ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ពួក​ចៅ‌ហ្វាយ 3 - អាល់គីតាប អាល់គីតាប
ពួក​ចៅ‌ហ្វាយ 3

1 អុលឡោះ‌តាអាឡា​បាន​ទុក​ប្រជា‌ជាតិ​ទាំង​នោះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ល្បង‌ល​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​ប៉ុន្មាន ដែល​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ដណ្តើម​យក​ទឹក​ដី​កាណាន។

2 ទ្រង់​គ្រាន់​តែ​ពេញ​ចិត្ត​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ជំនាន់​ក្រោយ គឺ​ពួក​ដែល​មិន​ធ្លាប់​ច្បាំង​បាន​ហាត់​រៀន​ធ្វើ​សង្គ្រាម។

3 ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន‌ជាតិ​ភីលី‌ស្ទីន​ទាំង​ប្រាំ​នគរ ជន‌ជាតិ​កាណាន​ទាំង​អស់ ជន‌ជាតិ​ស៊ីដូន និង​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើរ‌ម៉ូន រហូត​ដល់​ហា‌ម៉ាត់។

4 អុលឡោះ‌តាអាឡា​ទុក​សាសន៍​ទាំង​នោះ ដើម្បី​ល្បង‌ល​មើល​ឲ្យ​ដឹង​ថា តើ​ជន‌ជាតិ​អ៊ីស្រ‌អែល​គោរព​តាម​បទ​បញ្ជា ដែល​ទ្រង់​ប្រទាន​មក​បុព្វ‌បុរស​របស់​គេ តាម​រយៈ​ម៉ូសា​ឬ​យ៉ាង​ណា។

5 ហេតុ​នេះ​ហើយ​បាន​ជា ជន‌ជាតិ​អ៊ីស្រ‌អែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។

6 គេ​យក​កូន​ស្រី​របស់​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​លើក​កូន​ស្រី​របស់​ខ្លួន​ឲ្យ​រៀប‌ការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ទាំង​នោះ ព្រម​ទាំង​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ​នៃ​សាសន៍​ទាំង​នោះ​ថែម​ទៀត​ផង។

ចៅហ្វាយ​ដប់​ពីរ​រូប លោក​អូធ្នាល

7 ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ។ ពួក​គេ​បំភ្លេច​ទ្រង់ ហើយ​បែរ​ទៅ​គោរព​ព្រះ‌បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។

8 អុលឡោះ‌តាអាឡា​ខឹង​ជា​មួយ​ពួក​គេ ហើយ​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ណាហា‌រេម។ ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ជា​ចំណុះ​ស្តេច​នោះ​អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ។

9 ជន‌ជាតិ​អ៊ីស្រ‌អែល​ស្រែក​អង្វរអុលឡោះ‌តាអាឡា ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់​ងើប​ឡើង​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កាលែប។

10 រស​នៃអុលឡោះ‌តាអាឡា​សណ្ឋិត​លើ​លោក​អូធ្នាល គាត់​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រ‌អែល។ លោក​អូធ្នាល​ចេញ​ទៅ​ច្បាំង ហើយអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​មាន​ជ័យ​ជំនះ ដោយ​ប្រគល់​ស្តេច​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ណាហា‌រេម មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់។

11 ស្រុក​ទេស​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ក្រោយ​មក លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស​ស្លាប់ទៅ។

លោក​អេហ៊ូដ

12 ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី។ ហេតុ​នេះអុលឡោះ‌តាអាឡា​បាន​ពង្រឹង​អំណាច​របស់​ស្តេច​អេក្លូន ជា​ស្តេច​ស្រុក​ម៉ូអាប់ ឲ្យ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។

13 ស្តេច​អេក្លូន​បាន​ពួត​ដៃ​ជា​មួយ​ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​អាម៉ាឡេក ទៅ​ច្បាំង​នឹង​អ៊ីស្រ‌អែល ហើយ​ដណ្តើម​បាន​ក្រុង​ដើម​លម៉ើ។

14 ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ចំណុះ​ស្តេច​អេក្លូន​ជា​ស្តេច​ស្រុក​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ។

15 ជន‌ជាតិ​អ៊ីស្រ‌អែល​ស្រែក​អង្វរអុលឡោះ‌តាអាឡា ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់​ងើប​ឡើង​សង្គ្រោះ​ពួក​គេ គឺ​លោក​អេហ៊ូដ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន លោក​អេហ៊ូដ​ប្រើ​តែ​ដៃ​ឆ្វេង​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ចាត់​លោក​អេហ៊ូដ​ឲ្យ​នាំ​សួយ‌សារ‌អាករ​ទៅ​ជូន​ស្តេច​អេក្លូន​ជា​ស្តេច​ស្រុក​ម៉ូអាប់។

16 លោក​អេហ៊ូដ​ធ្វើ​កាំ​បិត​មុខ​ពីរ ដែល​មាន​ប្រវែង​ប្រហែល​មួយ​ហត្ថ ហើយ​ចង​ផ្អោប​នឹង​ភ្លៅ​ស្តាំ លាក់​ក្នុង​សម្លៀក‌បំពាក់​របស់​លោក។

17 លោក​នាំ​សួយ‌សារ‌អាករ​ទៅ​ជូន​ស្តេច​អេក្លូន ជា​ស្តេច​ស្រុក​ម៉ូអាប់។ ស្តេច​អេក្លូន​ធាត់​ណាស់។

18 ក្រោយ​បាន​ជូន​សួយ‌សារ‌អាករ​រួច​ហើយ លោក​ក៏​វិល​ទៅ​វិញ​ជា​មួយ​អស់​អ្នក​ដែល​កាន់​សួយ‌សារ‌អាករ​មក។

19 លុះ​មក​ដល់​ត្រង់​រូប​បដិមា ដែល​នៅ​ជិត​គីល‌កាល់ លោក​បក​ក្រោយ ហើយ​ជម្រាប​ស្តេច​ថា៖ «សូម​ជម្រាប​ស្តេច​ខ្ញុំ​មាន​កិច្ចការ​សម្ងាត់​មួយ និយាយ​ជម្រាប​ស្តេច»។ ស្តេច​បញ្ជា​ទៅ​អ្នក​បម្រើ​ឲ្យ​ចេញ​ទៅ អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច ក៏​នាំ​គ្នា​ចេញ​ទៅ។

20 ពេល​នោះ​ស្តេច​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ ជា​កន្លែង​លំហែ​កាយ​សម្រាប់​ស្តេច​ផ្ទាល់។ លោក​អេហ៊ូដ​ចូល​ទៅ​ជិត​ប្រាប់​ថា៖ «ខ្ញុំ​មាន​បន្ទូល​ពីអុលឡោះ‌តាអាឡា សម្រាប់​ជម្រាប​ស្តេច​ផ្ទាល់!» ស្តេច​ក៏​ក្រោក​ពី​កៅ​អី។

21 រំពេច​នោះ លោក​អេហ៊ូដ​លូក​ដៃ​ឆ្វេង​ដក​កាំបិត ដែល​ចង​ផ្អោប​នៅ​ភ្លៅ​ស្តាំ រួច​ចាក់​ត្រង់​ពោះ​ស្តេច

22 មុត​កប់​រហូត​ដល់​ដង ហើយ​ខ្លាញ់​ពោះ​ក៏​បិទ​ភ្ជិត​កាំបិត​នោះ។ លោក​អេហ៊ូដ​មិន​បាន​ដក​កាំបិត​ចេញ​មក​វិញ​ទេ។

23 បន្ទាប់​មក លោក​អេហ៊ូដ​បាន​បិទ​ទ្វារ​បន្ទប់ និង​ចាក់​សោ​យ៉ាង​ជិត រួច​ចេញ​មក​ក្រៅ​វិញ​តាម​ច្រក​ខាង​ក្រោយ។

24 កាល​លោក​អេហ៊ូដ​ចេញ​ផុត​ទៅ អ្នក​បម្រើ​មក​ដល់ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ពួក​គេ​គិត​គ្នា​ថា «ប្រហែល​ជា​ស្តេច​កំពុង​តែ​ដោះ​ទុក្ខ​សត្វ នៅ​ខាង​ក្នុង​នោះ​ហើយ​មើល​ទៅ!»។

25 គេ​នាំ​គ្នា​រង់​ចាំ រហូត​ទាល់​តែ​ចាប់​ផ្តើម​បារម្ភ ព្រោះ​មិន​ឃើញ​ស្តេច​បើក​ទ្វារ​បន្ទប់។ ដូច្នេះ គេ​ក៏​យក​សោ​ទៅ​ចាក់​បើក​ទ្វារ ហើយ​ឃើញ​ម្ចាស់​របស់​គេ​ស្លាប់​នៅ​លើ​ឥដ្ឋ។

26 ក្នុង​រយៈ​ពេល​ដែល​គេ​រង់​ចាំ​នោះ លោក​អេហ៊ូដ​រត់​ឆ្ងាយ​ហួស​រូប​បដិមា ហើយ​ទៅ​ដល់​តំបន់​សៃរ៉ា។

27 ពេល​ទៅ​ដល់ គាត់​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម ជន‌ជាតិ​អ៊ីស្រ‌អែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​គាត់ គាត់​ក៏​នាំ​មុខ​គេ។

28 លោក​ប្រកាស​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិតអុលឡោះ‌តាអាឡា​បាន​ប្រគល់​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ!»។ ពួក​គេ​ទៅ​ជា​មួយ​គាត់ ហើយ​វាយ​យក​កន្លែង​ទឹក​រាក់ សម្រាប់​ឆ្លង​ទន្លេ​យ័រ‌ដាន់ ពី​ជន‌ជាតិ​ម៉ូអាប់ ពួក​គេ​មិន​ឲ្យ​នរណា​ម្នាក់​ឆ្លង​តាម​នោះ​ឡើយ។

29 នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន‌ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ​ម៉ឺន​នាក់​ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ហើយ​ក្លាហាន​ផង គឺ​ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។

30 ចាប់​តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​ម៉ូអាប់​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួត‌ត្រា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​ប៉ែត‌សិប​ឆ្នាំ។

លោក​សាំកើរ

31 បន្ទាប់​ពី​លោក​អេហ៊ូដ លោក​សាំកើរ ជា​កូន​របស់​លោក​អណាត ក៏​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ គឺ​គាត់​បាន​សម្លាប់​ជន‌ជាតិ​ភីលី‌ស្ទីន អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ។

© 2014 United Bible Societies, UK.

United Bible Societies