ទំនុកតម្កើង 82 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះជាម្ចាស់ជាចៅក្រមដ៏ខ្ពង់ខ្ពស់បំផុត ទំនុកតម្កើង របស់លោកអេសាភ។ 1 ព្រះជាម្ចាស់គង់នៅ ក្នុងអង្គប្រជុំរបស់ព្រះអង្គ ។ ព្រះអង្គកាត់ក្ដីនៅក្នុងចំណោមព្រះនានា។ 2 តើអ្នករាល់គ្នានៅតែកាត់ក្ដីដោយអយុត្តិធម៌ គឺឲ្យមនុស្សអាក្រក់ឈ្នះដូច្នេះ ដល់កាលណាទៀត? - សម្រាក 3 ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ និងក្មេងកំព្រា ចូរកាត់ក្ដីឲ្យមនុស្សកម្សត់ទុគ៌ត និងមនុស្សតោកយ៉ាក។ 4 ចូររំដោះមនុស្សទន់ខ្សោយ និងមនុស្សក្រីក្រ ចូរយកពួកគេចេញឲ្យផុតពីកណ្ដាប់ដៃ របស់មនុស្សអាក្រក់។ 5 អ្នករាល់គ្នាមិនដឹងមិនយល់អ្វីទាំងអស់ អ្នករាល់គ្នាដើរនៅក្នុងសេចក្ដីងងឹត អ្នករាល់គ្នាលុបបំបាត់យុត្តិធម៌ ដែលជាគ្រឹះនៃពិភពលោក។ 6 យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាព្រះ អ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់ព្រះ ដ៏ខ្ពង់ខ្ពស់បំផុត ។ 7 ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវស្លាប់ដូចមនុស្សលោក អ្នករាល់គ្នានឹងត្រូវបាត់បង់ជីវិត ដូចអ្នកធំបាត់បង់តំណែងដែរ។ 8 ឱព្រះជាម្ចាស់អើយ សូមក្រោកឡើងវិនិច្ឆ័យទោសមនុស្សលោក ដ្បិតមនុស្សគ្រប់ជាតិសាសន៍ សុទ្ធតែជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ!។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies