកដែលស្អប់មនុស្សសុចរិត តែងតែទទួលទោសជានិច្ច។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីអាក្រក់ធ្វើឲ្យមនុស្សអាក្រក់ត្រូវបានសម្លាប់ ហើយពួកដែលស្អប់មនុស្សសុចរិត នឹងត្រូវទទួលទោស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំពើអាក្រក់នឹងសម្លាប់មនុស្សពាល ហើយអស់អ្នកដែលស្អប់មនុស្សសុចរិត នឹងត្រូវទទួលទោស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីអាក្រក់នឹងសំឡាប់មនុស្សដែលប្រព្រឹត្តអាក្រក់ ហើយពួកអ្នកដែលស្អប់ដល់មនុស្សសុចរិត នឹងត្រូវមានទោស អាល់គីតាប អំពើអាក្រក់តែងប្រហារជីវិតមនុស្សពាល ហើយអ្នកដែលស្អប់មនុស្សសុចរិត តែងតែទទួលទោសជានិច្ច។ |
ស្ដេចស្រុកអ៊ីស្រាអែលទូលព្រះបាទយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូលសួរព្រះអម្ចាស់បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្ដីល្អឲ្យទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានរាជឱង្ការបែបនេះ!»។
អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។
ព្រះអង្គសងទៅពួកគេវិញ សមតាមកំហុសដែលគេបានប្រព្រឹត្ត ព្រះអង្គធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ ព្រះអម្ចាស់ជាព្រះនៃយើង នឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។
ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។
មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។
ដ្បិតបើមនុស្សសុចរិតដួលប្រាំពីរដង គេអាចក្រោកឡើងបានជានិច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។
រីឯមនុស្សអាក្រក់នឹងត្រូវវេទនា គេមិនបានសុខទេ គេទទួលផលតាមអំពើដែលខ្លួនប្រព្រឹត្ត។
រីឯអ្នកស្រុកនោះស្អប់លោក បានជាគេចាត់អ្នកតំណាងឲ្យទៅតាមក្រោយ នាំពាក្យថា “យើងខ្ញុំមិនចង់ឲ្យលោកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត”។
ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រងរាជ្យលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
មនុស្សលោកមិនអាចស្អប់ប្អូនៗឡើយ ប៉ុន្តែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។
ព្រះជាម្ចាស់នឹងសម្រេចការមួយដ៏ត្រឹមត្រូវ គឺព្រះអង្គនាំទុក្ខវេទនាយកមកសងពួកអ្នក ដែលធ្វើឲ្យបងប្អូនវេទនា
ពួកគេនឹងទទួលទោស គឺត្រូវវិនាសអន្តរាយអស់កល្បជានិច្ច។ ពួកគេនៅឆ្ងាយពីព្រះភ័ក្ត្រព្រះអម្ចាស់ និងឆ្ងាយពីឥទ្ធិឫទ្ធិប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ។
ស្ដេចមានរាជឱង្ការទៅសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ស្លាប់ដោយដៃរបស់សាសន៍ដទៃ ហើយឲ្យពួកគេប្រមាថមើលងាយយើងទេ»។ ប៉ុន្តែ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនទៅលើមុខដាវនោះ។