២ របាក្សត្រ 12 - អាល់គីតាបស្តេចស៊ីសាក់ ស្តេចស្រុកអេស៊ីបវាយលុកស្រុកយូដា 1 កាលស្តេចរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្តេចបោះបង់ចោលហ៊ូកុំរបស់អុលឡោះតាអាឡា រីឯប្រជាជនក៏ប្រព្រឹត្តដូចគាត់ដែរ។ 2 នៅឆ្នាំទីប្រាំនៃរជ្ជកាលស្តេចរេហូបោម ស្តេចស៊ីសាក់ជាស្តេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ព្រឹត្តិការណ៍នេះកើតមាន ព្រោះប្រជាជនយូដាមិនស្មោះត្រង់នឹងអុលឡោះតាអាឡា។ 3 ស្តេចស៊ីសាក់ដឹកនាំកងទ័ពដែលមានរទេះចំបាំង ១ ២០០ ទ័ពសេះ ៥០ ០០០ នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូពីយ៉ាងច្រើន មកជាមួយផង។ 4 ស្តេចវាយយកបានក្រុងនានាដែលមានកំពែងរឹងមាំក្នុងស្រុកយូដា ហើយមកដល់ក្រុងយេរូសាឡឹម។ 5 ពេលនោះណាពីសេម៉ាយ៉ាចូលទៅជួបស្តេចរេហូបោម និងជួបមេដឹកនាំរបស់ជនជាតិយូដា ដែលជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅពេលស្តេចស៊ីសាក់ចូលមកជិតដល់ទីក្រុង។ ណាពីសេម៉ាយ៉ាមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “អ្នករាល់គ្នាបានបោះបង់ចោលយើង! ដូច្នេះយើងក៏បោះបង់ចោលអ្នករាល់គ្នា ឲ្យធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចស៊ីសាក់ដែរ”»។ 6 ស្តេច និងពួកមេដឹកនាំនៃជនជាតិអ៊ីស្រអែល ដាក់ខ្លួន ហើយពោលថា៖ «អុលឡោះតាអាឡាពិតជាសុចរិតមែន!»។ 7 កាលអុលឡោះតាអាឡាឃើញពួកគេដាក់ខ្លួនដូច្នេះ ទ្រង់មានបន្ទូលមកកាន់ណាពីសេម៉ាយ៉ាថា៖ «ពួកគេដាក់ខ្លួនហើយ យើងមិនបំផ្លាញពួកគេទេ។ យើងនឹងជួយរំដោះពួកគេជាបន្ទាន់ ដ្បិតយើងមិនជះកំហឹងរបស់យើងទៅលើក្រុងយេរូសាឡឹម ដោយទុកឲ្យស្តេចស៊ីសាក់បំផ្លាញក្រុងនេះឡើយ។ 8 ប៉ុន្តែ ពួកគេត្រូវធ្លាក់ខ្លួនចំណុះស្តេចស៊ីសាក់។ ពេលនោះ ពួកគេនឹងដឹងខ្លួនថា បម្រើយើង និងបម្រើស្តេចស្រុកផ្សេងៗខុសគ្នាត្រង់ណា»។ 9 ស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីបវាយលុកក្រុងយេរូសាឡឹម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជ្យទ្រព្យនៅក្នុងវាំងអស់គ្មានសល់។ ស្តេចក៏រឹបអូសយកខែលមាសទាំងប៉ុន្មានដែលស្តេចស៊ូឡៃម៉ានបានធ្វើដែរ។ 10 ស្តេចរេហូបោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហាន ដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។ 11 គ្រប់ពេលដែលស្តេចចូលដំណាក់របស់អុលឡោះតាអាឡា ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ។ បន្ទាប់មកពួកគេប្រមូលយកទៅទុកនៅក្នុងបន្ទប់របស់មេក្រុមវិញ។ 12 ដោយស្តេចរ៉ូបោមដាក់ខ្លួន អុលឡោះតាអាឡាលែងខឹងនឹងស្តេច ហើយក៏មិនបំផ្លាញស្តេចឲ្យវិនាសសូន្យដែរ។ ម្យ៉ាងទៀតក្នុងស្រុកយូដាក៏នៅមានសេចក្តីល្អខ្លះៗដែរ។ ចុងបញ្ចប់នៃរជ្ជកាលស្តេចរេហូបោម 13 ស្តេចរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម។ កាលស្តេចឡើងសោយរាជ្យ ស្តេចមានអាយុសែសិបមួយឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែលអុលឡោះតាអាឡាបានជ្រើសរើស ពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ សម្រាប់នាមរបស់ទ្រង់។ ម្តាយរបស់ស្តេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។ 14 ស្តេចរេហូបោមបានប្រព្រឹត្តអំពើអាក្រក់ ដ្បិតស្តេចពុំបានផ្ចង់ចិត្តគំនិតស្វែងរកអុលឡោះតាអាឡាឡើយ។ 15 កិច្ចការរបស់ស្តេចរេហូបោម តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ណាពីសេម៉ាយ៉ា និងលោកអ៊ីដោជាអ្នកទាយ។ ស្តេចរេហូបោម និងស្តេចយេរ៉ូបោម តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជានិច្ច។ 16 កាលស្តេចរេហូបោមស្លាប់ គេបានយកសពទៅបញ្ចុះ នៅបុរីស្តេចទត។ ស្តេចអប៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។ |
© 2014 United Bible Societies, UK.
United Bible Societies