ទំនុកតម្កើង 39:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ ដែលទូលបង្គំអធិស្ឋាន សូមផ្ទៀងព្រះកាណ៌ស្តាប់សំរែកទូលបង្គំផង សូមទ្រង់កុំនៅធ្មឹងនឹងទឹកភ្នែកនៃទូលបង្គំឡើយ ដ្បិតទូលបង្គំជាអ្នកដទៃនៅចំពោះទ្រង់ ជាអ្នកស្នាក់នៅដូចជាពួកឰយុកោ ទូលបង្គំទាំងអស់គ្នាដែរ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ហើយផ្ទៀងព្រះកាណ៌នឹងសម្រែករបស់ទូលបង្គំផង! សូមកុំនៅស្ងៀមចំពោះទឹកភ្នែករបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំជាជនរស់នៅបណ្ដោះអាសន្នដែលនៅជាមួយព្រះអង្គ ជាជនសាត់អណ្ដែត ដូចដូនតាទាំងអស់របស់ទូលបង្គំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលបង្គំផង សូមកុំព្រងើយកន្ដើយនឹងទឹកភ្នែកទូលបង្គំ ដ្បិតទូលបង្គំគ្រាន់តែជាអ្នកស្នាក់នៅ ជាភ្ញៀវរបស់ព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំទាំងអស់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែករបស់ទូលបង្គំផង សូមកុំព្រងើយកន្តើយនឹងទំនួញ យំសោករបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំគ្រាន់តែស្នាក់នៅ ជាបណ្តោះអាសន្នជាមួយព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំប៉ុណ្ណោះ។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមស្តាប់ពាក្យសូមអង្វររបស់ខ្ញុំ សូមស្តាប់សំរែករបស់ខ្ញុំផង សូមកុំព្រងើយកន្តើយនឹងទំនួញ យំសោករបស់ខ្ញុំឡើយ ដ្បិតខ្ញុំគ្រាន់តែស្នាក់នៅ ជាបណ្តោះអាសន្នជាមួយទ្រង់ ដូចបុព្វបុរសរបស់ខ្ញុំប៉ុណ្ណោះ។ |
យ៉ាកុបទូលឆ្លើយថា ចំនួនឆ្នាំដែលទូលបង្គំសំចតនៅនោះបានតែ១៣០ឆ្នាំទេ អស់ទាំងឆ្នាំអាយុនៃទូលបង្គំបានតិចណាស់ ហើយអាក្រក់ផង មិនដល់នឹងចំនួនឆ្នាំអាយុ ដែលពួកឰយុកោរបស់ទូលបង្គំបានសំចតនៅនោះទេ
ប្រហែលជាព្រះយេហូវ៉ា ទ្រង់នឹងទតមើលសេចក្ដីវេទនារបស់យើងទេដឹង រួចទ្រង់នឹងប្រោសសេចក្ដីល្អមកយើង ជំនួសសេចក្ដីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ
ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើរាស្ត្រអញថា ព្រះយេហូវ៉ា ជាព្រះនៃដាវីឌឰយុកោឯង ទ្រង់មានបន្ទូលដូច្នេះ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងប្រោសឲ្យឯងបានជា រួចដល់ថ្ងៃទី៣ ឯងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន
ពីព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះទ្រង់ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាពួកឰយុកោយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ
ទោះបើទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាតបានកាត់អស់ហើយផង។
ឱព្រះយេហូវ៉ាអើយ សូមស្តាប់ សេចក្ដីអធិស្ឋានរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំអំពាវនាវបានឮដល់ទ្រង់
ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ហើយសេចក្ដីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានចាប់ខ្ញុំ ខ្ញុំក៏កើតមានទុក្ខវេទនា នឹងព្រួយបារម្ភ
ទូលបង្គំជាមនុស្សគ្រាន់តែស្នាក់នៅផែនដីប៉ុណ្ណោះ សូមកុំលាក់សេចក្ដីបង្គាប់របស់ទ្រង់នឹងទូលបង្គំឡើយ
អស់ទាំងបញ្ញត្តរបស់ទ្រង់ជាបទចំរៀងរបស់ទូលបង្គំ នៅក្នុងផ្ទះដែលទូលបង្គំអាស្រ័យនៅ
ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី
ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅ ដោយសេចក្ដីក្រោធនៃទ្រង់ យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ
មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់ផងអញ ឯងរាល់គ្នាជាអ្នកប្រទេសក្រៅ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអញប៉ុណ្ណោះទេ
ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ជាដរាប ហើយដឹងថា ដែលយើងខ្ញុំនៅក្នុងរូបកាយនេះ នោះយើងខ្ញុំនៅឃ្លាតពីព្រះអម្ចាស់
ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្ដីជំនឿ ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ
ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់
ហើយបើសិនជាអ្នករាល់គ្នាអំពាវនាវដល់ទ្រង់ ទុកដូចជាព្រះវរបិតាដែលទ្រង់ជំនុំជំរះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវតែប្រព្រឹត្តដោយកោតខ្លាច ក្នុងកាលដែលនៅសំណាក់ក្នុងជីវិតនេះនៅឡើយចុះ
ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នក ដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ