វិវរណៈ 19:15 - ព្រះគម្ពីរខ្មែរសាកល មានដាវមួយដ៏មុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ ដើម្បីប្រហារប្រជាជាតិនានា។ ព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រមទាំងជាន់ទីបញ្ជាន់ផ្លែទំពាំងបាយជូរនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះដ៏មានព្រះចេស្ដា។ Khmer Christian Bible មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គមកដើម្បីឲ្យព្រះអង្គប្រហារជនជាតិទាំងឡាយដោយសារដាវនោះ ហើយព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រះអង្គក៏ជាន់ក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនៃសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារអស់ទាំងសាសន៍ ហើយព្រះអង្គនឹងគ្រប់គ្រងគេ ដោយដំបងដែក។ ព្រះអង្គនឹងជាន់ក្នុងធុងឃ្នាបស្រាទំពាំងបាយជូរ ជាសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ព្រះដ៏មានព្រះចេស្តាបំផុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារជាតិសាសន៍ទាំងឡាយព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេ ហើយព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុង ឲ្យចេញជាស្រានៃព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានដាវយ៉ាងមុតចេញពីព្រះឱស្ឋទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្ដីឃោរឃៅរបស់សេចក្ដីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត អាល់គីតាប មានដាវមួយយ៉ាងមុតចេញពីមាត់របស់គាត់ មកប្រហារជាតិសាសន៍ទាំងឡាយគាត់នឹងកាន់ដំបងដែកដឹកនាំគេ ហើយគាត់ជាន់ទំពាំងបាយជូរនៅក្នុងធុងឲ្យចេញជាស្រានៃកំហឹងដ៏ខ្លាំងក្លារបស់អុលឡោះ ដ៏មានអំណាចលើអ្វីៗទាំងអស់។ |
គឺលោកនឹងជំនុំជម្រះអ្នកក្រខ្សត់ដោយសេចក្ដីសុចរិតយុត្តិធម៌ ហើយសម្រេចសេចក្ដីឲ្យមនុស្សតូចទាបនៅផែនដីដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ ព្រមទាំងសម្លាប់មនុស្សអាក្រក់ដោយខ្យល់ដង្ហើមនៃបបូរមាត់ផង។
ជាការពិត កន្លែងបូជាត្រូវបានរៀបចំតាំងពីបុរាណមក មែនហើយ ទីនោះត្រូវបានត្រៀមទុកសម្រាប់ស្ដេច។ ព្រះអង្គបានធ្វើឲ្យគំនរភ្លើងនោះជ្រៅ ហើយធំទូលាយ ទាំងមានភ្លើង និងអុសជាច្រើន គឺខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ា បញ្ឆេះទីនោះដូចជាទន្លេស្ពាន់ធ័រ៕
គាត់នឹងធ្វើឲ្យចិត្តរបស់ឪពុកបែរមករកកូន ហើយធ្វើឲ្យចិត្តរបស់កូនបែរមករកឪពុកវិញ ក្រែងលោយើងមកវាយកម្ទេចផែនដីដោយការបំផ្លាញទាំងស្រុង”៕:៚
បន្ទាប់មក មនុស្សនៃការឥតច្បាប់នឹងលេចមក ហើយព្រះអម្ចាស់យេស៊ូវនឹងសម្លាប់វាដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ ទាំងបំផ្លាញវាដោយរស្មីនៃការយាងមកវិញរបស់ព្រះអង្គ។
លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំរបស់លោក ហើយមានដាវមុខពីរដ៏មុត ចេញពីមាត់របស់លោក; មុខលោកដូចជាព្រះអាទិត្យដែលបញ្ចេញពន្លឺពេលពេញកម្ដៅ។
ស្ត្រីនោះសម្រាលបានកូនប្រុសមួយ ដែលត្រូវគ្រប់គ្រងប្រជាជាតិទាំងអស់ដោយដំបងដែក ហើយកូនរបស់នាងនោះក៏ត្រូវបានឆក់យកទៅដល់ព្រះ និងដល់បល្ល័ង្ករបស់ព្រះអង្គ។
អ្នកនោះនឹងផឹកស្រានៃសេចក្ដីក្រេវក្រោធរបស់ព្រះ ដែលត្រូវបានចាក់ដោយឥតលាយ ទៅក្នុងពែងនៃព្រះពិរោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងរងការឈឺចាប់ក្នុងភ្លើង និងស្ពាន់ធ័រ នៅមុខបណ្ដាទូតសួគ៌ដ៏វិសុទ្ធ និងនៅមុខកូនចៀម។
រីឯអ្នកឯទៀត ត្រូវបានសម្លាប់ដោយដាវដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់លើសេះ នោះបក្សាបក្សីទាំងអស់ក៏ចម្អែតពោះដោយសាច់អ្នកទាំងនោះ៕
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅពើកាម៉ុសថា: ‘ព្រះអង្គដែលមានដាវមុខពីរដ៏មុត មានបន្ទូលដូច្នេះ:
ដូច្នេះ ចូរកែប្រែចិត្ត បើមិនដូច្នោះទេ យើងនឹងមករកអ្នកភ្លាម ហើយច្បាំងនឹងពួកគេដោយដាវពីមាត់របស់យើង។