ពួកចៅហ្វាយ 4 - អាល់គីតាបលោកស្រីដេបូរ៉ា និងលោកបារ៉ាក់ 1 ក្រោយពីលោកអេហ៊ូដស្លាប់ផុតទៅ ជនជាតិអ៊ីស្រអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡាសាជាថ្មីទៀត។ 2 ហេតុនេះ អុលឡោះតាអាឡាប្រគល់ពួកគេ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចយ៉ាប៊ីន ជាស្តេចស្រុកកាណានដែលនៅក្រុងហាសោរ។ មេទ័ពរបស់ស្តេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសេតកូយឹម។ 3 ស្តេចយ៉ាប៊ីនមានរទេះដែកប្រាំបួនរយគ្រឿង ហើយសង្កត់សង្កិនជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង អស់រយៈពេលម្ភៃឆ្នាំ។ ហេតុនេះហើយបានជាជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា។ 4 នៅជំនាន់នោះ លោកស្រីដេបូរ៉ា ជាអ្នកថ្លែងបន្ទូលអុលឡោះហើយជាភរិយារបស់លោកឡាពីដូត បានដឹកនាំជនជាតិអ៊ីស្រអែល។ 5 លោកស្រីដេបូរ៉ាតែងកាត់ក្តីនៅក្រោមដើមលម៉ើ ដែលក្រោយមកគេហៅថាលម៉ើរបស់លោកស្រីដេបូរ៉ា ស្ថិតនៅចន្លោះភូមិរ៉ាម៉ា និងបេតអែលក្នុងតំបន់ភ្នំអេប្រាអ៊ីម។ ជនជាតិអ៊ីស្រអែលតែងតែឡើងទៅរកលោកស្រីដេបូរ៉ា ឲ្យជំនុំជម្រះរឿងរ៉ាវរបស់ពួកគេ។ 6 ថ្ងៃមួយលោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយនិយាយទៅគាត់ថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលមកគាត់ដូចតទៅនេះ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។ 7 យើងនឹងទាក់ទាញស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះចំបាំង និងកងទ័ពរបស់គេ ឲ្យមកច្បាំងនឹងអ្នកនៅត្រង់ទឹកជ្រោះគីសូន យើងនឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក”»។ 8 លោកបារ៉ាក់ឆ្លើយឡើងថា៖ «បើលោកស្រីអញ្ជើញទៅជាមួយខ្ញុំ ទើបខ្ញុំព្រមទៅ តែបើលោកស្រីមិនអញ្ជើញទៅទេ នោះខ្ញុំមិនព្រមទៅឡើយ»។ 9 លោកស្រីដេបូរ៉ាតបថា៖ «បាន! ខ្ញុំនឹងទៅជាមួយគាត់ ប៉ុន្តែ គាត់មិនបានទទួលកិត្តិយសក្នុងចំបាំងនេះទេ ដ្បិតអុលឡោះតាអាឡានឹងប្រគល់ស៊ីសេរ៉ា មកក្នុងកណ្តាប់ដៃមនុស្សស្រី»។ លោកស្រីដេបូរ៉ាក៏ធ្វើដំណើរជាមួយលោកបារ៉ាក់ទៅភូមិកេដែស។ 10 នៅទីនោះ លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាប់យូឡូន និងណែបថាលី ឲ្យមកជួបជុំគ្នានៅកេដែស។ មានមនុស្សមួយម៉ឺននាក់សម្រេចចិត្តទៅជាមួយគាត់ ហើយលោកស្រីដេបូរ៉ាក៏ទៅជាមួយដែរ។ 11 លោកហេប៊ើរ ជាជនជាតិកែន បានបែកចេញពីជនជាតិកែនឯទៀតៗ ដែលជាពូជពង្សរបស់លោកហូបាប់ បងថ្លៃរបស់ម៉ូសា។ គាត់បោះជំរំ នៅក្បែរដើមជ្រៃស្អាណានឹម ជិតភូមិកេដែស។ 12 មានគេជម្រាបលោកស៊ីសេរ៉ាថា លោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម បានឡើងទៅលើភ្នំតាបោរ។ 13 លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។ 14 ពេលនោះ លោកស្រីដេបូរ៉ានិយាយទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅថ្ងៃនេះ អុលឡោះតាអាឡាប្រគល់ស៊ីសេរ៉ាមកក្នុងកណ្តាប់ដៃរបស់គាត់ហើយ។ អុលឡោះតាអាឡាផ្ទាល់នាំមុខអ្នក»។ លោកបារ៉ាក់ក៏ចុះពីភ្នំតាបោរ ដោយមានមនុស្សមួយម៉ឺននាក់ មកជាមួយគាត់ដែរ។ 15 អុលឡោះតាអាឡាបានធ្វើឲ្យលោកស៊ីសេរ៉ា ព្រមទាំងរទេះចំបាំង និងពលទាហានទាំងអស់របស់គាត់បាក់ទ័ព នៅមុខលោកបារ៉ាក់។ លោកស៊ីសេរ៉ាបោះបង់ចោលរទេះចំបាំងរបស់គាត់ ហើយរត់គេចខ្លួនទៅ។ 16 លោកបារ៉ាក់ដេញតាមរទេះចំបាំង និងកងទ័ពខ្មាំងរហូតដល់ហារ៉ូសេតកូយឹម។ កងទ័ពទាំងមូលរបស់លោកស៊ីសេរ៉ាស្លាប់ដោយមុខដាវ គ្មានសល់ម្នាក់ឡើយ។ 17 រីឯលោកស៊ីសេរ៉ាវិញ គាត់រត់គេចរហូតដល់តង់ត៍របស់នាងយ៉ាអែល ដែលត្រូវជាប្រពន្ធរបស់លោកហេប៊ើរ ជនជាតិកែន ដ្បិតស្តេចយ៉ាប៊ីន ជាស្តេចក្រុងហាសោរ និងក្រុមគ្រួសារហេប៊ើរ មានទំនាក់ទំនងជាមួយគ្នាដោយមេត្រីភាព។ 18 ពេលនោះ នាងយ៉ាអែលចេញមកទទួលលោកស៊ីសេរ៉ា ទាំងពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលក្នុងមក កុំភ័យខ្លាចអី!»។ លោកស៊ីសេរ៉ាក៏ចូលទៅក្នុងតង់ត៍ ហើយនាងនាំលោកទៅលាក់នៅក្រោមភួយ។ 19 ខណៈនោះលោកស៊ីសេរ៉ាពោលថា៖ «សូមអ្នកមេត្តាឲ្យទឹកខ្ញុំផឹកបន្តិច ដ្បិតខ្ញុំស្រេកទឹកណាស់»។ នាងបើកឆ្នុកថង់ស្បែកទឹកដោះ ជូនលោកស៊ីសេរ៉ាពិសា រួចគ្របភួយទៅវិញ។ 20 គាត់ពោលទៀតថា៖ «សូមអ្នកទៅចាំនៅមាត់ទ្វារតង់ត៍ ប្រសិនបើមានគេមកសួរអ្នកថា “តើមាននរណាចូលមកទីនេះឬទេ?” នោះសូមឆ្លើយថា “គ្មានទេ”»។ 21 ដោយនឿយហត់ខ្លាំងពេក លោកស៊ីសេរ៉ាក៏សម្រាន្តលក់ទៅ។ នាងយ៉ាអែលយកញញួរ និងចម្រឹងដែក ហើយដើរលបៗចូលទៅជិតលោកស៊ីសេរ៉ា រួចបោះចម្រឹងនោះចំត្រង់សៀតផ្ការបស់លោកស៊ីសេរ៉ា ធ្លុះដល់ដីស្លាប់ទៅ។ 22 ពេលនោះ លោកបារ៉ាក់ដែលដេញតាមលោកស៊ីសេរ៉ាក៏មកដល់ នាងយ៉ាអែលចេញទៅជួបគាត់ ហើយពោលថា៖ «សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្ស ដែលលោកកំពុងតែរក»។ លោកបារ៉ាក់ចូលទៅក្នុងជំរំឃើញលោកស៊ីសេរ៉ាដេកស្លាប់ ដោយមានទាំងចម្រឹងដែកដោតជាប់នឹងសៀតផ្កា។ 23 ថ្ងៃនោះ អុលឡោះតាអាឡាបានបំបាក់មុខស្តេចយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅចំពោះមុខជនជាតិអ៊ីស្រអែល។ 24 ជនជាតិអ៊ីស្រអែលមានប្រៀបលើស្តេចយ៉ាប៊ីន ជាស្តេចស្រុកកាណានកាន់តែខ្លាំងឡើងៗ ហើយនៅទីបំផុត គេក៏សម្លាប់ស្តេចយ៉ាប៊ីនបាន។ |
© 2014 United Bible Societies, UK.
United Bible Societies