២ របាក្សត្រ 12:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរទាំងប៉ុន្មាន ពីរេហូបោម ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា នឹងអ៊ីដោ ជាអ្នកមើលឆុត បានតែងតាមរបៀបរឿងរ៉ាវតៗមកហើយ ចំណែករេហូបោម នឹងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាជកិច្ចរបស់ព្រះបាទរេហូបោម តាំងពីដំបូង រហូតដល់ចប់ មានកត់ត្រាទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា និងហោរាអ៊ីដោ បានតែងតាមរបៀបរឿងរ៉ាវតៗមក ចំណែកព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែច្បាំងគ្នាជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចរបស់ព្រះបាទរេហូបោម តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្យាការីសេម៉ាយ៉ា និងលោកអ៊ីដោ ជាគ្រូទាយ។ ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជានិច្ច។ អាល់គីតាប កិច្ចការរបស់ស្តេចរេហូបោម តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ណាពីសេម៉ាយ៉ា និងលោកអ៊ីដោជាអ្នកទាយ។ ស្តេចរេហូបោម និងស្តេចយេរ៉ូបោម តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជានិច្ច។ |
រីឯកិច្ចការរបស់ស្តេចដាវីឌទាំងអស់ ចាប់តាំងពីដើម រហូតដល់ចុង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅរបស់សាំយូអែល ជាអ្នកមើលឆុត នឹងក្នុងសៀវភៅរបស់ហោរាណាថាន់ ហើយក្នុងសៀវភៅរបស់កាឌ់ ជាអ្នកមើលឆុតហើយ
គ្រានោះ ហោរាសេម៉ាយ៉ា ក៏មកឯរេហូបោម នឹងពួកមេសាសន៍យូដា ដែលបានមូលគ្នានៅក្រុងយេរូសាឡិម ដោយព្រោះស៊ីសាក លោកមានវាចាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯងរាល់គ្នាបានបោះបង់ចោលអញ ហេតុនោះបានជាអញទុកឯងរាល់គ្នាចោល នៅក្នុងកណ្តាប់ដៃនៃស៊ីសាក
នៅឆ្នាំទី១៨ ក្នុងរាជ្យស្តេចយេរ៉ូបោម នោះអ័ប៊ីយ៉ាចាប់តាំងសោយរាជ្យឡើងលើស្រុកយូដា
ទ្រង់ក៏សោយរាជ្យ៣ឆ្នាំ នៅក្រុងយេរូសាឡិម ព្រះមាតាទ្រង់ព្រះនាមជាមីកាយ៉ា ជាបុត្រីអ៊ូរាល អ្នកក្រុងគីបៀរ អ័ប៊ីយ៉ា នឹងយេរ៉ូបោមក៏ច្បាំងគ្នាដែរ
រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា ហើយពីការរបស់ទ្រង់ នឹងព្រះបន្ទូលនៃទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅបរិយាយនៃហោរាអ៊ីដោហើយ។
ហើយមើល ដំណើរទាំងប៉ុន្មានពីអេសា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅ ដែលថ្លែងពីពួកស្តេចយូដា នឹងអ៊ីស្រាអែលហើយ
រីឯដំណើរទាំងប៉ុន្មានឯទៀតពីយ៉ូសាផាត ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសេចក្ដីបរិយាយ ដែលយេហ៊ូវ ជាកូនហាណានី បានតែង ដែលគេបានកត់បញ្ចូល ក្នុងពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
រីឯដំណើរឯទៀតពីទ្រង់ នឹងគ្រប់ទាំងអំពើដែលទ្រង់ប្រព្រឹត្ត ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចយូដា នឹងអ៊ីស្រាអែលហើយ
នឹងពីកិច្ចការទ្រង់ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចអ៊ីស្រាអែលនឹងយូដាហើយ។
រីឯដំណើរឯទៀតពីសាឡូម៉ូនទាំងមុនទាំងក្រោយនោះសុទ្ធតែបានកត់ទុក នៅក្នុងពង្សាវតារ ដែលហោរាណាថាន់បានតែង នឹងក្នុងសេចក្ដីទំនាយនៃអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ ហើយក្នុងរឿងពីការជាក់ស្តែងរបស់អ៊ីដោ ជាអ្នកមើលឆុត ដែលលោកឃើញ ពីដំណើរយេរ៉ូបោមជាកូននេបាតហើយ