ដានីយ៉ែល 9:9 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីមេត្តា និងការលើកលែងទោសជារបស់ព្រះអម្ចាស់ដ៏ជាព្រះនៃយើងខ្ញុំ ទោះបីជាយើងខ្ញុំបានបះបោរនឹងព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសេចក្ដីមេត្តាករុណា និងការអត់ទោស នោះជារបស់ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ តែព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ហើយលើកលែងទោសឲ្យយើងខ្ញុំជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីមេត្តាករុណា នឹងសេចក្ដីអត់ទោស នោះជារបស់ផងព្រះដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំវិញ ទោះបើយើងខ្ញុំបានបះបោរនឹងទ្រង់ក៏ដោយ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងទ្រង់ តែទ្រង់ប្រកបដោយចិត្តអាណិតអាសូរ ហើយលើកលែងទោសឲ្យយើងខ្ញុំជានិច្ច។ |
អ៊ីស្រាអែលអើយ ចូរសង្ឃឹមលើព្រះយេហូវ៉ា ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលនៅនឹងព្រះយេហូវ៉ា ហើយសេចក្ដីប្រោសលោះដ៏បរិបូរក៏នៅនឹងព្រះអង្គដែរ!
ព្រះអម្ចាស់នៃទូលបង្គំអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលក៏ជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួន៕
ប៉ុន្តែព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាព្រះដ៏មានសេចក្ដីមេត្តាករុណា និងមានព្រះគុណ ក៏យឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ដ៏លើសលប់!
ដ្បិតព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គទ្រង់ល្អ ហើយប្រុងនឹងលើកលែងទោស; ព្រះអង្គទ្រង់មានសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏លើសលប់ដល់អស់អ្នកដែលស្រែកហៅព្រះអង្គ!
ចូរឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនចោល ចូរឲ្យមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនចោល ហើយឲ្យពួកគេត្រឡប់មករកព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាពួកគេ ក៏ឲ្យពួកគេត្រឡប់មករកព្រះរបស់ពួកយើងវិញ ដ្បិតព្រះអង្គនឹងលើកលែងទោសជាបរិបូរ។
ខ្ញុំនឹងលើកឡើងនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ា និងសេចក្ដីសរសើរតម្កើងនៃព្រះយេហូវ៉ា តាមអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានប្រទានដល់ពួកយើង និងតាមសេចក្ដីល្អដ៏ធំចំពោះវង្សត្រកូលអ៊ីស្រាអែល ដែលព្រះអង្គបានប្រទានដល់ពួកគេតាមសេចក្ដីមេត្តារបស់ព្រះអង្គ និងតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ។
យើងខ្ញុំបានប្រព្រឹត្តបាប បានប្រព្រឹត្តអំពើទុច្ចរិត បានប្រព្រឹត្តអាក្រក់ បានបះបោរ ព្រមទាំងបានបែរចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គ និងច្បាប់របស់ព្រះអង្គផង។
យើងខ្ញុំមិនបានស្ដាប់តាមបណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គ ដែលនិយាយក្នុងព្រះនាមរបស់ព្រះអង្គ ដល់ពួកស្ដេចរបស់យើងខ្ញុំ ពួកមេដឹកនាំរបស់យើងខ្ញុំ ពួកដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងអស់នៃទឹកដីនោះ។
“ព្រះអម្ចាស់អើយ សេចក្ដីសុចរិតយុត្តិធម៌ជារបស់ព្រះអង្គ រីឯយើងខ្ញុំវិញ ដូចសព្វថ្ងៃនេះ ការអាម៉ាស់មុខយ៉ាងខ្លាំងជារបស់យើងខ្ញុំ គឺជារបស់មនុស្សនៃយូដា របស់អ្នកដែលរស់នៅយេរូសាឡិម និងរបស់អ៊ីស្រាអែលទាំងមូល ដែលនៅជិតនៅឆ្ងាយ នៅក្នុងអស់ទាំងស្រុកដែលព្រះអង្គបានបណ្ដេញពួកគេទៅនោះ ដោយព្រោះអំពើក្បត់របស់ពួកគេដែលពួកគេបានក្បត់នឹងព្រះអង្គ។
ព្រះយេហូវ៉ាអើយ ការអាម៉ាស់មុខយ៉ាងខ្លាំងជារបស់យើងខ្ញុំ គឺជារបស់ពួកស្ដេចយើងខ្ញុំ របស់ពួកមេដឹកនាំយើងខ្ញុំ និងរបស់ពួកដូនតាយើងខ្ញុំ ពីព្រោះយើងខ្ញុំបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។