ចោទិយកថា 33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥លោកម៉ូសេឲ្យពរជនជាតិអ៊ីស្រាអែល 1 មុនពេលទទួលមរណភាព លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ឲ្យពរជនជាតិអ៊ីស្រាអែលដូចតទៅ៖ 2 «ព្រះអម្ចាស់យាងមកពីភ្នំស៊ីណៃ ព្រះអង្គក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ព្រះអង្គបំភ្លឺប្រជារាស្ត្ររបស់ព្រះអង្គពីភ្នំប៉ារ៉ាន ព្រះអង្គយាងមកជាមួយទេវតា* យ៉ាងច្រើនអនេកអនន្ត ព្រះអង្គកាន់ក្រឹត្យវិន័យដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ។ 3 ព្រះអង្គស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គរក្សាប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ ពួកគេក្រាបនៅទៀបព្រះបាទា ដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គ។ 4 ក្រឹត្យវិន័យដែលលោកម៉ូសេប្រគល់ឲ្យពួកយើង ជាទ្រព្យដ៏មានតម្លៃរបស់កូនចៅលោកយ៉ាកុប។ 5 នៅពេលមេដឹកនាំរបស់ជនជាតិយេស៊ូរូន និងកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែល ជួបជុំគ្នា ពួកគេទទួលស្គាល់ព្រះអម្ចាស់ ជាព្រះមហាក្សត្ររបស់ពួកគេ។ 6 សូមឲ្យរូបេនមានជីវិត ឥតស្លាប់ឡើយ ហើយឲ្យគេកើនចំនួនច្រើនឡើង!។ 7 ចំណែកឯកុលសម្ព័ន្ធយូដាវិញ លោកថ្លែងថា: ព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់យូដា សូមនាំគេឲ្យជានានឹងបងប្អូនរបស់ខ្លួនវិញ សូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួន ហើយសូមព្រះអង្គជួយយូដា ក្នុងពេលតទល់នឹងខ្មាំងសត្រូវ។ 8 ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា: ព្រះអង្គបានប្រគល់ធូមីម និងយូរីម* ទៅឲ្យកូនចៅលេវី ជាអ្នកដែលស្មោះត្រង់នឹងព្រះអង្គ បន្ទាប់ពីព្រះអង្គបានល្បងលពួកគេនៅម៉ាសា ព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។ 9 ពួកលេវីស្រឡាញ់ព្រះអង្គជាងឪពុកម្ដាយ បងប្អូន និងកូនចៅរបស់ខ្លួនទៅទៀត ដ្បិតពួកគេកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ។ 10 ពួកគេបង្រៀនវិន័យរបស់ព្រះអង្គ ដល់កូនចៅលោកយ៉ាកុប ពួកគេបង្រៀនក្រឹត្យវិន័យរបស់ព្រះអង្គ ដល់កូនចៅអ៊ីស្រាអែល ពួកគេដុតគ្រឿងក្រអូបថ្វាយព្រះអង្គ ហើយថ្វាយតង្វាយទាំងមូលនៅលើអាសនៈ របស់ព្រះអង្គ។ 11 ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យពួកគេមានកម្លាំង សូមប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។ សូមបំបាក់ចង្កេះអស់អ្នកប្រឆាំងនឹងពួកគេ សូមឲ្យអស់អ្នកដែលស្អប់ពួកគេ ត្រូវបរាជ័យ ងើបលែងរួច!។ 12 ចំពោះកូនចៅបេនយ៉ាមីន លោកថ្លែងថា: ព្រះអម្ចាស់ស្រឡាញ់បេនយ៉ាមីនណាស់ គេនៅជាមួយព្រះអង្គយ៉ាងកក់ក្ដៅ ព្រះអម្ចាស់ការពារគេជានិច្ច ហើយព្រះអង្គគង់នៅជាមួយគេ។ 13 ចំពោះកូនចៅលោកយ៉ូសែប លោកម៉ូសេថ្លែងថា: ព្រះអម្ចាស់នឹងប្រទានពរដល់ស្រុករបស់គេ ភ្លៀង និងសន្សើមធ្លាក់ចុះពីលើមេឃ ហើយទឹកក៏ផុសចេញពីក្នុងដីមក ស្រោចស្រពទឹកដីរបស់គេយ៉ាងបរិបូណ៌។ 14 កម្ដៅថ្ងៃធ្វើឲ្យដំណាំដុះឡើង បង្កើតភោគផលយ៉ាងច្រើនរៀងរាល់ខែ។ 15 ស្រុករបស់គេមានភ្នំជុំជិត ធ្វើឲ្យដីមានជីជាតិល្អគ្រប់ពេលវេលា។ 16 ទឹកដីរបស់គេសម្បូណ៌ទៅដោយ ភោគទ្រព្យធម្មជាតិ។ សូមព្រះអង្គដែលគង់នៅក្នុងគុម្ពោត សន្ដោសដល់កូនចៅយ៉ូសែប ដែលជាមេដឹកនាំបងប្អូនរបស់ខ្លួន។ 17 កុលសម្ព័ន្ធយ៉ូសែបប្រៀបដូចជាគោបា ដែលមានកម្លាំង និងភាពថ្កុំថ្កើង អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី ដែលប្រហារជាតិសាសន៍ទាំងឡាយ ហើយរុញច្រានជាតិសាសន៍ទាំងនោះ រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្នែងម្ខាង គឺអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេកអនន្ត ស្នែងម្ខាងទៀត គឺម៉ាណាសេ ដែលមានគ្នាច្រើនឥតគណនា។ 18 ចំពោះកូនចៅសាប់យូឡូន លោកថ្លែងថា: សាប់យូឡូនអើយ ចូរសប្បាយរីករាយ នៅពេលអ្នកចេញទៅច្បាំង! រីឯអ៊ីសាខារវិញ ចូរសប្បាយរីករាយនៅក្នុងជំរំរបស់អ្នក! 19 ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ នៅទីនោះ ពួកគេនឹងថ្វាយយញ្ញបូជាដ៏សុចរិត ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។ 20 ចំពោះកូនចៅកាដ លោកថ្លែងថា: សូមលើកតម្កើងព្រះអម្ចាស់ ដែលប្រទាន ឲ្យកាដមានទឹកដីទូលំទូលាយ! កាដសម្ងំដូចសិង្ហញីសម្ងំចាំចាប់រំពា ដោយហែកពីចុងជើងរហូតដល់ក្បាល។ 21 កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុក ជាចំណែកសម្រាប់មេដឹកនាំ កាដដើរនៅមុខប្រជាជន គេបានសម្រេចតាមគម្រោងការរបស់ព្រះអម្ចាស់ ហើយប្រព្រឹត្តចំពោះអ៊ីស្រាអែល តាមវិន័យរបស់ព្រះអង្គ។ 22 ចំពោះកូនចៅដាន់ លោកថ្លែងថា: ដាន់ប្រៀបបាននឹងសិង្ហស្ទាវ ដែលលោតសង្គ្រុបទៅលើស្រុកបាសាន។ 23 ចំពោះកូនចៅណែបថាលី លោកថ្លែងថា: ណែបថាលីទទួលការសន្ដោស និងព្រះពរដ៏លើសលុបពីព្រះអម្ចាស់ ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិច និងទិសខាងត្បូងចុះ!។ 24 ចំពោះកូនចៅអេស៊ើរ លោកថ្លែងថា: សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោម កូនចៅលោកយ៉ាកុប! សូមឲ្យបងប្អូនអាណិតស្រឡាញ់គេ ហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។ 25 រនុកទ្វារធ្វើអំពីដែក និងលង្ហិន ផ្ដល់សន្តិសុខឲ្យអេស៊ើរ សូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរ ដូចអាយុជីវិតរបស់គេដែរ!។ 26 យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងព្រះរបស់អ្នកឡើយ ព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយគង់យ៉ាងរុងរឿងនៅលើពពក*។ 27 ព្រះអង្គជាជម្រករបស់អ្នក តាំងពីដើមរៀងមក ព្រះហស្ដរបស់ព្រះអង្គទ្រអ្នកជានិច្ច ព្រះអង្គដេញខ្មាំងសត្រូវចេញពីមុខអ្នក ហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។ 28 អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត កូនចៅរបស់លោកយ៉ាកុបស្ថិតនៅដាច់ពីគេ នៅក្នុងស្រុកដែលសម្បូណ៌ទៅដោយ ស្រូវ និងស្រាទំពាំងបាយជូរថ្មី ព្រមទាំងមានសន្សើម ធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។ 29 អ៊ីស្រាអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែលព្រះអម្ចាស់សង្គ្រោះ ដូចព្រះអង្គសង្គ្រោះអ្នកឡើយ ព្រះអង្គជាខែលការពារអ្នក និងជាដាវ ដែលផ្ដល់ឲ្យអ្នកមានជ័យជម្នះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កម្ទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies