Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 17 - អាល់គីតាប


ស្តេច​យ៉ូសា‌ផាត​សោយ​រាជ្យ​នៅ​ស្រុក​យូដា

1 ស្តេច​យ៉ូសា‌ផាត​បាន​ឡើង​ស្នង​រាជ្យ​ស្តេច​អេ‌សា​ជា​ឪពុក ហើយ​ស្តេច​ពង្រឹង​កម្លាំង​តទល់​នឹង​ស្រុក​អ៊ីស្រ‌អែល។

2 ស្តេច​បាន​ដាក់​ទ័ព​នៅ​តាម​ទី‌ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា និង​ដាក់​ខ្សែ​ត្រៀម​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​អេ‌ប្រា‌អ៊ីម ជា​ក្រុង​ដែល​ស្តេច​អេ‌សា​ជា​ឪពុក ដណ្តើម​យក​បាន។

3 អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ស្តេច​យ៉ូសា‌ផាត ដ្បិត​ស្តេច​ប្រព្រឹត្ត​តាម​មាគ៌ា​ដើម​ដំបូង​របស់​ស្តេច​ទត​ជា​អយ្យ‌កោ គឺ​ស្តេច​ពុំ​បាន​ស្វែង​រក​ព្រះ​បាល​ទេ។

4 ស្តេច​បាន​ស្វែង​រក​ម្ចាស់​នៃ​អយ្យ‌កោ​របស់​គាត់ និង​ធ្វើ​តាម​បទ​បញ្ជា​របស់​ទ្រង់ គឺ​ស្តេច​មិន​ធ្វើ​ដូច​អ្នក​ស្រុក​អ៊ីស្រ‌អែល​ទេ។

5 អុលឡោះ‌តាអាឡា​ពង្រឹង​ទ្រព្យ​សម្បត្តិ​របស់​ស្តេច​ឲ្យ​បាន​រឹង‌ប៉ឹង ហើយ​ប្រជា‌ជន​យូដា​ទាំង​មូល តែងតែ​នាំ​យក​ជំនូន​មក​ជូន​ស្តេច​យ៉ូសា‌ផាត។ ស្តេច​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌យស​យ៉ាង​ច្រើន​បំផុត។

6 ស្តេច​ខ្នះ‌ខ្នែង​ធ្វើ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា​យ៉ាង​អស់​ពី​ចិត្ត ហើយ​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា អស់​ពី​ទឹក​ដី​យូដា។

7 នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជ‌កាល​ស្តេច​យ៉ូសា‌ផាត​ស្តេច​បាន​ចាត់​មន្ត្រី​មួយ​ក្រុម គឺ​មាន​លោក​បេន-‌ហែល លោក​អូបា‌ឌា លោក​សាកា‌រីយ៉ា លោក​នេថា‌នេល និង​លោក​មីកា‌យ៉ា ឲ្យ​ចុះ​ទៅ​អប់រំ​ប្រជា‌ជន​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា។

8 ក្រុម​លេវី​ដែល​មាន​លោក​សេម៉ា‌យ៉ា លោក​នេថា‌នា លោក​សេបា‌ឌា លោក​អេសា‌អែល លោក​សេមី‌រ៉ាម៉ុត លោក​យ៉ូណា‌ថាន លោក​អដូ‌នីយ៉ា លោក​ថូប៊ី‌យ៉ា លោក​ថូប-អដូ‌នីយ៉ា ព្រម​ទាំង​ក្រុម​អ៊ីមុាំ ដែល​មាន​លោក​អេលី‌សាម៉ា និង​លោក​យ៉ូរ៉ាម ក៏​រួម​ដំណើរ​ជា​មួយ​មន្ត្រី​ទាំង​នោះ​ដែរ។

9 ពួក​គេ​បង្រៀន​ប្រជា‌ជន​នៅ​ស្រុក​យូដា ដោយ​យក​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា ទៅ​ជា​មួយ​ផង។ ពួក​គេ​ធ្វើ​ដំណើរ​តាម​ក្រុង​ទាំង​អស់ នៃ​ស្រុក​យូដា​ហើយ​ប្រៀន‌ប្រដៅ​អ្នក​ស្រុក។


អំណាច​របស់​ស្តេច​យ៉ូសា‌ផាត

10 អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន នៅ​ជុំ‌វិញ​ស្រុក​យូដា ភ័យ​ខ្លាច​ជា​ខ្លាំង ពួក​គេ​មិន​ហ៊ាន​ធ្វើ​សង្គ្រាម​តទល់​នឹង​ស្តេច​យ៉ូសា‌ផាត​ឡើយ។

11 ជន‌ជាតិ​ភីលី‌ស្ទីន​នាំ​យក​ជំនូន និង​សួយ‌សារ‌អាករ ជា​ប្រាក់ មក​ជូន​ស្តេច​យ៉ូសា‌ផាត។ ជន‌ជាតិ​អារ៉ាប់​ក៏​នាំ​យក​ចៀម​ឈ្មោល ៧ ៧០០ ក្បាល និង​ពពែ​ឈ្មោល ៧ ៧០០ ក្បាល​មក​ជូន​ស្តេច​ដែរ។

12 ស្តេច​យ៉ូសា‌ផាត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។ ស្តេច​សង់​បន្ទាយ​ជា​ច្រើន​នៅ​ស្រុក​យូដា ព្រម​ទាំង​សង់​ក្រុង​នានា ជា​កន្លែង​សម្រាប់​ផ្ទុក​ស្បៀង។

13 ស្តេច​មាន​ក្រសួង​ការ‌ងារ​ជា​ច្រើន នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​មាន​ទាហាន​ដ៏​ចំណានៗ និង​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យេរូ‌សាឡឹម។

14 ទាហាន​ទាំង​នោះ​មាន​ចែក​ជា​កង‌ពល តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ក្នុង​កុល‌សម្ព័ន្ធ​យូដា មាន​មេ​បញ្ជា‌ការ​កង‌ពល ដូច​ត​ទៅ: លោក​អ័ឌ‌ណា ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ៣០០ ០០០​នាក់។

15 សហ‌ការី​របស់​គាត់​មាន លោក​យ៉ូហា‌ណាន ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២៨០ ០០០ នាក់។

16 សហ‌ការី​មួយ​នាក់​ទៀត គឺ​លោក​អម៉ា‌ស៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីក‌គ្រី ដែល​បាន​ស្ម័គ្រ​ចិត្ត​ញែក​ខ្លួន​ជូនអុលឡោះ‌តាអាឡា និង​ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២០០ ០០០ នាក់។

17 ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន មាន​លោក​អេលី‌យ៉ាដា ជា​នាយ​ទាហាន​ដ៏​អង់‌អាច និង​ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២០០ ០០០ នាក់ ជា​ទាហាន​ដែល​ប្រដាប់​ខ្លួន​ដោយ​ធ្នូ និង​ខែល។

18 សហ‌ការី​របស់​គាត់​មាន​លោក​យ៉ូសា‌បា ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ១៨០ ០០០ នាក់ ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ។

19 អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​បម្រើ​ស្តេច រួម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ស្តេច​ដាក់​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម