Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 19 - អាល់គីតាប


ស្តេច​យ៉ូសា‌ផាត​តែង‌តាំង​ចៅ‌ក្រម​នៅ​ស្រុក​យូដា

1 ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា វិល​មក​ដល់​ដំណាក នៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​សុខ‌សាន្ត។

2 លោក​យេហ៊ូវ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាណា‌នី ជា​អ្នក​ទាយ បាន​ចេញ​មក​ជួប​ស្តេច​យ៉ូសា‌ផាត ជម្រាប​ស្តេច​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​ស្តេច​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​អស់​អ្នក​ដែល​ស្អប់អុលឡោះ‌តាអាឡា​ដូច្នេះ? ដោយ​ស្តេច​ប្រព្រឹត្ត​បែប​នេះ អុលឡោះ‌តាអាឡា​ខឹង​នឹង​ស្តេច។

3 ប៉ុន្តែ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​ល្អ​មួយ​ចំនួន​ដែរ គឺ​ស្តេច​បាន​លុប​បំបាត់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​អស់​ពី​ក្នុង​ស្រុក ហើយ​ស្តេច​ស្វែង​រក​អុលឡោះដោយ​ស្មោះ​អស់​ពី​ចិត្ត»។

4 ស្តេច​យ៉ូសា‌ផាត​នៅ​ក្រុង​យេរូ‌សាឡឹម។ បន្ទាប់​មក​ស្តេច​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌រាស្ត្រ​តាំង​ពី​បៀរ‌សេ‌បា​ហូត​ដល់​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម ដើម្បី​ណែ‌នាំ​ពួក​គេ​ឲ្យ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ខ្លួន​វិញ។

5 ស្តេច​បាន​តែង‌តាំង​ឲ្យ​មាន​ចៅ‌ក្រម នៅ​គ្រប់​ទី​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។

6 ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ចៅ‌ក្រម​ទាំង​នោះ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​កិច្ចការ​ដែល​អស់​លោក​ធ្វើ ដ្បិត​អស់​លោក​កាត់​ក្តី មិន​មែន​តាម​បែប​មនុស្ស​លោក​ទេ គឺ​តាមអុលឡោះ‌តាអាឡា​វិញ ទ្រង់​នឹង​នៅ​ជា​មួយ​អស់​លោក​ក្នុង​ពេល​ដែល​អស់​លោក​កាត់​ក្តី។

7 ឥឡូវ​នេះ​ចូរ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អស់​លោក​ប្រព្រឹត្ត ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​មិន​ចេះ​គៃ‌បន្លំ ទ្រង់​មិន​រើស​មុខ​នរណា ឬ​ក៏​ទទួល​សំណូក​ឡើយ»។

8 ពេល​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ស្តេច​យ៉ូសា‌ផាត​តែង‌តាំង​ក្រុម​លេវី ក្រុម​អ៊ីមុាំ និង​មេ​លើ​ក្រុម​គ្រួសារ​អ៊ីស្រ‌អែល នៅ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​កាត់​ក្តី ក្នុង​នាមអុលឡោះ‌តាអាឡា ព្រម​ទាំង​ដោះ​ស្រាយ​ជម្លោះ​ដែរ។

9 ស្តេច​បង្គាប់​ទៅ​អ្នក​ទាំង​នោះ​ថា៖ «សូម​អស់​លោក​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ឥត​លំអៀង។

10 ពេល​ណា​ជន​រួម​ជាតិ​របស់​អស់​លោក ដែល​រស់​នៅ​តាម​ក្រុង​នានា យក​រឿង‌រ៉ាវ​ទាក់‌ទង​ទៅ​នឹង​ឃាត‌កម្ម ឬ​ជម្លោះ​ស្តី​អំពី​ហ៊ូកុំ ច្បាប់​បទ​បញ្ជា និង​វិន័យៗ​ផ្សេងៗ មក​សុំ​ឲ្យ​អស់​លោក​កាត់​ក្តី ក្នុង​គ្រប់​ករណី​អស់​លោក​ត្រូវ​ក្រើន​រំលឹក​ពួក​គេ​ឲ្យ​ដឹង​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះអុលឡោះ‌តាអាឡា ហើយ​កុំ​ឲ្យ​ទ្រង់​ខឹង​ចំពោះ​អស់​លោក និង​ជន​រួម​ជាតិ​របស់​អស់​លោក។ អស់​លោក​ត្រូវ​តែ​ប្រព្រឹត្ត​បែប​នេះ ដើម្បី​កុំ​ឲ្យ​មាន​កំហុស។

11 មូស្ទី​អម៉ា‌រា នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់‌ទង​នឹងអុលឡោះ‌តាអាឡា។ លោក​សេបា‌ឌា​ជា​កូន​របស់​លោក​អ៊ីស្មា‌អែល និង​ជា​ទេសា‌ភិបាល​របស់​ប្រជា‌ជន​យូដា​នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់‌ទង​នឹង​ស្តេច។ រីឯ​ពួក​លេវី​បំពេញ​មុខ‌ងារ​ជា​អាជ្ញា‌ធរ។ ចូរ​តាំង​ចិត្ត​ក្លា‌ហាន ហើយ​បំពេញ​មុខ‌ងារ​នេះ​ចុះ សូមអុលឡោះ‌តាអាឡា នៅ​ជា​មួយ​អ្នក​ដែល​បំពេញ​មុខ‌ងារ​បាន​ល្អ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម