ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ របា‌ក្សត្រ 18 - អាល់គីតាប អាល់គីតាប
២ របា‌ក្សត្រ 18

ស្តេច​យ៉ូសា‌ផាត​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អហាប់

1 ស្តេច​យ៉ូសា‌ផាត​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌យស​យ៉ាង​ច្រើន។ ស្តេច​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អហាប់ តាម​ចំណង​អាពាហ៍‌ពិពាហ៍។

2 ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្តេច​យ៉ូសា‌ផាត​ទៅ​សួរ​សុខ​ទុក្ខ​ស្តេច​អហាប់ នៅ​ក្រុង​សាម៉ា‌រី។ ពេល​នោះ​ស្តេច​អហាប់​រៀប‌ចំ​ចៀម និង​គោ​មួយ​ចំនួន​ធំ ដើម្បី​ទទួល​ស្តេច​យ៉ូសា‌ផាត និង​អស់​អ្នក​ដែល​អម​ដំណើរ​ស្តេច។ ស្តេច​អហាប់​ក៏​បាន​បបួល​ស្តេច​យ៉ូសា‌ផាត ឡើង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។

3 ស្តេច​អហាប់ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «តើ​ស្តេច​ពេញ​ចិត្ត ទៅ​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ខ្ញុំ​ឬ​ទេ?»។ ស្តេច​យ៉ូសា‌ផាត​តប​វិញ​ថា៖ «ខ្ញុំ​ក៏​ដូច​ស្តេច ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ស្តេច យើង​នឹង​ទៅ​ច្បាំង​រួម​ជា​មួយ​ស្តេច​ដែរ!»។

ពួក​អ្នក​ប្រកប​របរ​ជា​ណាពី​ប្រកាស​អំពី​ជ័យ‌ជំនះ

4 ស្តេច​យ៉ូសា‌ផាត​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ សូម​ស្តេច​សួរអុលឡោះ‌តាអាឡា​សិន»។

5 ស្តេច​អ៊ីស្រ‌អែល​កោះ​ហៅ​ណាពី​ចំនួន​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ជម្រាប​ថា៖ «សូម​ស្តេច​ទៅ​ចុះ អុលឡោះ​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​មិន​ខាន»។

6 ស្តេច​យ៉ូសា‌ផាត​សួរ​ថា៖ «តើ​នៅ​ទី​នេះ​គ្មាន​ណាពី​របស់អុលឡោះ‌តាអាឡា ដែល​យើង​អាច​សួរ​ទ្រង់​ទេ​ឬ?»។

7 ស្តេច​ស្រុក​អ៊ីស្រ‌អែល​ជម្រាប​ស្តេច​យ៉ូសា‌ផាត​ថា៖ «នៅ​មាន​មនុស្ស​ម្នាក់​ទៀត​ដែល​អាច​សួរអុលឡោះ‌តាអាឡា​បាន តែ​ខ្ញុំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​ឲ្យ​ខ្ញុំ​ទេ គឺ​គាត់​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា»។ ស្តេច​យ៉ូសា‌ផាត​មាន​ប្រសាសន៍​ថា៖ «សូម​ស្តេច​កុំ​មាន​ប្រសាសន៍​បែប​នេះ​ឡើយ!»។

8 ស្តេច​ស្រុក​អ៊ីស្រ‌អែល​ក៏​ហៅ​មហា‌តលឹក​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា​មក​ជា​ប្រញាប់!»។

9 ស្តេច​ស្រុក​អ៊ីស្រ‌អែល និង​ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុង‌រឿង នៅ​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន នៅ​ត្រង់​ព្រលាន​ដែល​នៅ​ទល់​មុខ​ទ្វារ​ក្រុង​សាម៉ា‌រី ណាពី​ទាំង​អស់​នាំ​គ្នា​ទស្សន៍​ទាយ​ជូន​ស្តេច។

10 លោក​សេដេ‌គា​ជា​កូន​របស់​លោក​ក្នាណា​ធ្វើ​ស្នែង​ដែក​ហើយ​ពោល​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ដោយ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កង‌ទ័ព​ស៊ីរី​ឲ្យ​វិនាស​សូន្យ!»។

11 ណាពី​ទាំង​អស់​ក៏​ទស្សន៍‌ទាយ​បែប​នោះ​ដែរ ពួក​គេ​ជម្រាប​ស្តេច​ថា៖ «សូម​ស្តេច​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ ស្តេច​មុខ​ជា​ទទួល​ជ័យ‌ជំនះ​មិន​ខាន។ អុលឡោះ‌តាអាឡា​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ហើយ!»។

ណាពី​មីកា‌យ៉ា​ប្រកាស​ប្រាប់​ពី​បរា‌ជ័យ

12 មហា‌តលឹក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ​តាម​ហៅ​មីកា‌យ៉ា បាន​ប្រាប់​គាត់​ថា៖ «ណាពី​ទាំង​អស់​សុទ្ធ​តែ​ទស្សន៍​ទាយ​ការ​ល្អ​ព្រម​គ្នា ជូន​ស្តេច ដូច្នេះ សូម​លោក​ទាយ​ការ​ល្អ​ជូន​ស្តេច​ដូច​គេ​ដែរ​ទៅ!»។

13 លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ថា ម្ចាស់​របស់​ខ្ញុំ​មាន​បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។

14 ពេល​លោក​មក​ដល់ ស្តេច​មាន​ប្រសាសន៍​មក​កាន់​លោក​ថា៖ «មីកា‌យ៉ា​អើយ តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «សូម​ស្តេច​ទាំង​ពីរ​ទៅ​ចុះ! ស្តេច​មុខ​ជា​ទទួល​ជ័យ‌ជំនះ​មិន​ខាន! អុលឡោះ‌តាអាឡា​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ហើយ​តើ!»។

15 ប៉ុន្តែ ស្តេច​មាន​ប្រសាសន៍​មក​គាត់​វិញ​ថា៖ «តើ​យើង​ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា ឲ្យ​អ្នក​និយាយ​តែ​ការ​ពិត​ប្រាប់​យើង​ក្នុង​នាមអុលឡោះ‌តាអាឡា?»។

16 លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «ខ្ញុំ​បាន​ឃើញ​ពល​ទាហាន​អ៊ីស្រ‌អែល ទាំង​មូល​បាក់​ទ័ព រត់​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​នរណា​ឃ្វាល។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អ្នក​ទាំង​នោះ​គ្មាន​មេ​ដឹក​នាំ​ទេ ចូរ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ដោយ​សុខ‌សាន្ត​ចុះ!»។

17 ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «ខ្ញុំ​បាន​ជម្រាប​ស្តេច​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​ឲ្យ​ខ្ញុំ​ទេ គឺ​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ!»។

18 លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ខ្ញុំ​ឃើញអុលឡោះ‌តាអាឡា​នៅ​លើ​រាជ​បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​សូរ៉កា​ទាំង​មូល ឈរ​ជួប​ទ្រង់​ទាំង​ឆ្វេង​ទាំង​ស្តាំ​ផង។

19 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “តើ​អ្នក​ណា​ចង់​ទាក់‌ទាញ​អហាប់ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ឲ្យ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត​នៃ​ស្រុក​កាឡាដ ដើម្បី​ឲ្យ​អហាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។

20 ពេល​នោះ​មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ជម្រាប​ថា “ខ្ញុំ​នឹង​ទៅ​ទាក់‌ទាញ​គាត់!” អុលឡោះ‌តាអាឡា​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្តេច?”។

21 វិញ្ញាណ​នោះ​ជម្រាប​ថា “ខ្ញុំ​នឹង​បណ្តាល​ចិត្ត​ណាពី​ទាំង​អស់​របស់​ស្តេច ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “នេះ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​សម្រាប់​ទាក់‌ទាញ​គេ ដូច្នេះ​ចូរ​ទៅ​ធ្វើ​ចុះ!”។

22 ឥឡូវ​នេះអុលឡោះ‌តាអាឡា​ដាក់​វិញ្ញាណ​ភូត​កុហក ក្នុង​មាត់​ណាពី​ទាំង​អស់​របស់​ស្តេច ដ្បិតអុលឡោះ‌តាអាឡា​បាន​សម្រេច​ដាក់​ទោស​ស្តេច​ឲ្យ​រង​ទុក្ខ​វេទនា​ហើយ»។

23 ពេល​នោះ​លោក​សេដេ‌គា ជា​កូន​របស់​លោក​ក្នាណា​ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកា‌យ៉ា ទាំង​ពោល​ថា៖ «តើ​រស​របស់អុលឡោះ‌តាអាឡា​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ផ្លូវ​ណា?»។

24 លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ថ្ងៃ​ដែល​អ្នក​រត់​ទៅ​ពួន នៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​អ្នក​គង់​តែ​ដឹង​ទេ!»។

25 ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាប់​លោក​មីកា‌យ៉ា នាំ​យក​ទៅ​ប្រគល់​ឲ្យ​លោក​អាំម៉ូន ជា​ចៅហ្វាយ​ក្រុង និង​សម្តេច​យ៉ូអាស ជា​កូន​របស់​យើង​ទៅ!

26 រួច​ប្រាប់​គេ​ថា “ស្តេច​បញ្ជា​ឲ្យ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្តល់​នំបុ័ង និង​ទឹក​បន្តិច‌បន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ស្តេច​វិល​មក​ពី​ច្បាំង​វិញ ដោយ​សុខ‌សាន្ត”»។

27 លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «ប្រសិន​បើ​ស្តេច​ពិត​ជា​ត្រឡប់​មក​វិញ ដោយ​សុខ‌សាន្ត​មែន​នោះ បាន​សេចក្តី​ថា អុលឡោះ‌តាអាឡា​ពុំ​មាន​បន្ទូល​តាម​រយៈ​ខ្ញុំ​ទេ»។ បន្ទាប់​មក គាត់​ពោល​ទៀត​ថា៖ «ប្រជា‌ជន​ទាំង​អស់​គ្នា ចូរ​ស្តាប់​ចុះ!»។

ស្តេច​អហាប់​ស្លាប់​ក្នុង​សមរ‌ភូមិ

28 ស្តេច​ស្រុក​អ៊ីស្រ‌អែល និង​ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា នាំ​គ្នា​ឆ្ពោះ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។

29 ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «ខ្ញុំ​នឹង​ក្លែង​ខ្លួន​ជា​ពល​ទាហាន រីឯ​ស្តេច​វិញ សូម​ស្តេច​ពាក់​អាវ​យ៉ាង​រុង‌រឿង​ចុះ!»។ ដូច្នេះ​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ក៏​បាន​ក្លែង​ខ្លួន​ជា​ពល​ទាហាន រួច​ស្តេច​ទាំង​ពីរ​ចេញ​ទៅ​ច្បាំង។

30 ស្តេច​ស្រុក​ស៊ីរី​ចេញ​បញ្ជា​ដល់​មេ​បញ្ជា‌ការ​កង​រទេះ​ចំបាំង​ថា៖ «មិន​បាច់​ប្រយុទ្ធ​នឹង​ពល​ទាហាន ឬ​នាយ​ទាហាន​ឡើយ ចូរ​ប្រយុទ្ធ​តែ​នឹង​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ប៉ុណ្ណោះ»។

31 កាល​មេ​បញ្ជា‌ការ​រទេះ​ចំបាំង​ទាំង​នោះ​ឃើញ​ស្តេច​យ៉ូសា‌ផាត ពួក​គេ​ពោល​ថា “នុ៎ះ ស្តេច​អ៊ីស្រ‌អែល” ពួក​គេ​ក៏​ឡោម‌ព័ទ្ធ ដើម្បី​វាយ​ប្រហារ​ស្តេច ប៉ុន្តែ ពេល​ស្តេច​យ៉ូសា‌ផាត​ស្រែក​ឡើង។ អុលឡោះ‌តាអាឡា​មក​ជួយ​ស្តេច ដោយ​ធ្វើ​ឲ្យ​មេ‌ទ័ព​ទាំង​នោះ​ចេញ​ឆ្ងាយ​ពី​គាត់។

32 ពួក​មេ​បញ្ជា‌ការ​រទេះ​ចំបាំង​ដឹង​ថា មិន​មែន​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទេ ពួក​គេ​ក៏​ឈប់​ដេញ​តាម។

33 ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់ យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ចំ​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ត្រង់​ចន្លោះ​អាវ​ក្រោះ។ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​បរ​រទេះ​ថា៖ «ចូរ​បក​ក្រោយ នាំ​យើង​ចេញ​ពី​សមរ‌ភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។

34 នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្តេច​អ៊ីស្រ‌អែល​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ​ស្តេច​ស្ថិត​នៅ​ក្នុង​រទេះ​រហូត​ដល់​ល្ងាច ហើយ​ស្តេច​ក៏​ស្លាប់​នៅ​ពេល​ថ្ងៃ​លិច។

© 2014 United Bible Societies, UK.

United Bible Societies