ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ របា‌ក្សត្រ 11 - អាល់គីតាប អាល់គីតាប
២ របា‌ក្សត្រ 11

1 ពេល​ស្តេច​រេហូ‌បោម​មក​ដល់​ក្រុង​យេរូ‌សាឡឹម ស្តេច​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​ពុន‌យ៉ាមីន​បាន​ចំនួន ១៨០ ០០០​នាក់ ដែល​សុទ្ឋ​តែ​ជា​អ្នក​ចំបាំង​យ៉ាង​ស្ទាត់​ជំនាញ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ដណ្តើម​យក​អាណា‌ចក្រ​ទាំង​មូល​មក​ជូន​ស្តេច​រេហូ‌បោម​វិញ។

2 ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​សេម៉ា‌យ៉ា ជា​អ្នក​ជំនិត​របស់​ទ្រង​ថា៖

3 «ចូរ​ប្រាប់​រេហូ‌បោម​ជា​កូន​របស់​ស៊ូឡៃ‌ម៉ាន​ស្តេច​ស្រុក​យូដា ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ថា

4 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ! ចូរ​វិល​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព‌ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្តាប់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ ដោយ​មិន​វាយ​លុក​ស្តេច​យេរ៉ូ‌បោម​ទេ។

ស្តេច​រេហូ‌បោម​សង់​ក្រុង​នានា

5 ស្តេច​រេហូ‌បោម​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​គាត់​បាន​សង់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ជា​ច្រើន នៅ​ស្រុក​យូដា

6 គឺ​មាន​បេថ្លេ‌ហិម អេថាម ត្កូអា

7 បេត-ស៊ើរ សូគរ អាឌូ‌ឡាំ

8 កាថ ម៉ារី‌សា ស៊ីភ

9 អាដូ‌រែម ឡាគីស អាសេ‌កា

10 សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រូន។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ជា​ក្រុង​របស់​ស្រុក​យូដា និង​ពុន‌យ៉ាមីន។

11 ស្តេច​រេហូ‌បោម​បាន​សង់​កំពែង​ឲ្យ​កាន់​តែ​រឹង‌មាំ​ថែម​ទៀត ព្រម​ទាំង​តែង‌តាំង​មេ​បញ្ជា​ការ​ឲ្យ​គ្រប់‌គ្រង ហើយ​ផ្ទុក​ស្បៀង​អាហារ ប្រេង និង​ស្រា ក្នុង​ក្រុង​ទាំង​នោះ​ផង។

12 នៅ​ក្នុង​ក្រុង​នីមួយៗ​មាន​ខែល​ធំ និង​លំពែង​យ៉ាង​ច្រើន​ត្រៀម​ទុក។ ស្តេច​បាន​ធ្វើ​ឲ្យ​ក្រុង​ទាំង​នោះ​ទៅ​ជា​រឹង‌មាំ​បំផុត ដើម្បី​ពង្រឹង​ការ​ត្រួត‌ត្រា​លើ​ទឹក​ដី​យូដា និង​ទឹក​ដី​ពុន‌យ៉ាមីន។

ពួក​អ៊ីមុាំ និង​ពួក​លេវី រួប‌រួម​ជា​មួយ​ស្តេច​រេហូ‌បោម

13 ពួក​អ៊ីមុាំ និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល បាន​នាំ​គ្នា​មក​ពី​គ្រប់​ទី​កន្លែង សុំ​រួប‌រួម​ជា​មួយ​ស្តេច​រេហូ‌បោម។

14 ពួក​លេវី​បោះ​បង់​ចោល​ផ្ទះ​សម្បែង និង​ដី​ធ្លី​របស់​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​ស្តេច​យេរ៉ូ‌បោម ព្រម​ទាំង​កូន​មិន​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ​ជា​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា​ទេ។

15 ស្តេច​យេរ៉ូ‌បោម​បាន​ជ្រើស​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​បម្រើ​ព្រះ​ក្លែង‌ក្លាយ មាន​រូប​ពពែ​ឈ្មោល និង​កូន​គោ​ដែល​ស្តេច​បាន​សូន។

16 រីឯ​អស់​អ្នក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​មាន​ចិត្ត​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ក៏​មក​ក្រុង​យេរូ‌សាឡឹម​តាម​ពួក​លេវី ដើម្បី​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ពួក​គេ។

17 ដូច្នេះ​ពួក​គេ​ពង្រឹង​អាណា‌ចក្រ​យូដា និង​ជួយ​គាំ​ទ្រ​ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ក្នុង​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នោះ គេ​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន។

រាជ​វង្ស​របស់​ស្តេច​រេហូ‌បោម

18 ស្តេច​រេហូ‌បោម​បាន​រៀប​ការ​ជា​មួយ​នាង​ម៉ាហា‌ឡាត ជា​បុត្រី​របស់​សម្តេច​យេរី‌ម៉ុត ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​ទត និង​នាង​អប៊ី‌ហែល​ជា​កូន​របស់​លោក​អេលាប និង​ជា​ចៅ​របស់​លោក​អ៊ីសាយ។

19 នាង​ម៉ាហា‌ឡាត​ប្រសូត​បាន​កូន​បី​នាក់ គឺ​សម្តេច​យេអ៊ូស សេម៉ា‌រី‌យ៉ា និង​សាហាំ។

20 ក្រោយ​មក​ស្តេច​រេហូ‌បោម​បាន​តែង‌តាំង​ជា​មួយ​នាង​ម៉ាកា ជា​បុត្រី​របស់​សម្តេច​អាប់‌សាឡុម។ នាង​ប្រសូត​បាន​កូន​បួន​នាក់ គឺ​សម្តេច​អប៊ី‌យ៉ា អថាយ ស៊ីសា និង​សឡូ‌មីត។

21 ស្តេច​រេហូ‌បោម​ស្រឡាញ់​នាង​ម៉ាកា ជា​បុត្រី​របស់​សម្តេច​អាប់‌សាឡុម ជាង​ភរិយា និង​ស្រី​ស្នំ​ឯ​ទៀតៗ។ ស្តេច​មាន​ភរិយា​ទាំង​អស់​ដប់​ប្រាំ​បី​នាក់ និង​ស្រី​ស្នំ​ហុក‌សិប​នាក់ មាន​បុត្រា​ទាំង​អស់​ម្ភៃ​ប្រាំ​បី​អង្គ និង​បុត្រី​ហុក‌សិប​អង្គ។

22 ស្តេច​រេហូ‌បោម​លើក​សម្តេច​អប៊ី‌យ៉ា ជា​កូន​របស់​នាង​ម៉ាកា ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​រាជ‌វង្ស គឺ​ធ្វើ​ជា​ប្រមុខ​លើ​កូន​ឯ​ទៀតៗ ដ្បិត​ស្តេច​ពេញ​ចិត្ត​ឲ្យ​សម្តេច​អប៊ី‌យ៉ា​ឡើង​គ្រង​រាជ្យ។

23 ស្តេច​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ដោយ​ចាត់​កូន​ឯ​ទៀតៗ​ឲ្យ​ទៅ​រស់​នៅ​តាម​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នានា ក្នុង​ស្រុក​យូដា និង​ពុន‌យ៉ាមីន ព្រម​ទាំង​ឧបត្ថម្ភ​ស្បៀង​យ៉ាង​បរិបូណ៌ និង​រក​ភរិយា​ជា​ច្រើន​ឲ្យ​កូន​ទាំង​នោះ​ផង។

© 2014 United Bible Societies, UK.

United Bible Societies