ចោទិយកថា 32:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដី ឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌ក ពេលព្រះអង្គបំបែកមនុស្សលោកចេញពីគ្នា ព្រះអង្គបានកំណត់ព្រំដែន ឲ្យជាតិសាសន៍នានា ដោយយោងតាមចំនួនកូនចៅអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះដ៏ខ្ពស់បំផុត បានចែកមត៌កដល់សាសន៍ទាំងប៉ុន្មាន គឺកាលព្រះអង្គបានបំបែកមនុស្សចេញពីគ្នា នោះព្រះអង្គបានដាក់ព្រំប្រទល់ឲ្យអស់ទាំងប្រជាជន តាមចំនួនពួកកូនរបស់ព្រះ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះដ៏ខ្ពស់បំផុតបានចែកមរដកដល់សាសន៍ទាំងប៉ុន្មាន គឺកាលទ្រង់បានបំបែកពួកកូនចៅអ័ដាមចេញពីគ្នា នោះទ្រង់បានដាក់ព្រំប្រទល់ឲ្យអស់ទាំងប្រជាជន តាមចំនួនអស់ពួកកូនចៅអ៊ីស្រាអែល អាល់គីតាប ពេលអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដី ឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌ក ពេលអុលឡោះបំបែកមនុស្សលោកចេញពីគ្នា ទ្រង់បានកំណត់ព្រំដែន ឲ្យជាតិសាសន៍នានា ដោយយោងតាមចំនួនកូនចៅអ៊ីស្រអែល។ |
ហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក ដ្បិតនៅជំនាន់នោះ មនុស្សនៅលើផែនដីបានបែកខ្ញែកគ្នា ប្អូនរបស់គាត់ឈ្មោះ យ៉ុកថាន។
គឺអ្នកទាំងនោះហើយជាបុព្វបុរសរបស់ប្រជាជាតិនានា ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បែកចេញជាស្រុក តាមភាសា និងបែកចេញជាជាតិសាសន៍ តាមពូជអំបូររៀងៗខ្លួន។
គឺព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ក»។
ព្រះជាម្ចាស់ប្រទានទឹកដីឲ្យ ដូនតារបស់ពួកគេតែប៉ុណ្ណោះ គ្មានអ្នកដទៃទៀតមកឡូកឡំ ក្នុងទឹកដីនោះឡើយ។
តង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់ គឺពាក្យអរព្រះគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គសុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះអង្គបានកំណត់ព្រំដែនរវាងទឹក និងដី ព្រះអង្គក៏បានបង្កើតរដូវប្រាំង និងរដូវវស្សាដែរ។
យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាព្រះ អ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់ព្រះ ដ៏ខ្ពង់ខ្ពស់បំផុត ។
អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់។
នេះជាការសម្រេចរបស់ទេវតា ជាបញ្ជារបស់ពួកអ្នកដ៏វិសុទ្ធ ដើម្បីមនុស្សទាំងអស់ដឹងថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ របស់មនុស្សលោក ព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គលើកអ្នកដែលទន់ទាបជាងគេ ឲ្យឡើងគ្រងរាជ្យក៏បាន។
បពិត្រព្រះរាជា ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ព្រះចៅនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា។
ហេតុនេះ ពេលប្រជាជនរបស់ព្រះអម្ចាស់ បែងចែកដីគ្នា គ្មាននរណាម្នាក់វាស់ដីចែកឲ្យអ្នកឡើយ។
ពីលើផ្ទាំងសិលានេះ ខ្ញុំឃើញពួកគេ ពីលើកំពូលភ្នំនេះ ខ្ញុំគយគន់មើលពួកគេ ប្រជាជននេះរស់នៅដាច់ឡែកពីអ្នកដទៃ ពួកគេដឹងខ្លួនថា ពួកគេមិនដូចជាតិសាសន៍ឯទៀតៗទេ។
នេះជាពាក្យរបស់អ្នកដែលបានឮព្រះបន្ទូល របស់ព្រះជាម្ចាស់ អ្នកដែលស្គាល់តម្រិះរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។
ព្រះអង្គប្រទានឲ្យប្រជាជាតិនានាកើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។
ព្រះដ៏ខ្ពង់ខ្ពស់បំផុត មិនគង់នៅក្នុងដំណាក់ដែលសង់ឡើងដោយដៃមនុស្សឡើយ ដូចព្យាការី*បានថ្លែងទុកមកស្រាប់ថា:
អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត កូនចៅរបស់លោកយ៉ាកុបស្ថិតនៅដាច់ពីគេ នៅក្នុងស្រុកដែលសម្បូណ៌ទៅដោយ ស្រូវ និងស្រាទំពាំងបាយជូរថ្មី ព្រមទាំងមានសន្សើម ធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។