១ របាក្សត្រ 13 - អាល់គីតាបការដង្ហែហិបសម្ពន្ធមេត្រីចូលក្រុងយេរូសាឡឹម 1 ស្តេចទតបានប្រជុំពិភាក្សាជាមួយពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ព្រមទាំងមេដឹកនាំទាំងអស់។ 2 ស្តេចមានប្រសាសន៍ទៅកាន់អង្គប្រជុំអ៊ីស្រអែលទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាយល់ឃើញថាជាការប្រសើរ ហើយបើការនេះមកពីអុលឡោះតាអាឡា ជាម្ចាស់នៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រអែលទាំងមូល និងជូនពួកអ៊ីមុាំពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។ 3 បន្ទាប់មកយើងនាំគ្នាដង្ហែហិបរបស់អុលឡោះជាម្ចាស់នៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ស្តេចសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។ 4 អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជាជនទាំងមូលពេញចិត្តនឹងសំណើនេះ។ 5 ស្តេចទតបានប្រមូលជនជាតិអ៊ីស្រអែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់អុលឡោះពីគារយ៉ាត់យារីម។ 6 ស្តេចទៅក្រុងបាឡា គឺគារយ៉ាត់យារីម ដែលស្ថិតនៅស្រុកយូដាជាមួយជនជាតិអ៊ីស្រអែលទាំងមូល ដើម្បីដង្ហែហិបអុលឡោះគឺអុលឡោះតាអាឡាដែលនៅកណ្តាលពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយហិបនោះជាកម្មសិទ្ធិរបស់ទ្រង់ផ្ទាល់។ 7 គេដាក់ហិបរបស់អុលឡោះនៅលើរទេះថ្មីមួយ ហើយដង្ហែពីផ្ទះរបស់លោកអប៊ីណាដាប់ ដោយមានលោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាអ្នកបររទេះនោះ។ 8 ស្តេចទត និងជនជាតិអ៊ីស្រអែលទាំងមូលសប្បាយរីករាយ នៅចំពោះអុលឡោះគេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។ 9 កាលមកដល់លានស្រូវរបស់លោកគីដុន លោកអ៊ូសា លើកដៃទៅទប់ហិប ព្រោះគោធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។ 10 ពេលនោះ អុលឡោះតាអាឡាខឹងនឹងលោកអ៊ូសា ហើយប្រហារជីវិតគាត់ ព្រោះគាត់បានលើកដៃពាល់ហិប។ លោកអ៊ូសាបាត់បង់ជីវិតនៅទីនោះ នៅចំពោះអុលឡោះ។ 11 ស្តេចទតរំជួលចិត្តយ៉ាងខ្លាំង ដោយឃើញអុលឡោះតាអាឡាប្រហារជីវិតលោកអ៊ូសាដូច្នេះ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “ពេរេស-អ៊ូសា” រហូតដល់សព្វថ្ងៃ។ 12 នៅថ្ងៃនោះស្តេចទតភ័យខ្លាចអុលឡោះហើយប្រាប់ថា៖ «យើងយកហិបរបស់អុលឡោះចូលទៅក្នុងដំណាក់របស់យើងមិនកើតទេ»។ 13 ស្តេចទតមិនបានយកហិបរបស់អុលឡោះតាអាឡា ទៅដំណាក់នៅបុរីស្តេចទតទេ តែស្តេចបានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេឌ-អេដុម ជាអ្នកស្រុកកាថ។ 14 ហិបរបស់អុលឡោះតាអាឡាស្ថិតនៅផ្ទះរបស់លោកអូបេឌ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ អុលឡោះតាអាឡាប្រទានពរដល់ក្រុមគ្រួសាររបស់លោកអូបេដ-អេដុម និងអ្វីៗទាំងអស់ដែលគាត់មាន។ |
© 2014 United Bible Societies, UK.
United Bible Societies