ការជំរឿនប្រជាជនលើកទីពីរ1 បន្ទាប់ពីគ្រោះកាចនោះមក អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងលោកអេឡាសារ ជាកូនរបស់អ៊ីមុាំហារូនថា៖ 2 «ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រអែលទាំងមូលដោយគិតចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមអំបូររបស់ពួកគេ គឺជនជាតិអ៊ីស្រអែលទាំងអស់ដែលអាចបម្រើកងទ័ពបាន»។ 3 ម៉ូសា និងលោកអេឡាសារក៏ប្រាប់ជនជាតិអ៊ីស្រអែល នៅវាលទំនាបស្រុកម៉ូអាប់ ដែលនៅក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ 4 ឲ្យជំរឿនប្រជាជនដែលមានអាយុម្ភៃឆ្នាំឡើងទៅ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ កូនចៅអ៊ីស្រអែល ដែលបានចាកចេញមកពីស្រុកអេស៊ីប មានដូចតទៅ៖ 5 កុលសម្ព័ន្ធរូបេន: កូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រអែលមាន: អំបូរហេណុក ជាពូជពង្សរបស់លោកហេណុក អំបូរប៉ាលូវជាពូជពង្សរបស់លោកប៉ាលូវ 6 អំបូរហេស្រូន ជាពូជពង្សរបស់លោកហេស្រូន អំបូរកើមីជាពូជពង្សរបស់លោកកើមី។ 7 អ្នកទាំងនោះ ជាអំបូររបស់កុលសម្ព័ន្ធរូបេន មានចំនួនទាំងអស់ ៤៣ ៧៣០ នាក់។ 8 កូនរបស់លោកប៉ាលូវ គឺអេលាប 9 កូនរបស់លោកអេលាប គឺនេមូល ដាថាន និងអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម ជាតំណាងរបស់ប្រជាជន ហើយចូលដៃជាមួយបក្សពួករបស់លោកកូរេ លើកគ្នាប្រឆាំងម៉ូសា និងហារូននៅគ្រាដែលគេបះបោរប្រឆាំងនឹងអុលឡោះតាអាឡា។ 10 ពេលនោះផែនដីបានបើកចំហ ហើយស្រូបពួកគេជាមួយលោកកូរេ និងបក្សពួក ព្រមទាំងមានភ្លើងឆេះបំផ្លាញពួកគេ អស់ពីររយហាសិបនាក់ទុកជាការព្រមានដល់ប្រជាជន។ 11 ចំណែកឯកូនចៅរបស់លោកកូរេពុំបានស្លាប់ទេ។ 12 កូនចៅរបស់លោកស៊ីម្មាន តាមអំបូររបស់ពួកគេមាន: អំបូរយេមូអែល ជាពូជពង្សរបស់លោកយេមូអែល អំបូរយ៉ាមីនជាពូជពង្សរបស់លោកយ៉ាមីន អំបូរយ៉ាគីន ជាពូជពង្សរបស់លោកយ៉ាគីន 13 អំបូរសេរ៉ាសជាពូជពង្សរបស់លោកសេរ៉ាស អំបូរសូលជាពូជពង្សរបស់លោកសូល។ 14 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធស៊ីម្មាន មានចំនួនទាំងអស់ ២២២០០ នាក់។ 15 កូនចៅរបស់លោកកាដ តាមអំបូររបស់ពួកគេមាន: អំបូរសេផូនជាពូជពង្សរបស់លោកសេផូន អំបូរហាក់គីជាពូជពង្សរបស់លោកហាគី អំបូរស៊ូនីជាពូជពង្សរបស់លោកស៊ូនី 16 អំបូរអូសនី ជាពូជពង្សរបស់លោកអូសនី អំបូរអេរី ជាពូជពង្សរបស់លោកអេរី។ 17 អំបូរអើរ៉ូដ ជាពូជពង្សរបស់លោកអើរ៉ូដ អំបូរអើរេលី ជាពូជពង្សរបស់លោកអើរេលី។ 18 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធកាដ ដែលគេជំរឿនបាន ៤០ ៥០០ នាក់។ 19 កូនរបស់លោកយូដាមានអ៊ើរ និងអូណាន់ ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។ 20 កូនចៅឯទៀតៗរបស់លោកយូដា តាមអំបូររបស់ពួកគេមាន: អំបូរសេឡា ជាពូជពង្សរបស់លោកសេឡា អំបូរពេរេស ជាពូជពង្សរបស់លោកពេរេស អំបូរសេរ៉ាស ជាពូជពង្សរបស់លោកសេរ៉ាស។ 21 កូនចៅរបស់ពេរេស គឺអំបូរហេស្រូនជាពូជពង្សរបស់លោកហេស្រូន អំបូរហាមូល ជាពូជពង្សរបស់លោកហាមូល។ 22 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលគេជំរឿនបាន ៧៦ ៥០០ នាក់។ 23 កូនចៅរបស់លោកអ៊ីសាខារតាមអំបូររបស់ពួកគេមាន: អំបូរថូឡា ជាពូជពង្សរបស់លោកថូឡា អំបូរពូវ៉ា ជាពូជពង្សរបស់លោកពូវ៉ា 24 អំបូរយ៉ាស៊ូប ជាពូជពង្សរបស់លោកយ៉ាស៊ូប អំបូរស៊ីមរ៉ូន ជាពូជពង្សរបស់លោកស៊ីមរ៉ូន។ 25 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអ៊ីសាខារ ដែលគេជំរឿនបាន ៦៤ ៣០០ នាក់។ 26 កូនចៅរបស់លោកសាប់យូឡូន តាមអំបូររបស់ពួកគេមាន: អំបូរសេរ៉ែដ ជាពូជពង្សរបស់លោកសេរ៉ែដ អំបូរអេឡូន ជាពូជពង្សរបស់លោកអេឡូន អំបូរយ៉ាលាល ជាពូជពង្សរបស់លោកយ៉ាលាល។ 27 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធសាប់យូឡូន ដែលគេជំរឿនបាន ៦០ ៥០០ នាក់។ 28 កូនចៅរបស់យូសុះ តាមអំបូររបស់ពួកគេ គឺម៉ាណាសេ និងអេប្រាអ៊ីម។ 29 កូនចៅរបស់លោកម៉ាណាសេ តាមអំបូររបស់ពួកគេមាន: អំបូរម៉ាកៀរ ជាពូជពង្សរបស់លោកម៉ាកៀរ។ កូនរបស់លោកម៉ាកៀរ គឺលោកកាឡាដ ដែលជាបុព្វបុរសរបស់អំបូរកាឡាដ។ 30 កូនចៅរបស់លោកកាឡាដមាន: អំបូរយេស៊ើរ ជាពូជពង្សរបស់លោកយេស៊ើរ អំបូរហេឡេក ជាពូជពង្សរបស់លោកហេឡេក 31 អំបូរអាសរាល ជាពូជពង្សរបស់លោកអាសរាល អំបូរស៊ីគែម ជាពូជពង្សរបស់លោកស៊ីគែម 32 អំបូរសេមីដា ជាពូជពង្សរបស់លោកសេមីដា អំបូរហេភើរ ជាពូជពង្សរបស់លោកហេភើរ។ 33 លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន: ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ 34 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធម៉ាណាសេ ដែលគេជំរឿនបាន ៥២ ៧០០ នាក់។ 35 កូនចៅរបស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន: អំបូរស៊ូថេឡា ជាពូជពង្សរបស់លោកស៊ូថេឡា អំបូរបេគើរ ជាពូជពង្សរបស់លោកបេគើរ អំបូរថាហាន ជាពូជពង្សរបស់លោកថាហាន។ 36 កូនចៅរបស់លោកស៊ូថេឡាមាន: អំបូរអេរ៉ាន ជាពូជពង្សរបស់លោកអេរ៉ាន។ 37 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដែលគេជំរឿនបាន ៣២៥០០ នាក់។ 38 កូនចៅរបស់ពុនយ៉ាមីន តាមអំបូររបស់ពួកគេមាន: អំបូរបេឡា ជាពូជពង្សរបស់លោកបេឡា អំបូរអាសបែល ជាពូជពង្សរបស់លោកអាសបែល អំបូរអេហ៊ីរ៉ាមជាពូជពង្សរបស់លោកអេហ៊ីរ៉ាម។ 39 អំបូរស៊ូផាម ជាពូជពង្សរបស់លោកស៊ូផាម អំបូរហ៊ូផាម ជាពូជពង្សរបស់លោកហ៊ូផាម។ 40 កូនចៅរបស់លោកបេឡា មានលោកអើឌ និងណាម៉ាន។ អំបូរអើឌជាពូជពង្សរបស់លោកអើឌ អំបូរណាម៉ាន ជាពូជពង្សរបស់លោកណាម៉ាន។ 41 អ្នកទាំងនោះជាកូនចៅរបស់កុលសម្ព័ន្ធពុនយ៉ាមីន តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៦០០ នាក់។ 42 កូនចៅរបស់លោកដាន់ តាមអំបូររបស់ពួកគេមាន: អំបូរហ៊ូស៊ីម ជាពូជពង្សរបស់លោកហ៊ូស៊ីម។ អ្នកទាំងនោះជាកូនចៅរបស់លោកដាន់តាមអំបូររបស់ពួកគេ។ 43 សរុបអំបូរកូនចៅរបស់លោកហ៊ូស៊ីម ដែលគេជំរឿនបានមានចំនួន ៦៤ ៤០០ នាក់។ 44 កូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេមាន: អំបូរយីមណា ជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរាជាពូជពង្សរបស់លោកបេរា។ 45 កូនចៅរបស់លោកបេរ៉ាមានអំបូរហេប៊ើរ ជាពូជពង្សរបស់លោកហេប៊ើរ អំបូរម៉ាល់គាល ជាពូជពង្សរបស់លោកម៉ាល់គាល។ 46 កូនស្រីរបស់លោកអេស៊ើរ គឺនាងសេរ៉ា។ 47 អ្នកទាំងនោះជាកូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេ ដែលគេជំរឿនបាន ៥៣ ៤០០ នាក់។ 48 កូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេមាន: អំបូរយ៉ាស៊ាល ជាពូជពង្សរបស់លោកយ៉ាស៊ាល អំបូរគូនីជាពូជពង្សរបស់លោកគូនី 49 អំបូរយេស៊ើរ ជាពូជពង្សរបស់លោកយ៉ាស៊ើរ អំបូរស៊ីឡិមជាពូជពង្សរបស់លោកស៊ីឡិម។ 50 អ្នកទាំងនោះជាកូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៤០០ នាក់។ 51 ចំនួនរបស់ជនជាតិអ៊ីស្រអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១ ៧៣០ នាក់។ 52 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 53 «ត្រូវចែកទឹកដីឲ្យកុលសម្ព័ន្ធអ៊ីស្រអែលទុកជាកេរមត៌កតាមចំនួនរបស់ពួកគេ 54 គឺកុលសម្ព័ន្ធដែលមានគ្នាច្រើនត្រូវចែកទឹកដីឲ្យច្រើន ហើយកុលសម្ព័ន្ធដែលមានគ្នាតិចត្រូវចែកឲ្យតិច។ ត្រូវចែកទឹកដីឲ្យពួកគេតាមចំនួនដែលបានជំរឿន។ 55 ប៉ុន្តែ ការបែងចែកទឹកដីនេះ ត្រូវធ្វើឡើងដោយចាប់ឆ្នោត គឺកុលសម្ព័ន្ធនីមួយៗនឹងទទួលទឹកដី តាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។ 56 ទឹកដីនេះនឹងត្រូវចែកឲ្យពួកគេ តាមចំនួនតិច ឬច្រើនដោយការចាប់ឆ្នោត»។ 57 ចំណែកឯពួកលេវីដែលបានជំរឿនតាមអំបូររបស់ពួកគេមានដូចតទៅ: អំបូរគើសុន ជាពូជពង្សរបស់លោកគើសុន អំបូរកេហាត់ជាពូជពង្សរបស់លោកកេហាត់ និងអំបូរម៉្រារីជាពូជពង្សរបស់លោកម៉្រារី។ 58 រីឯអំបូរឯទៀតៗនៃកូនចៅលេវី មានអំបូរលីបនី អំបូរហេប្រូន អំបូរម៉ាស់លី អំបូរមូស៊ី និងអំបូរកូរេ។ លោកកេហាត់ត្រូវជាឪពុករបស់លោកអាំរ៉ាម។ 59 ភរិយារបស់លោកអាំរ៉ាម ឈ្មោះនាងយ៉ូកិបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺហារូន ម៉ូសា និងនាងម៉ារៀមជាបងស្រីរបស់លោក។ 60 ហារូនបង្កើតបានលោកណាដាប លោកអប៊ីហ៊ូវ លោកអេឡាសារ និងលោកអ៊ីថាម៉ារ។ 61 លោកណាដាប និងលោកអប៊ីហ៊ូវបានស្លាប់នៅពេលដែលអ្នកទាំងពីរយកភ្លើងមិនសក្ការៈទៅជូនអុលឡោះតាអាឡា។ 62 ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០ នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌កក្នុងចំណោមជនជាតិអ៊ីស្រអែលឡើយ។ 63 នេះជាចំនួនជនជាតិអ៊ីស្រអែលដែលម៉ូសា និងអ៊ីមុាំអេឡាសារបានជំរឿននៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ។ 64 ក្នុងចំណោមជនជាតិអ៊ីស្រអែលទាំងនេះ គ្មាននៅសល់អស់អ្នកដែលម៉ូសា និងអ៊ីមុាំហារូនបានជំរឿនលើកមុននៅវាលរហោស្ថានស៊ីណៃឡើយ 65 ដ្បិតអុលឡោះតាអាឡាបានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែបជាកូនរបស់លោកយេភូនេ និងយ៉ូស្វេ ជាកូនរបស់លោកនូនប៉ុណ្ណោះ។ |
© 2014 United Bible Societies, UK.
United Bible Societies