អេសាយ 26:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកស្លាប់របស់ឯងគេនឹងរស់ទៀត គេនឹងរស់ឡើងវិញជាមួយនឹងសពរបស់អញ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក។ ព្រះគម្ពីរខ្មែរសាកល ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកស្លាប់របស់ព្រះអង្គនឹងរស់ឡើងវិញ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលដេកនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងដោយអំណរចុះ! ដ្បិតទឹកសន្សើមរបស់ព្រះអង្គ ជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញមនុស្សស្លាប់មក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា អុលឡោះនឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលស្លាប់ទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។ |
រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលឯងដំរៀបក្បួនទ័ពដ៏ប្រដាប់ ដោយគ្រឿងបរិសុទ្ធ ពួកកំឡោះរបស់ឯង នឹងបានដូចជាទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាលមក
កំឡាំងទូលបង្គំហួតខ្សោះទៅ ដូចអំបែងឆ្នាំង អណ្តាតទូលបង្គំជាប់នៅក្រអូមមាត់ ទ្រង់បាននាំទូលបង្គំចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់
អស់អ្នកមានចិត្តស្កប់ស្កល់នៅផែនដីនឹងបរិភោគ ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលី នឹងឱនក្រាបនៅចំពោះទ្រង់ ហើយទាំងអ្នកដែលមិនអាចនឹងរក្សាជីវិតខ្លួនបានផង
៙ ទ្រង់បានឲ្យយើងខ្ញុំឃើញសេចក្ដីវេទនាដ៏លំបាក ជាច្រើនហើយ តែទ្រង់នឹងប្រោសឲ្យមានជីវិតចំរើនឡើងវិញ ទ្រង់នឹងនាំយើងខ្ញុំឡើងចេញពីទីជំរៅនៃផែនដី
៙ តើនឹងមានគេថ្លែងពីសេចក្ដីសប្បុរសទ្រង់នៅក្នុងផ្នូរ ឬពីសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅទីហិនវិនាសដែរឬអី
ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមកខ្ញុំដូច្នេះថា អញនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់អញ ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅកំពុងរដូវប្រមូលផល
ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ។
ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹកពីពែងនៃសេចក្ដីក្រោធរបស់ទ្រង់អើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ ឯងបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ
ហើយពួកអ្នកដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើងវិញជាច្រើន គឺខ្លះឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច នឹងខ្លះឲ្យបានសេចក្ដីអាម៉ាស់ខ្មាស ហើយឲ្យបានជាទីខ្ពើមឆ្អើម នៅអស់កល្បជានិច្ចវិញ
អញនឹងដោះគេ ឲ្យរួចពីកណ្តាប់ដៃនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏នឹងលោះគេឲ្យរួចពីសេចក្ដីស្លាប់ដែរ ឱសេចក្ដីស្លាប់អើយ ទុក្ខវេទនារបស់ឯងនៅឯណា ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ អំណាចបំផ្លាញរបស់ឯង តើនៅឯណា ឯសេចក្ដីឈឺចិត្តខ្មាសបាប នឹងបានកំបាំងពីភ្នែកអញ។
អញនឹងបានដូចទឹកសន្សើមដល់អ៊ីស្រាអែល គេនឹងផ្កាឡើងដូចជាផ្កាច័ន្ធូ ហើយចាក់ឫសទៅ ដូចជាព្រៃល្បាណូន
នៅតែ២ថ្ងៃ នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយ លុះដល់ថ្ងៃទី៣ ទ្រង់នឹងឲ្យយើងក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់
ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ឯដើមទំពាំងបាយជូរនឹងបង្កើតផល ហើយដីនឹងចំរើនផលដែរ ផ្ទៃមេឃក៏នឹងទំលាក់សន្សើមមក ហើយអញនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមរដក
អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន
បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោកពីឡាត់ក៏បង្គាប់ឲ្យប្រគល់ព្រះសពដល់គាត់
ហើយខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ ដែលគេក៏យល់ព្រមដែរ គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា
តែឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ
ហេតុនោះបានជាទ្រង់មានបន្ទូលថា «ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»
គោលលទ្ធិរបស់ខ្ញុំនឹងធ្លាក់មកដូចជាភ្លៀង ហើយពាក្យសំដីខ្ញុំនឹងចុះដូចជាទឹកសន្សើម គឺដូចជាភ្លៀងរលឹម មកលើស្មៅល្បាស់ខ្ចី ហើយដូចជាភ្លៀង១មេមកលើតិណជាតិទាំងឡាយដែរ
ឯពួកយ៉ូសែប នោះក៏ថា ស្រុកគេមានពរពីព្រះយេហូវ៉ាជារបស់ថ្លៃវិសេសពីលើមេឃ គឺជាទឹកសន្សើម ហើយពីទីជំរៅនៅខាងក្រោមផង
ឯពួកអ៊ីស្រាអែល គេនៅដោយសុខសាន្ត ហើយក្បាលទឹករបស់យ៉ាកុប នោះនៅតែឯងក្នុងស្រុកដែលមានស្រូវ មានទំពាំងបាយជូរ ឯមេឃ នោះក៏ទំលាក់ទឹកសន្សើមមកដែរ
ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ នឹងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនឹងសេចក្ដីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្ដីស្លាប់ផង
ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជារូបអង្គឧត្តមរបស់ទ្រង់ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង។
ឯសេចក្ដីស្លាប់ ហើយនឹងជីវិត នោះស្រេចនៅព្រះយេហូវ៉ា ទ្រង់នាំចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏នាំឡើងមកវិញដែរ