ទំនុកតម្កើង 48 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកចំរៀងជារបស់កូនចៅកូរេ។ 1 ព្រះយេហូវ៉ាទ្រង់ធំប្រសើរ ហើយគួរសរសើរណាស់ ក្នុងទីក្រុងរបស់ព្រះនៃយើងខ្ញុំ គឺនៅលើភ្នំបរិសុទ្ធនៃទ្រង់ 2 ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអ ដោយនៅលើទីខ្ពស់ ជាទីរីករាយចិត្តដល់ផែនដីទាំងមូល គឺជាទីក្រុងនៃមហាក្សត្រដ៏ធំ 3 ព្រះទ្រង់បានសំដែងថា ទ្រង់ជាទីពឹងនៅក្នុង ព្រះរាជវាំងនៃក្រុងនោះ។ 4 ៙ ដ្បិតមើល ពួកមហាក្សត្រទាំងប៉ុន្មានបានប្រជុំគ្នា ក៏នាំគ្នាយាងទៅតាមទីនោះ 5 គ្រាឃើញទីក្រុង នោះក៏អស្ចារ្យក្នុងចិត្ត គេមានសេចក្ដីតក់ស្លុត រួចរត់ចេញបាត់ទៅ 6 នៅទីនោះគេកើតមានសេចក្ដីភ័យញ័រគ្រប់គ្នា ក៏ឈឺចាប់ដូចជាស្ត្រីដែលសំរាលកូន 7 ទ្រង់បានបំបាក់បំបែកនាវាតើស៊ីស ដោយខ្យល់ពីទិសខាងកើត 8 នៅក្នុងទីក្រុងរបស់ព្រះនៃពួកពលបរិវារ គឺជាក្រុងរបស់ព្រះនៃយើងខ្ញុំ នោះយើងខ្ញុំបានឃើញមាន ដូចជាបានឮរៀងមកហើយ ព្រះទ្រង់នឹងតាំងទីក្រុងនោះ ឲ្យនៅជាប់ជារៀងរាបដរាបទៅ។ –បង្អង់ 9 ៙ ឱព្រះអង្គអើយ នៅកណ្តាលព្រះវិហារនៃទ្រង់ នោះយើងខ្ញុំបាននឹករំពឹងពីសេចក្ដីសប្បុរសរបស់ទ្រង់ 10 ឱព្រះអង្គអើយ ដែលល្បីព្រះនាមទ្រង់ បានឮសុសសាយយ៉ាងណា នោះសេចក្ដីសរសើរនៃទ្រង់ក៏បានដល់ចុងផែនដីបំផុត យ៉ាងនោះដែរ ព្រះហស្តស្តាំនៃទ្រង់មានពេញដោយសេចក្ដីសុចរិត 11 គួរឲ្យក្រុងស៊ីយ៉ូនមានសេចក្ដីអំណរ គួរឲ្យពួកកូនស្រីសាសន៍យូដាបានរីករាយឡើង ដោយព្រោះសេចក្ដីយុត្តិធម៌របស់ទ្រង់ 12 ចូរដើរសព្វគ្រប់ក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញផង ហើយរាប់អស់ទាំងប៉មនៃទីក្រុង 13 ចូរសង្កេតមើលកំផែងទាំងប៉ុន្មានឲ្យមែនទែន ហើយពិចារណាព្រះរាជវាំងនោះផង ដើម្បីនឹងថ្លែងប្រាប់ដល់កូនចៅតទៅ 14 ដ្បិតព្រះនេះ ទ្រង់ជាព្រះនៃយើងខ្ញុំនៅអស់កល្បជានិច្ច ទ្រង់នឹងធ្វើជាអ្នកនាំមុខយើងខ្ញុំ ដរាបដល់អស់ជីវិតផង។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia