នេហេមា 9:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់តែ១ដែលជាព្រះឯកអង្គ ទ្រង់បានបង្កើតផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅលើនោះ នឹងផែនដី ហើយសមុទ្រ នឹងរបស់សព្វសារពើដែលនៅស្ថានទាំងនោះផង ទ្រង់ក៏ទប់ទល់ជីវិតនៃរបស់ទាំងនោះ ហើយពួកពលនៅលើមេឃ ក៏ថ្វាយបង្គំដល់ទ្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអែសរ៉ាទូលថា៖ «ព្រះអង្គតែមួយដែលជាព្រះឯកអង្គ ព្រះអង្គបានបង្កើតផ្ទៃមេឃ គឺអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅជាន់ទាំងនោះ ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ហើយសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្រ ព្រះអង្គប្រទានជីវិតឲ្យរបស់ទាំងអស់នោះ ហើយពួកពលបរិវារនៅលើមេឃ ថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែព្រះអង្គទេដែលជាព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ ព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុត និងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃ ព្រះអង្គក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ ព្រះអង្គប្រទានជីវិតដល់អ្វីៗសព្វសារពើ ហ្វូងតារាទាំងអស់នៅលើមេឃ នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ អាល់គីតាប មានតែអុលឡោះតាអាឡាទេដែលជាម្ចាស់ ទ្រង់បានបង្កើតផ្ទៃមេឃ ព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុត និងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃ ទ្រង់ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ ទ្រង់ប្រទានជីវិតដល់អ្វីៗសព្វសារពើ ហ្វូងតារាទាំងអស់នៅលើមេឃ នាំគ្នាក្រាបថ្វាយបង្គំទ្រង់ |
បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែ១ ហើយឲ្យមានទីគោកដុះលេចឡើង នោះក៏មានដូច្នោះ
កាលឃើញហើយនោះគាត់និយាយថា នេះជាពួកពលរបស់ព្រះ គាត់ក៏ហៅកន្លែងនោះថា ម៉ាហាណែម។
នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គ ទាំងខាងស្តាំ នឹងខាងឆ្វេង
យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអំបាលម៉ានទៅទៀត
ហើយទ្រង់អធិស្ឋាន នៅចំពោះព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់គង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គទ្រង់ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ទ្រង់បានបង្កើតផ្ទៃមេឃនឹងផែនដី
ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃគេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដី បានដឹងថា គឺទ្រង់ ជាព្រះយេហូវ៉ា ដែលជាព្រះតែ១ព្រះអង្គទេ។
រួចយេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា នឹងពេថាហ៊ីយ៉ា ជាពួកលេវី គេប្រកាសថា ចូរឈរឡើង សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលគង់នៅអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច បានប្រកបដោយព្រះពរ ត្រូវតែសូមឲ្យព្រះនាមរបស់ទ្រង់ ជាព្រះនាមដ៏រុងរឿង បានពរដែរ ជាពរដែលខ្ពស់លើសជាងអស់ទាំងពរ នឹងសេចក្ដីសរសើរផង
ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកពលបរិវារ របស់ទ្រង់អើយ ជាពួកអ្នកបំរើទ្រង់ដែលធ្វើតាមព្រះហឫទ័យ
ឯសេចក្ដីជំនួយរបស់យើង គឺដោយពឹងដល់ ព្រះនាមព្រះយេហូវ៉ា ដែលទ្រង់បានបង្កើតផ្ទៃមេឃ នឹងផែនដី។
ជាព្រះដែលបង្កើតផ្ទៃមេឃ នឹងផែនដី ព្រមទាំងសមុទ្រនឹងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះផង ទ្រង់ក៏រក្សាសេចក្ដីពិតត្រង់ជាដរាប
តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាមហាក្សត្រដ៏មានសិរីល្អនោះឯង។ បង្អង់
ផ្ទៃមេឃបានកើតមក ដោយសារព្រះបន្ទូលព្រះយេហូវ៉ា ហើយពួកបរិវារនៅលើនោះ បានកើតដោយសារខ្យល់ ពីព្រះឱស្ឋទ្រង់
សេចក្ដីសុចរិតរបស់ទ្រង់ដូចជាភ្នំនៃព្រះ សេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ទ្រង់ទំនុកបំរុងទាំងមនុស្ស នឹងសត្វផង
ឱព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលគង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដី ទ្រង់បានបង្កបង្កើតផ្ទៃមេឃ នឹងផែនដី
ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ទ្រង់ជាព្រះយេហូវ៉ា គឺទ្រង់តែ១ព្រះអង្គទេ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ
ព្រះយេហូវ៉ា ដ៏ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែលហើយជាអ្នកដែលប្រោសលោះគេ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា អញជាដើម ហើយជាចុង ក្រៅពីអញគ្មានព្រះណាទៀតឡើយ
កុំឲ្យភ័យឡើយ ក៏កុំឲ្យខ្លាចដែរ តើអញមិនបានប្រាប់ ហើយបង្ហាញដល់ឯងតាំងតែពីដើមមកទេឬ គឺឯរាល់គ្នាជាស្មរបន្ទាល់របស់អញ តើមានព្រះណាក្រៅពីអញឬទេ អើ គ្មានថ្មដាណាទៀតឡើយ អញមិនស្គាល់ណាមួយសោះ។
អញបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃអញដែលបានលាតផ្ទៃមេឃ ហើយអញបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ
ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ នឹងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ នឹងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ
អញក៏ឲ្យក្រឹត្យក្រមរបស់អញដល់គេ ព្រមទាំងសំដែងឲ្យគេស្គាល់បញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ដែលបើអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ
នោះលោកប្រាប់គេថា ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលទ្រង់បានបង្កើតសមុទ្រ នឹងដីគោកផង
កាលពួកជំនុំបានឮដូច្នោះ នោះក៏បន្លឺឧទានព្រមគ្នា ទូលដល់ព្រះថា ឱព្រះដ៏ជាម្ចាស់ធំបំផុតអើយ គឺទ្រង់ជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី នឹងសមុទ្រ ហើយរបស់ទាំងអស់ ដែលនៅស្ថានទាំងនោះផង
មើល ផ្ទៃមេឃ ហើយអស់ទាំងជាន់ផ្ទៃមេឃខាងលើ នឹងផែនដី ព្រមទាំងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះ សុទ្ធតែជារបស់ផងព្រះយេហូវ៉ាជាព្រះនៃឯង
ដូច្នេះចូរឯងដឹងថា គឺអញនេះហើយដែលជាព្រះ គ្មានព្រះឯណាទៀតក្រៅពីអញឡើយ អញជាអ្នកសំឡាប់ ហើយជាអ្នកប្រោសឲ្យរស់ អញជាអ្នកវាយឲ្យមានរបួស ហើយជាអ្នកមើលឲ្យជាផង គ្មានអ្នកណានឹងដោះឲ្យរួចពីកណ្តាប់ដៃអញបានឡើយ
ចូរស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់
គឺទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់ ទាំងទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់ ហើយក្រោយដែលបានសំអាតអំពើបាប របស់យើងរាល់គ្នាទាំងប៉ុន្មាន នោះក៏គង់នៅខាងស្តាំនៃឫទ្ធានុភាពនៅលើស្ថានដ៏ខ្ពស់
ហើយម្តងទៀត កាលទ្រង់ឲ្យព្រះរាជបុត្រាមកក្នុងលោកីយ នោះទ្រង់មានបន្ទូលថា «ចូរឲ្យអស់ទាំងទេវតានៃព្រះថ្វាយបង្គំចុះ»
ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរន្ធទឹកទាំងប៉ុន្មានចុះ។
ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម នឹងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង។