ពួកចៅហ្វាយ 2 - អាល់គីតាបអុលឡោះជាអម្ចាស់ស្តីបន្ទោសប្រជារាស្ត្ររបស់ទ្រង់ 1 នៅគ្រានោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានឡើងពីគីលកាល់ទៅបូគីម ហើយពោលទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុកដែលយើងបានសន្យាជាមួយពួកបុព្វបុរសថាប្រគល់ឲ្យអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នាឡើយ។ 2 រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្តាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ? 3 ដូច្នេះ យើងប្រាប់អ្នករាល់គ្នាថា យើងនឹងមិនបណ្តេញអ្នកស្រុកនេះចេញពីមុខអ្នករាល់គ្នាឡើយ ពួកគេនឹងក្លាយទៅជាគូសត្រូវរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងអន្ទាក់នៃព្រះនានារបស់ពួកគេ»។ 4 នៅពេលឮម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលដូច្នេះ ជនជាតិអ៊ីស្រអែលទាំងអស់ក៏នាំគ្នាទ្រហោយំ។ 5 គេដាក់ឈ្មោះកន្លែងនោះថាបូគីម ហើយនាំគ្នាធ្វើគូរបានជូនអុលឡោះតាអាឡា។ យ៉ូស្វេស្លាប់ 6 យ៉ូស្វេបានឲ្យប្រជាជនវិលត្រឡប់ទៅវិញ ជនជាតិអ៊ីស្រអែលក៏នាំគ្នាទៅចាប់យកចំណែកទឹកដី ដែលជាមត៌ករបស់គេរៀងៗខ្លួន។ 7 ពួកគេគោរពបម្រើអុលឡោះតាអាឡាក្នុងអំឡុងពេលដែលយ៉ូស្វេមានជីវិតនៅឡើយ។ ក្រោយលោកស្លាប់ផុតទៅ គេនៅតែគោរពបម្រើទ្រង់តទៅទៀត ក្នុងអំឡុងពេលដែលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញការអស្ចារ្យដ៏ឧត្តុង្គឧត្តមដែលអុលឡោះតាអាឡាបានធ្វើចំពោះជនជាតិអ៊ីស្រអែល។ 8 យ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានស្លាប់ ក្នុងអាយុមួយរយដប់ឆ្នាំ។ 9 គេបានបញ្ចុះសពរបស់គាត់នៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់គាត់ នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។ 10 មនុស្សជំនាន់នោះក៏ស្លាប់អស់ទៅ ហើយ មានមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ អ្នកទាំងនេះមិនបានស្គាល់អុលឡោះតាអាឡា ហើយក៏មិនស្គាល់ការអស្ចារ្យដែលទ្រង់បានធ្វើចំពោះអ៊ីស្រអែលដែរ។ ប្រជាជនអ៊ីស្រអែលបោះបង់ចោលអុលឡោះ 11 ជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់បំណងអុលឡោះតាអាឡា ដោយនាំគ្នាគោរពបម្រើព្រះបាល។ 12 ពួកគេបានបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗទៀត ក្នុងចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ។ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ជាហេតុបណ្តាលឲ្យអុលឡោះតាអាឡាខឹង។ 13 ពួកគេបានបោះបង់ចោលអុលឡោះតាអាឡា ទៅគោរពបម្រើព្រះបាល និងព្រះអាសថារ៉ូតវិញ។ 14 អុលឡោះតាអាឡាខឹងនឹងជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង ទ្រង់ប្រគល់ពួកគេ ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរព្រៃដែលប្លន់យកទ្រព្យសម្បត្តិពួកគេ ទ្រង់ប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវនៅជុំវិញយកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវបានទៀតឡើយ។ 15 រាល់ពេលដែលពួកគេចេញទៅច្បាំង អុលឡោះតាអាឡាធ្វើឲ្យពួកគេបរាជ័យជានិច្ច ដូចទ្រង់មានបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។ 16 គ្រានោះ អុលឡោះតាអាឡាបានធ្វើឲ្យមានពួកចៅហ្វាយក្រោកឡើង រំដោះពួកគេឲ្យរួចពីកណ្តាប់ដៃរបស់ចោរព្រៃ។ 17 ប៉ុន្តែ ពួកគេមិនស្តាប់បង្គាប់អស់លោកចៅហ្វាយជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់អុលឡោះទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមបទបញ្ជារបស់អុលឡោះតាអាឡា ដូចពួកបុព្វបុរសទេ។ 18 ពេលអុលឡោះតាអាឡាតែងតាំងចៅហ្វាយណាម្នាក់ឲ្យដឹកនាំពួកគេ ទ្រង់នៅជាមួយចៅហ្វាយនោះ ហើយរំដោះពួកគេឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងមួយជីវិតរបស់គាត់ ដ្បិតអុលឡោះតាអាឡាអាណិតមេត្តាពួកគេ នៅពេលឮពួកគេស្រែកថ្ងូរដោយខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើបាប។ 19 លុះចៅហ្វាយនោះស្លាប់ផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសដូនតាទៅទៀត។ ពួកគេបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំបានលះបង់អំពើអាក្រក់ និងចរិតរឹងចចេសរបស់ខ្លួនឡើយ។ 20 ពេលនោះ អុលឡោះតាអាឡាខឹងនឹងជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង ហើយមានបន្ទូលថា៖ «ប្រជាជាតិនេះបានផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយបុព្វបុរសរបស់គេ ហើយមិនព្រមស្តាប់បង្គាប់យើងទេ 21 ដូច្នេះ យើងក៏នឹងមិនបណ្តេញប្រជាជាតិណាមួយ ក្នុងចំណោមប្រជាជាតិនានាដែលយ៉ូស្វេទុកឲ្យនៅសល់ ក្រោយពេលគាត់ស្លាប់ទៅនោះដែរ។ 22 យើងនឹងប្រើប្រជាជាតិទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើអ៊ីស្រអែលដើរតាមមាគ៌ារបស់យើង ដូចបុព្វបុរសរបស់គេឬយ៉ាងណា»។ 23 អុលឡោះតាអាឡាទុកប្រជាជាតិទាំងឡាយ ដែលទ្រង់មិនបានប្រគល់ទៅក្នុងកណ្តាប់ដៃរបស់យ៉ូស្វេ ឲ្យរស់នៅក្នុងស្រុកតទៅមុខទៀត គឺទ្រង់មិនប្រញាប់នឹងយកទឹកដីចេញពីពួកគេឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies