Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ របា‌ក្សត្រ 11 - អាល់គីតាប


ណាពី​ទត​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល

1 ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ប្រមូល​គ្នា​មក​ជួប​ស្តេច​ទត នៅ​ក្រុង​ហេប្រូន​ជម្រាប​ថា៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាច់​សា​លោហិត​របស់​ស្តេច​ដែរ។

2 កាល​ពី​មុន​នៅ​ពេល​ដែល​ស្តេច​សូល​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ ស្តេច​ទត​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រ‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច​ទត មាន​បន្ទូល​មក​កាន់​គាត់​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។

3 ដូច្នេះ​អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ចូល​មក​ជួប​ស្តេច​ទត នៅ​ក្រុង​ហេប្រូន។ ស្តេច​ទត​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អះលី‌ជំអះ​ទាំង​នោះ នៅ​ក្រុង​ហេប្រូន នៅ​ចំពោះអុលឡោះ‌តាអាឡា រួច​ហើយ​ពួក​គេ​បាន​ចាក់​ប្រេង​តែង‌តាំង​ទត ជា​ស្តេច​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា បាន​ថ្លែង​ទុក​តាម​រយៈ​ណាពី​សាំយូ‌អែល។


ណាពី​ទត​លើក​រាជ​ធានី​មក​នៅ​ក្រុង​យេរូ‌សាឡឹម

4 ស្តេច​ទត និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម គឺ​ក្រុង​យេប៊ូស។ ពី​មុន​ជន‌ជាតិ​យេប៊ូស ជា​ម្ចាស់​ស្រុក​រស់​នៅ​ក្រុង​នោះ។

5 អ្នក​ក្រុង​យេប៊ូស​ពោល​មក​កាន់​ស្តេច​ទត​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ក្រុង​របស់​យើង​មិន​បាន​ទេ»។ ប៉ុន្តែ ស្តេច​ទត​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ីយ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ស្តេច​ទត”។

6 ស្តេច​ទត​បាន​ប្រាប់​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​វាយ​ឈ្នះ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​មេ‌ទ័ព និង​មេ​ដឹក​នាំ»។ លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​ចេញ​ទៅ​វាយ​មុន​គេ ហើយ​បាន​ទទួល​តំណែង​ជា​មេ‌ទ័ព។

7 ស្តេច​ទត​នៅ​ក្នុង​បន្ទាយ​នោះ​ហេតុ​នេះ​គេ​ក៏​ហៅ​ថា «បុរី​ស្តេច​ទត»។

8 បន្ទាប់​មក​ស្តេច​ពង្រីក​ទី‌ក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ជាយ​ក្រុង។ លោក​យ៉ូអាប់​បាន​ជួស​ជុល​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ទី‌ក្រុង។

9 ស្តេច​ទត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នៅ​ជា​មួយ។


ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ណាពី​ទត

10 នេះ​ជា​បញ្ជី​រាយ​នាម​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ស្តេច​ទត គឺ​អស់​អ្នក​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ឲ្យ​ស្តេច ទទួល​រាជ​សម្បត្តិ​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​ឲ្យ​ស្តេច​បាន​សោយ​រាជ្យ ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ស្តី​អំពី​ជន‌ជាតិ​អ៊ីស្រ‌អែល។

11 ពួក​ទាហាន​ដ៏​អង់‌អាច​របស់​ស្តេច​ទត មាន​រាយ​នាម​តាម​ចំនួន​របស់​ពួក​គេ​ដូច​ត​ទៅ: លោក​យ៉ាសុ‌បៀម ជា​កូន​របស់​លោក​ហាក់‌មុនី លោក​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​សាម‌សិប​នាក់។ គឺ​លោក​ហើយ​ដែល​បាន​ប្រើ​លំពែង ម្លាប់​ខ្មាំង​អស់​បី​រយ​នាក់​ក្នុង​ពេល​តែ​មួយ។

12 បន្ទាប់​មក​មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ដូដូរ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ លោក​ជា​នាយ​ទាហាន​ម្នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី។

13 លោក​បាន​នៅ​ជាប់​ជា​មួយ​ស្តេច​ទត នៅ​ផាស់‌ដាំ‌មីម ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលី‌ស្ទីន​លើក​ទ័ព​មក​ច្បាំង។ នៅ​ទី​នោះ​មាន​ដី​ស្រែ​មួយ​កន្លែង ពេញ​ដោយ​ស្រូវ ហើយ​កង‌ទ័ព​អ៊ីស្រ‌អែល​បាន​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​ភីលី‌ស្ទីន។

14 ពេល​នោះ​លោក​អេ‌ឡា‌សារ និង​ទាហាន​របស់​គាត់ ឈរ​នៅ​កណ្តាល​ចម្ការ​នោះ ហើយ​វាយ​ប្រហារ​ជន‌ជាតិ​ភីលី‌ស្ទីន ដណ្តើម​យក​បាន​ចម្ការ​នោះ​មក​វិញ។ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ជ័យ‌ជំនះ​ដ៏​ធំ​ធេង។

15 ថ្ងៃ​មួយ​នាយ​ទាហាន​បី​នាក់ ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ បាន​នាំ​គ្នា​ចូល​ជួប​ស្តេច​ទត ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម នៅ​ពេល​ដែល​ទាហាន​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេ‌ផែម។

16 ពេល​នោះ ស្តេច​ទត​នៅ​ក្នុង​ជំរក​ដ៏​រឹង‌មាំ​មួយ។ កង‌ទ័ព​ភីលី‌ស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។

17 ស្តេច​ទត​ស្រេក​ទឹក គាត់​ក៏​សួរ​ថា៖ «តើ​នរណា​អាច​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម យក​មក​ឲ្យ​យើង​បាន?»។

18 នាយ​ទាហាន​ទាំង​បី​នាក់​នាំ​គ្នា​សំរុក​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​ពួក​ភីលី‌ស្ទីន ហើយ​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម យក​មក​ជូន​ស្តេច​ទត ប៉ុន្តែ គាត់​មិន​ព្រម​ពិសា​ទេ គាត់​យក​ទឹក​នោះ​ទៅ​ច្រួច​លើ​ដី​ជូនអុលឡោះ‌តាអាឡា។

19 ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «អុលឡោះ​អើយ​ខ្ញុំ​គ្មាន​សិទ្ធិ​ទទួល​ទាន​ទឹក​នេះ​ទេ ព្រោះ​ទឹក​នេះ​ដូច​ជា​ឈាម​របស់​ទាហាន ដែល​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក​ដែរ!»។ ដូច្នេះ​គាត់​បដិ‌សេធ​មិន​ព្រម​ពិសា​ទឹក​នោះ​ទេ ព្រោះ​ពួក​ទាហាន​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក។ នេះ​ហើយ​ជា​ស្នា​ដៃ​ដែល​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​បី​នាក់​បាន​ប្រព្រឹត្ត។

20 លោក​អប៊ី‌សាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​ប្រមុខ​លើ​មេ‌ទ័ព​បី​នាក់។ គាត់​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ គាត់​មាន​ឈ្មោះ​ល្បី​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី​នាក់។

21 គាត់​ទទួល​កិត្តិ‌យស​ច្រើន​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី។ គាត់​មាន​នាទី​ជា​ប្រមុខ​លើ​ក្រុម​មេ‌ទ័ព​ទាំង​បី ប៉ុន្តែ គាត់​ពុំ​រាប់​បញ្ចូល​ក្នុង​ក្រុម​មេ‌ទ័ព​បី​នាក់​នោះ​ឡើយ។

22 លោក​បេណា‌យ៉ា​ជា​អ្នក​ស្រុក​កាប‌សៀល ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់‌អាច​មួយ​នាក់។ គាត់​បាន​បញ្ចេញ​ស្នា​ដៃ​ថ្មី​យ៉ាង​ច្រើន។ គឺ​គាត់​ហើយ​ដែល​បាន​វាយ​ពួក​ក្លាហាន​ពីរ​នាក់​នៅ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្តៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ដែល​មាន​ទឹក​កក​ធ្លាក់។

23 គាត់​ក៏​បាន​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​កំពស់​ប្រាំ​ហត្ថ និង​ប្រដាប់​ដោយ​លំពែង​មួយ​យ៉ាង​ធំ ដូច​ជា​ឈើ​កី​តម្បាញ។ គាត់​ទៅ​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ គាត់​ដណ្តើម​យក​លំពែង​ពី​ដៃ​អ្នក​នេះ​បាន ហើយ​ចាក់​សម្លាប់​នឹង​លំពែង​នោះ​ទៅ។

24 នេះ​ហើយ​ជា​ស្នា​ដៃ​របស់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ដែល​ធ្វើ​ឲ្យ​គាត់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី ក្នុង​ក្រុម​មេ‌ទ័ព​ទាំង​បី​នាក់។

25 ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ គាត់​ទទួល​កិត្តិ‌យស​ច្រើន​ជាង​គេ ប៉ុន្តែ គាត់​ពុំ​រាប់​បញ្ចូល​ក្នុង​ក្រុម​មេ‌ទ័ព​បី​នាក់​នោះ​ឡើយ។ ស្តេច​ទត​បាន​តែង‌តាំង​គាត់​ជា​មេ​បញ្ជា​ការ​កង​អង្គ​រក្ស។

26 វីរ‌បុរស​ដ៏​អង់‌អាច​ឯ​ទៀតៗ​មាន: លោក​អេសា‌អែល​ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែល‌ហា‌ណាន​ជា​កូន​របស់​លោក​ដូដូរ អ្នក​ភូមិ​បេថ្លេ‌ហិម

27 លោក​សាំម៉ូត​អ្នក​ស្រុក​ហារ៉ូ លោក​ហេលេស​អ្នក​ស្រុក​ពេឡូន

28 លោក​អ៊ីរ៉ា​ជា​កូន​របស់​លោក​អ៊ីក‌កែស អ្នក​ក្រុង​ត្កូអា លោក​អបៀ‌ស៊ើរ​អ្នក​ស្រុក​អានា‌ថោត

29 លោក​ស៊ីបា‌កាយ​អ្នក​ស្រុក​ហ៊ូសាយ លោក​អ៊ីឡាយ​អ្នក​ស្រុក​អហូ‌អា

30 លោក​ម៉ាហា‌រាយ​អ្នក​ស្រុក​នេថូ‌ផា លោក​ហេលែប​ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​នេថូ‌ផា

31 លោក​អ៊ីតាយ​ជា​កូន​របស់​លោក​រីបាយ អ្នក​ក្រុង​គីបៀន ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាម៉ីន លោក​បេណា‌យ៉ា​អ្នក​ស្រុក​ពីរ៉ា‌ថូន

32 លោក​ហ៊ូរ៉ាយ​អ្នក​ស្រុក​ណា‌ហាលេ-កាអាស លោក​អបៀល អ្នក​ស្រុក​អើរ៉ា‌បា

33 លោក​អាស‌ម៉ាវេត​អ្នក​ស្រុក​បាហ៊ូ‌រីម លោក​អេលី‌យ៉ាបា អ្នក​ស្រុក​ស្អា‌ឡាប៊ីន

34 លោក​ហាសេម​អ្នក​ស្រុក​គីសូន លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​សាកេ​អ្នក​ស្រុក​ហារ៉ា‌រី

35 លោក​អហ៊ី‌យ៉ាម​ជា​កូន​របស់​លោក​សាកើរ​អ្នក​ស្រុក​ហារ៉ា‌រី លោក​អេលី‌ផាល​ជា​កូន​របស់​លោក​អើរ

36 លោក​ហេភើរ អ្នក​ស្រុក​មេកេ‌រ៉ា លោក​អហ៊ីយ៉ា​អ្នក​ស្រុក​ពេឡូន

37 លោក​ហែស្រូ​អ្នក​ស្រុក​កើមែល លោក​ណារ៉ាយ​ជា​កូន​របស់​លោក​អែស‌បាយ

38 លោក​យ៉ូ‌អែល​ជា​ប្អូន​របស់​ណាថាន លោក​មីបហា​ជា​កូន​របស់​លោក​ហាគ្រី

39 លោក​សេលេក​ជា​ជន‌ជាតិ​អាំម៉ូន លោក​ណាហា‌រ៉ាយ​អ្នក​ក្រុង​បេរ៉ូត ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា

40 លោក​អ៊ីរ៉ា​អ្នក​ស្រុក​យេធើរ លោក​ការេប​អ្នក​ស្រុក​យេធើរ

41 លោក​អ៊ូរី​ជា​ជន‌ជាតិ​ហេត លោក​សាបាដ ជា​កូន​របស់​លោក​អឡាយ

42 លោក​អឌី‌ណា​ជា​កូន​របស់​លោក​ស៊ីសា ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​រូបេន ដែល​មាន​ទាហាន​សាម‌សិប​នាក់​នៅ​ជា​មួយ

43 លោក​ហាណាន ជា​កូន​របស់​លោក​ម៉ាកា លោក​យ៉ូសា‌ផាត​អ្នក​ស្រុក​មីត‌នី

44 លោក​អ៊ូស៊ី‌យ៉ា​អ្នក​ស្រុក​អាស‌ថារ៉ូត លោក​សាម៉ា និង​លោក​យេហ៊ី‌អែល​អ្នក​ស្រុក​អារ៉ូ‌អ៊ើរ

45 លោក​យេឌី‌អែល​ជា​កូន​របស់​លោក​ស៊ីមរី ព្រម​ទាំង​លោក​យ៉ូហា​ជា​ប្អូន ដែល​ជា​អ្នក​ស្រុក​ធីសា

46 លោក​អេលាស​អ្នក​ស្រុក​ម៉ាហា‌វីម លោក​យេរី‌បាយ និង​លោក​យ៉ូសា‌វា ជា​កូន​របស់​លោក​អែល‌ណាម លោក​យីតម៉ា​ជា​ជន‌ជាតិ​ម៉ូអាប់

47 លោក​អេលាល លោក​អូបេដ និង​លោក​យ៉ាសៀស អ្នក​ស្រុក​មេសូ‌បាយ៉ា។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម