ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 21:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​ចង្កេះ​ខ្ញុំ​ចុក​សៀត​ជា​ខ្លាំង សេចក្ដី​ឈឺ‌ចាប់​បាន​គ្រប​សង្កត់​ខ្ញុំ​ដូច​ជា​ស្ត្រី​ឈឺ​នឹង​សំរាល ខ្ញុំ​បាន​វល់​គំនិត​ដល់​ម៉្លេះ បាន​ជា​ស្តាប់​អ្វី​មិន​ឮ ក៏​ញ័រ​ខ្លួន​ទទាក់ ដល់​ម៉្លេះ​បាន​ជា​មើល​អ្វី​មិន​ឃើញ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហេតុនេះហើយបានជា​ចង្កេះ​របស់ខ្ញុំ​ពេញ​ដោយ​ការឈឺចាប់ ការឈឺចុកចាប់​បាន​ចាប់​ខ្ញុំ ដូច​ការឈឺចុកចាប់​របស់​ស្ត្រីដែល​កំពុង​សម្រាលកូន​។ ខ្ញុំ​វិលវល់​បានជាស្ដាប់មិនឮ ខ្ញុំ​តក់ស្លុត​បានជាមើលមិនឃើញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នោះ​បាន​ជា​ចង្កេះ​ខ្ញុំ​ចុក​សៀត​ជា​ខ្លាំង សេចក្ដី​ឈឺ​ចាប់​បាន​គ្រប​សង្កត់​ខ្ញុំ ដូច​ជា​ស្ត្រី​ឈឺ​នឹង​សម្រាល ខ្ញុំ​បាន​វល់​គំនិត ដល់​ម៉្លេះ​បាន​ជា​ស្តាប់​អ្វី​មិន​ឮ ក៏​ញ័រ​ខ្លួន​ទទាក់ ដល់​ម៉្លេះ​បាន​ជា​មើល​អ្វី​មិន​ឃើញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈឺ​ចាប់ សព្វ​សព៌ាង្គ​កាយ ខ្ញុំ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កំពុង​តែ​សម្រាល​កូន។ ខ្ញុំ​រំជួល​ចិត្ត រក​ស្ដាប់​អ្វី​មិន​ឮ ខ្ញុំ​រន្ធត់​ចិត្ត រក​មើល​អ្វី​មិន​ឃើញ​សោះ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈឺ​ចាប់ សព្វ​សព៌ាង្គ​កាយ ខ្ញុំ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កំពុង​តែ​សំរាល​កូន។ ខ្ញុំ​រំជួល​ចិត្ត រក​ស្ដាប់​អ្វី​មិន​ឮ ខ្ញុំ​រន្ធត់​ចិត្ត រក​មើល​អ្វី​មិន​ឃើញ​សោះ​ឡើយ។

សូមមើលជំពូក



អេសាយ 21:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​នោះ​គេ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ​គ្រប់​គ្នា ក៏​ឈឺ‌ចាប់​ដូច​ជា​ស្ត្រី​ដែល​សំរាល​កូន


គេ​នឹង​ស្រយុត​ចិត្ត​ទៅ សេចក្ដី​ឈឺ‌ចាប់នឹង​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចាប់​គេ​បាន គេ​នឹង​ឈឺ‌ចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន គេ​នឹង​ស្រឡាំង‌កាំង មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ទឹក​មុខ​ស្រមេះ


ចិត្ត​ខ្ញុំ​ក៏​ស្រែក​ឡើង​នឹង​ម៉ូអាប់​ដែរ ពួក​គេ​ដែល​រត់​យោង​ខ្លួន ក៏​រត់​រហូត​ដល់​ក្រុង​សូអារ ដូច​ជា​គោ​ឈ្មោល​អាយុ​៣​ខួប គេ​ដើរ​ទៅ​ទាំង​យំ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ក្រុង​លូគីត គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញ​តាម​ផ្លូវ​ទៅ​ឯ​ក្រុង​ហូរ៉ូណែម


ហេតុ​នោះ ពោះ​អញ​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សូរ​នៃ​ស៊ុង ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​អញ​ដែរ ពី​ព្រោះ​គារ-ហារ៉ាសែត


ដូច្នេះ អញ​នឹង​យំ​ចំពោះ​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា ដូច​ជា​ការ​យំ​របស់​ពួក​យ៉ាស៊ើរ​ដែរ ឱ​ក្រុង​ហែសបូន នឹង​ក្រុង​អេលាលេ​អើយ អញ​នឹង​ស្រោច​ឯង​ដោយ​ទឹក​ភ្នែក ដ្បិត​សូរ​សំរែក​របស់​សឹក​សង្គ្រាម​បាន​ធ្លាក់​មក​ចំ​នឹង​ការ​ប្រមូល​ផល នឹង​ការ​ច្រូត​កាត់​របស់​ឯង​ហើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ ស្ត្រី​មាន​គភ៌​ដែល​ហៀប​នឹង​សំរាល នាង​ឈឺ‌ចាប់ ហើយ​ស្រែក​ដោយ​ឈឺ​ជា​ខ្លាំង​យ៉ាង​ណា ឯ​យើង​ខ្ញុំ​ក៏​ដូច្នោះ នៅ​ចំពោះ​ទ្រង់​ដែរ


ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​សេចក្ដី​ឈឺ‌ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ឱ​ព្រលឹង​អញ​អើយ ឯង​បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចំបាំង​ហើយ


កេរីយ៉ុត​ត្រូវ​ចាប់​យក​ហើយ គេ​ក៏​ចាប់​បាន​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន​ដែរ នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់ នឹង​បាន​ដូច​ជា​ចិត្ត​របស់​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន


មើល គេ​នឹង​ឡើង​មក ទាំង​ហើរ​ដូច​ជា​ឥន្ទ្រី គេ​នឹង​ត្រដាង​ស្លាប​លើ​ក្រុង​បុសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​នៅ​ស្រុក​អេដំម នឹង​បាន​ដូច​ជា​ចិត្ត​នៃ​ស្រី ដែល​រៀប​នឹង​សំរាល​កូន។


ស្តេច​ក្រុង​បាប៊ីឡូន​បាន​ឮ​ដំណឹង​ពី​គេ ព្រះ‌ហស្ត​ទ្រង់​ក៏​ខ្សោយ​ទៅ មាន​សេចក្ដី​ថប់​ព្រួយ​ចាប់​ទ្រង់ ទ្រង់​ក៏​ឈឺ‌ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន


យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​កើត​មាន​សេចក្ដី​បារម្ភ​ព្រួយ ព្រម​ទាំង​ឈឺ‌ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សំរាល​កូន


ខ្ញុំ​បាន​ឮ ហើយ​ពោះ​ខ្ញុំ​ក៏​ញ័រ​ប៉ផុក បបូរ​មាត់​ខ្ញុំ​ក៏​ញ័រ​ទទាក់ ដោយ​ឮ​សំឡេង​នោះ មាន​សេចក្ដី​ពុក‌រលួយ​ចូល​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ខ្ញុំ​ក៏​ភ័យ‌ញ័រ​នៅ​ក្នុង​ខ្លួន ពី​ព្រោះ​ខ្ញុំ​ត្រូវ​រង់‌ចាំ​ថ្ងៃ​វេទនា​ដោយ​អំណត់ គឺ​រង់‌ចាំ​សាសន៍​ដែល​ទន្ទ្រាន​ចូល បាន​មក​ដល់


ឯ​ស្ត្រី កាល​ណា​ហៀប​នឹង​សំរាល​កូន នោះ​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​កំណត់​ហើយ តែ​កាល​ណា​សំរាល​រួច​មក នោះ​លែង​នឹក​ពី​សេចក្ដី​វេទនា​នោះ​ហើយ ពី​ព្រោះ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​មាន​កូន​មួយ​កើត​មក​ក្នុង​លោក


នៅ​ពេល​ព្រឹក ឯង​នឹង​ថា ឱ​កាល​ណា​បាន​ល្ងាច​ទៅ​ហ្ន៎ ហើយ​ដល់​ពេល​ល្ងាច នោះ​នឹង​ថា ឱ​កាល​ណា​បាន​ព្រឹក​ឡើង​ទៅ​ហ្ន៎ គឺ​ដោយ​ព្រោះ​សេចក្ដី​ភិត‌ភ័យ​នៅ​ក្នុង​ចិត្ត​ឯង ដែល​នាំ​ឲ្យ​ឯង​ខ្លាច​នោះ ហើយ​ដោយ​ព្រោះ​ការ​ដែល​ភ្នែក​ឯង​នឹង​ឃើញ​ផង


ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិន‌វិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ