ទំនុកតម្កើង 24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកនៃស្តេចដាវីឌ។ 1 ផែនដី នឹងសារពើនៅផែនដី ជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ នឹងបណ្តាអ្នកដែលនៅលោកីយផង 2 ដ្បិតទ្រង់បានប្រតិស្ឋានផែនដីនៅលើសមុទ្រ ហើយបានតាំងឲ្យមាំមួននៅលើទឹកទាំងពួង។ 3 ៙ តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន 4 គឺជាអ្នកដែលមានដៃស្អាត នឹងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្តោយឲ្យព្រលឹងខ្លួនទៅតាម សេចក្ដីភូតភរ ហើយមិនបានស្បថប្រវ័ញ្ចគេឡើយ 5 អ្នកនោះនឹងទទួលពរពីព្រះយេហូវ៉ា ហើយនឹងសេចក្ដីសុចរិតពីព្រះដ៏ជួយសង្គ្រោះខ្លួន 6 នោះហើយ ជាពួកអ្នកដែលរកតាមទ្រង់ គឺដែលស្វែងរកព្រះភក្ត្រទ្រង់ក្នុងពួកយ៉ាកុប។ បង្អង់ 7 ៙ ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក 8 តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា គឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា នឹងឥទ្ធិឫទ្ធិ ជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចំបាំង 9 ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក 10 តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាមហាក្សត្រដ៏មានសិរីល្អនោះឯង។ បង្អង់ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia