ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ របា‌ក្សត្រ 12 - អាល់គីតាប អាល់គីតាប
១ របា‌ក្សត្រ 12

នាយ​ទាហាន​របស់​ណាពី​ទត​នៅ​ក្រុង​ស៊ីគ‌ឡាក់

1 នៅ​គ្រា​ដែល​ស្តេច​ទត​ភៀស​ខ្លួន​ទៅ​ស៊ីគ‌ឡាក់ ដើម្បី​រត់​គេច​ពី​ស្តេច​សូល ជា​កូន​របស់​លោក​គីស មាន​អ្នក​ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​ជា​មួយ​ដែរ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​រួម​ជា​មួយ​ស្តេច​ទត​ជា‌និច្ច។

2 ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ ឬ​បាញ់​ដង្ហក់​ដោយ​ប្រើ​ដៃ​ឆ្វេង​ក៏​បាន ដៃ​ស្តាំ​ក៏​បាន។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សាច់‌ញាតិ​របស់​ស្តេច​សូល ក្នុង​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន ដែល​មាន​រាយ​នាម​ដូច​ត​ទៅ:

3 លោក​មេ‌ទ័ព​អហ៊ី‌យេស៊ើរ និង​លោក​មេ‌ទ័ព​យ៉ូអាស់ ជា​កូន​របស់​លោក​សេម៉ា‌អា អ្នក​ស្រុក​គីបៀរ លោក​យេស៊ាល និង​លោក​ពេលេត ជា​កូន​របស់​លោក​អាស‌ម៉ាវែត លោក​បេរ៉ា‌កា លោក​យេហ៊ូ​ជា​អ្នក​ស្រុក​អាណា‌ថោត

4 លោក​យីស‌ម៉ាយ៉ា​អ្នក​ស្រុក​គីបៀន ជា​នាយ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ក្រុម​ទាំង​សាម‌សិប និង​ជា​មេ​គេ លោក​យេ‌រេមី លោក​យ៉ាហា‌សៀល លោក​យ៉ូហា‌ណាន លោក​យ៉ូសា‌បាដ ជា​អ្នក​ក្រុង​កេដេ‌រ៉ា

5 លោក​អេលូ‌សាយ លោក​យេរី‌ម៉ូត លោក​បាលា លោក​សេម៉ា‌រីយ៉ា លោក​សេផា‌ធា ជា​អ្នក​ក្រុង​ហារ៉ូប

6 លោក​អែល‌កាណា លោក​យីស‌យ៉ា លោក​អសា‌រាល លោក​យ៉ូអេ‌ស៊ើរ និង​លោក​យ៉ាសុ‌បៀម ជា​ពូជ‌ពង្ស​របស់​លោក​កូរេ

7 លោក​យ៉ូអេ‌ឡា និង​លោក​សេបា‌ឌា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​អ្នក​ស្រុក​កេ‌ដោរ។

8 មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ចាក​ចេញ​ពី​ស្រុក​ទៅ​រស់​នៅ​ជា​មួយ​ស្តេច​ទត ក្នុង​ជំរក​មួយ​នៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​ជា​យុទ្ធ‌ជន​ដ៏​អង់‌អាច​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ហើយ​ប្រដាប់​ខ្លួន​ដោយ​ខែល និង​លំពែង។ ពួក​គេ​មាន​ទឹក​មុខ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ដូច​សត្វ​សិង្ហ ហើយ​រហ័ស​ដូច​សត្វ​ប្រើស​នៅ​លើ​ភ្នំ។

9 អ្នក​ទាំង​នោះ​មាន​លោក​អេ‌ស៊ើរ ជា​មេ​លើ​ពួក​គេ​លោក​អូបា‌ឌា​ជា​មេ​ទី​ពីរ លោក​អេលាប​ជា​មេ​ទី​បី

10 លោក​មីស‌ម៉ា‌ណា​ជា​មេ​ទី​បួន លោក​យេរេ‌មី ជា​មេ​ទី​ប្រាំ

11 លោក​អថាយ​ជា​មេ​ទី​ប្រាំ​មួយ លោក​អេលាល​ជា​មេ​ទី​ប្រាំ​ពីរ

12 លោក​យ៉ូហា‌ណាន​ជា​មេ​ទី​ប្រាំ​បី លោក​អែល‌សាបាដ​ជា​មេ​ទី​ប្រាំ​បួន

13 លោក​យេរេ‌មី​ជា​មេ​ទី​ដប់ និង​លោក​ម៉ាបា‌ណាយ​ជា​មេ​ទី​ដប់​មួយ។

14 ពួក​គេ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ហើយ​សុទ្ធ​តែ​ជា​នាយ​ទាហាន។ អ្នក​អន់​ខ្សោយ​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ស្មើ​នឹង​ពល​ទាហាន​មួយ​រយ​នាក់ រីឯ​អ្នក​ខ្លាំង​ពូកែ​វិញ ប្រៀប​ស្មើ​នឹង​ពល​ទាហាន​មួយ​ពាន់​នាក់។

15 ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ នៅ​ខែ​ទី​មួយ គឺ​នៅ​រដូវ​ដែល​ទឹក​ទន្លេ​ឡើង លិច​មាត់​ច្រាំង​អស់ ហើយ​វាយ​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​ទាំង​ខាង​កើត ទាំង​ខាង​លិច ឲ្យ​បាក់​ទ័ព​ទៀត​ផង។

16 ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន និង​កុល‌សម្ព័ន្ធ​យូដា ក៏​មាន​អ្នក​ខ្លះ​ទៅ​តាម​ស្តេច​ទត រហូត​ដល់​ជំរក​នោះ​ដែរ។

17 ស្តេច​ទត​ចេញ​មក​ទទួល​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អ្នក​ណា​មក​រក​ខ្ញុំ​ដោយ​សន្តិ‌ភាព ដើម្បី​ជួយ​ខ្ញុំ​នោះ ខ្ញុំ​សូម​ទទួល​អ្នក​នោះ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​មក​បន្លំ​ខ្លួន ធ្វើ​ការ​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ ទោះ​បី​ខ្ញុំ​មិន​ធ្វើ​បាប​អ្នក​នោះ​ក្តី ក៏​សូម​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​យើង​ធ្វើ​ជា​សាក្សី ហើយ​ដាក់​ទោស​អ្នក​នោះ​ចុះ!»។

18 ពេល​នោះ រស​របស់​អុលឡោះ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ា‌សាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាម‌សិប​នាក់​គាត់​ពោល​ថា៖ «ស្តេច​ទត ជា​កូន​របស់​លោក​អ៊ីសាយ​អើយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្តូរ​ផ្តាច់​នៅ​ជា​មួយ ស្តេច​ហើយ។ សូម​ឲ្យ​សេចក្តី​សុខ‌សាន្ត​កើត​មាន​ដល់​ស្តេច និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច! ដ្បិត​អុលឡោះ​ជា​ម្ចាស់​របស់​ស្តេច បាន​ជួយ​ស្តេច​ហើយ!»។ ស្តេច​ទត​ក៏​ទទួល​ពួក​គេ ហើយ​តែង‌តាំង​ពួក​គេ ឲ្យ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កង‌ទ័ព​របស់​គាត់។

19 ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​ទាហាន​មក​សុំ​ចុះ​ចូល​ខាង​ស្តេច​ទត ក្នុង​ពេល​ដែល​ស្តេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលី‌ស្ទីន ដើម្បី​ច្បាំង​នឹង​ស្តេច​សូល។ ប៉ុន្តែ ទ័ព​របស់​ស្តេច​ទត​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​ស្តេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលី‌ស្ទីន បាន​ពិគ្រោះ​គ្នា​បញ្ជូន​ទ័ព​របស់​ស្តេច​ទត ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ពួក​គេ​គិត​ថា៖ «បើ​ស្តេច​ទត​ចូល​ដៃ​ជា​មួយ​ស្តេច​សូល​ជា​ចៅ‌ហ្វាយ​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន!»។

20 នាយ​ទាហាន​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​បាន​មក​សុំ​ចុះ​ចូល​ខាង​ទត ក្នុង​ពេល​ដែល​វិល​ត្រឡប់​ទៅ​ស៊ីគ‌ឡាក់​វិញ មាន​លោក​អ័ឌ‌ណា លោក​យ៉ូសា‌បាដ លោក​យេឌី‌អែល លោក​មីកែល លោក​យ៉ូសា‌បាដ លោក​អេលី‌ហ៊ូវ និង​លោក​ស៊ីល‌តាយ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​កង‌ពល​ធំ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។

21 ពួក​គេ​ដឹក​នាំ​កង‌ពល​ជួយ​ស្តេច​ទត​ក្នុង​ការ​ច្បាំង ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។ ក្រោយ​មក ពួក​គេ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង‌ពល​របស់​ស្តេច​ទត។

22 រៀង​រាល់​ថ្ងៃ​តែងតែ​មាន​មនុស្ស​មក​សុំ​ចុះ​ចូល​ខាង​ស្តេច​ទត ដើម្បី​ជួយ​ជា​កម្លាំង ហេតុ​នេះ​កង‌ទ័ព​របស់​ស្តេច​ទត ក៏​ក្លាយ​ទៅ​ជា​កង‌ទ័ព​មួយ​ដ៏​ធំ ដូច​កង‌ទ័ព​របស់​អុលឡោះ​ដែរ។

នាយ​ទាហាន​របស់​ណាពី​ទត មក​ពី​ក្រុង​ហេប្រូន

23 អស់​អ្នក​ដែល​បាន​មក​រួប‌រួម​ជា​មួយ​ស្តេច​ទត នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ​សម្បត្តិ​របស់​ស្តេច​សូល ជូន​ស្តេច​ទត​ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន​មាន​ចំនួន​ដូច​ត​ទៅ:

24 ក្នុង​កុល‌សម្ព័ន្ធ​យូដា ទាហាន​ដែល​កាន់​ខែល និង​កាន់​លំពែង ហើយ​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ច្បាំង​បាន​មាន ៦ ៨០០ នាក់។

25 ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន​មាន ៧ ១០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច។

26 ក្នុង​កុល‌សម្ព័ន្ធ​លេវី​មាន​ទាហាន ៤ ៦០០ នាក់

27 ព្រម​ទាំង​លោក​យេហូ‌យ៉ាដា ជា​មេ​ដឹក​នាំ​នៃ​អំបូរ​របស់​ណាពី​ហារូន និង​ទាហាន ៣ ៧០០ នាក់ ដែល​នៅ​ជា​មួយ​គាត់។

28 បន្ទាប់​មក​មាន​អ៊ីមុាំ​សាដុក ជា​យុវជន​ពូកែ​អង់‌អាច និង​មេ​បញ្ជា​ការ​ម្ភៃ​ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​គាត់។

29 ក្នុង​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន ដែល​ជា​សាច់‌ញាតិ​របស់​ស្តេច​សូល មាន​ទាហាន ៣ ០០០ នាក់។ មក​ទល់​ពេល​នោះ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ​ត្រង់​នឹង​រាជ‌វង្ស​របស់​ស្តេច​សូល។

30 ក្នុង​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម​មាន ២០ ៨០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។

31 ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល មាន​ទាហាន ១៨ ០០០ នាក់ ជា​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ប្រកាស​តែង‌តាំង​ទត ជា​ស្តេច។

32 ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មេ​បញ្ជា​ការ ២០០​នាក់ និង​ពល​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សំគាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ។

33 ក្នុង​កុល‌សម្ព័ន្ធ​សាប់‌យូឡូន​មាន ៥០ ០០០​នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក​ហាត់ សម្រាប់​ចេញ​ទៅ​ច្បាំង។ ពួក​គេ​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ហើយ​មាន​ចិត្ត​មោះ‌មុត​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​សឹក​សង្គ្រាម។

34 ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី មាន​នាយ​ទាហាន ១០០០ នាក់ និង​ពល​ទាហាន ៣៧ ០០០ នាក់ ប្រដាប់​ដោយ​ខែល និង​លំពែង។

35 ក្នុង​កុល‌សម្ព័ន្ធ​ដាន់ មាន​ទាហាន ២៨ ៦០០ នាក់ ត្រៀម​ចេញ​ទៅ​ច្បាំង។

36 ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​មាន​ទាហាន ៤០ ០០០ នាក់ ដែល​ថ្នឹក​ក្នុង​ចំបាំង ហើយ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។

37 នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល​ទៀត មាន​ទាហាន​ទាំង​អស់ ១២០ ០០០ នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ។

38 អ្នក​ទាំង​នោះ​សុទ្ធ​សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចំបាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​តែង‌តាំង​ទត​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​តែង‌តាំង​ទត​ជា​ស្តេច​ដែរ។

39 ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន ជា​មួយ​ស្តេច​ទត​ចំនួន​បី​ថ្ងៃ ហើយ​បង​ប្អូន​របស់​ពួក​គេ​បាន​រៀប‌ចំ​ជប់‌លៀង​ទទួល។

40 អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង​នោះ រហូត​ដល់​ទឹក​ដី​អ៊ីសា‌ខារ សាប់យូ‌ឡូន និង​ណែប‌ថាលី បាន​ដឹក​ស្បៀង​អាហារ​មក​ដោយ​ផ្ទុក​លើ​ខ្នង​លា អូដ្ឋ លា​កាត់ និង​គោ គឺ​មាន​ម្សៅ ដំណាប់​ឧទុម្ពរ ទំពាំង‌បាយ‌ជូរ​ក្រៀម ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង និង​សាច់​គោ សាច់​ចៀម​យ៉ាង​ច្រើន​បរិបូរណ៍ ដ្បិត​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។

© 2014 United Bible Societies, UK.

United Bible Societies