ទំនុកតម្កើង 115 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 មិនមែនយើងខ្ញុំ ឱព្រះយេហូវ៉ាអើយ មិនមែនយើងខ្ញុំដែលគួរលើកដំកើងទេ សូមទ្រង់លើកដំកើងព្រះនាមនៃទ្រង់វិញ ដោយយល់ដល់សេចក្ដីសប្បុរស នឹងសេចក្ដីពិតត្រង់របស់ទ្រង់ 2 តើមានទំនងអ្វីឲ្យពួកសាសន៍ដទៃសួរថា តើព្រះគេនៅឯណា 3 ចំណែកព្រះនៃយើងខ្ញុំ ទ្រង់គង់នៅស្ថានសួគ៌ ទ្រង់បានធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ហើយ 4 ឯព្រះរបស់គេ នោះសុទ្ធតែជារូប ធ្វើពីប្រាក់នឹងមាស ជាស្នាដៃដែលមនុស្សធ្វើ 5 រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ 6 មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន 7 មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរឡើយ ក៏មិនចេះបញ្ចេញសំឡេងតាមបំពង់កផង 8 ជាងដែលធ្វើ អើ អស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ គេនឹងបានដូចជារូបនោះដែរ 9 ឱអ៊ីស្រាអែលអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ ទ្រង់ជាអ្នកជួយ នឹងជាខែលរបស់ឯង 10 ឱពួកវង្សអើរ៉ុនអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ ទ្រង់ជាអ្នកជួយ នឹងជាខែលរបស់ឯង 11 ឱពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ ទ្រង់ជាអ្នកជួយ នឹងជាខែលរបស់ឯង 12 ព្រះយេហូវ៉ាទ្រង់បាននឹកចាំពីយើងខ្ញុំ ទ្រង់នឹងប្រទានពរពិត ទ្រង់នឹងប្រទានពរដល់ពួក វង្សអ៊ីស្រាអែល ទ្រង់នឹងប្រទានពរដល់ពួកវង្សអើរ៉ុន 13 ទ្រង់នឹងប្រទានពរដល់អស់អ្នក ទាំងតូចទាំងធំ ដែលកោតខ្លាចព្រះយេហូវ៉ា 14 សូមព្រះយេហូវ៉ាចំរើនឯងរាល់គ្នា ឲ្យកាន់តែច្រើនឡើង គឺឯងរាល់គ្នា ហើយនឹងកូនចៅរបស់ឯងរាល់គ្នាផង 15 ឯងរាល់គ្នាបានពរពីព្រះយេហូវ៉ា ជាព្រះដែលបាន បង្កើតផ្ទៃមេឃ នឹងផែនដី 16 ឯស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ា ចំណែកផែនដីវិញ នោះទ្រង់បានប្រគល់ដល់មនុស្សជាតិ 17 មនុស្សស្លាប់រមែងមិនសរសើរដល់ព្រះយេហូវ៉ាទេ ព្រមទាំងមនុស្សដែលចុះទៅនៅឯស្ថានស្ងាត់ឈឹងផង 18 តែចំណែកយើងខ្ញុំ នឹងសូមឲ្យព្រះយេហូវ៉ាបានប្រកប ដោយព្រះពរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បតទៅ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia