ជនជាតិអ៊ីស្រអែលនៅតំបន់វាលទំនាបស្រុកម៉ូអាប់ ណាពីបាឡាម និងស្តេចបាឡាក់1 ជនជាតិអ៊ីស្រអែលចេញដំណើរពីទីនោះ ទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយខាងកើតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ 2 ស្តេចបាឡាក់ ជាបុត្ររបស់ស្តេចស៊ីបពរ ជ្រាបអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រអែលបានប្រព្រឹត្តចំពោះជនជាតិអាម៉ូរី។ 3 ជនជាតិម៉ូអាប់ភ័យខ្លាច ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រអែលដែលមានចំនួនដ៏ច្រើននេះ។ 4 ពេលនោះ ជនជាតិម៉ូអាប់ពោលទៅកាន់ពួកចាស់ទុំនៃជនជាតិម៉ាឌាន ថា៖ «មនុស្សដ៏ច្រើននេះមុខជាបង្ហិនអ្វីៗដែលមាននៅជុំវិញពួកយើង ដូចគោស៊ីដំណាំនៅក្នុងចម្ការមិនខាន»។ នៅគ្រានោះ ស្តេចបាឡាក់ជាបុត្ររបស់ស្តេចស៊ីបពរ សោយរាជ្យនៅស្រុកម៉ូអាប់។ 5 ស្តេចបាឡាក់បានចាត់អ្នកនាំសារ ឲ្យទៅជួបបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកភូមិពេថោរដែលស្ថិតនៅមាត់ទន្លេ ប្រាប់ថា៖ «មានជនជាតិមួយចេញមកពីស្រុកអេស៊ីបនាំគ្នាមកនៅពាសពេញស្រុក គឺពួកគេបោះជំរំនៅក្បែរទឹកដីរបស់យើង។ 6 ដូច្នេះ សូមអ្នកអញ្ជើញមកដាក់បណ្តាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ បើអ្នកដាក់បណ្តាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ ហើយបណ្តេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលអ្នកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើអ្នកដាក់បណ្តាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្តាសាមិនខាន»។ 7 ចាស់ទុំរបស់ជនជាតិម៉ូអាប់ និងចាស់ទុំរបស់ជនជាតិម៉ាឌាន នាំគ្នាចេញដំណើរទៅ ទាំងនាំយកជំនូនសម្រាប់ជូនគ្រូហោរទៅជាមួយផង។ ពួកគេបានទៅដល់ផ្ទះរបស់បាឡាម ហើយរៀបរាប់ប្រាប់គាត់នូវពាក្យរបស់ស្តេចបាឡាក់។ 8 បាឡាមពោលថា៖ «សូមអស់លោកស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងជូនចម្លើយអស់លោកវិញ តាមសេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមេដឹកនាំនៃជនជាតិម៉ូអាប់ក៏នាំគ្នាស្នាក់នៅក្នុងផ្ទះរបស់បាឡាម។ 9 អុលឡោះមកជួបបាឡាម មានបន្ទូលថា៖ «តើមនុស្សម្នាដែលស្នាក់នៅក្នុងផ្ទះរបស់អ្នកជានរណា?»។ 10 បាឡាមជម្រាបអុលឡោះថា៖ «ស្តេចបាឡាក់ ជាបុត្ររបស់ស្តេចស៊ីបពរ ដែលសោយរាជ្យនៅស្រុកម៉ូអាប់ បានចាត់ពួកគេឲ្យមកប្រាប់ខ្ញុំថា 11 “មានជនជាតិមួយចេញមកពីស្រុកអេស៊ីបនាំគ្នាមកនៅពាសពេញស្រុក។ ដូច្នេះ សូមអ្នកមកជួយដាក់បណ្តាសាជនជាតិនេះឲ្យយើងផង។ បើអ្នកដាក់បណ្តាសាពួកគេនោះប្រហែលជាយើងវាយឈ្នះពួកគេ និងបណ្តេញពួកគេបាន”»។ 12 អុលឡោះមានបន្ទូលមកកាន់បាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្តាសាប្រជាជននោះដែរ ដ្បិតយើងបានឲ្យពរពួកគេរួចហើយ!»។ 13 បាឡាមក្រោកពីព្រលឹម ហើយមានប្រសាសន៍ទៅកាន់ពួកមេដឹកនាំ ដែលស្តេចបាឡាក់បានចាត់ឲ្យមកនោះថា៖ «សូមអស់លោកអញ្ជើញវិលទៅស្រុករបស់អស់លោកវិញចុះ អុលឡោះតាអាឡាមិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។ 14 មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលមកជួបស្តេចបាឡាក់វិញ ប្រាប់ថា៖ «បាឡាមមិនព្រមមកជាមួយពួកយើងទេ»។ 15 ស្តេចបាឡាក់បានចាត់មេដឹកនាំឲ្យទៅសាជាថ្មី មានគ្នាច្រើនជាងមុន និងមានយសសក្តិខ្ពស់ជាងមុន។ 16 ពួកគេទៅដល់ផ្ទះរបស់បាឡាម ជម្រាបដូចតទៅ៖ «ស្តេចបាឡាក់ជាបុត្ររបស់ស្តេចស៊ីបពរមានប្រសាសន៍ថា “សូមអញ្ជើញមកជួបយើង កុំបីអាក់ខាន 17 ដ្បិតយើងបានលើកកិត្តិយសអ្នកច្រើនណាស់ ហើយបើអ្នកចង់បង្គាប់អ្វី យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមអញ្ជើញមកជួយដាក់បណ្តាសាជនជាតិនេះឲ្យយើងផង”»។ 18 បាឡាមឆ្លើយទៅកាន់ពួកនាម៉ឺនមន្ត្រីរបស់ស្តេចបាឡាក់ថា៖ «ទោះបីស្តេចបាឡាក់ឲ្យមាស ឬប្រាក់ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្តី ក៏ខ្ញុំពុំអាចធ្វើការអ្វី តូច ឬធំខុសនឹងបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំជាដាច់ខាត។ 19 ឥឡូវនេះ សូមអស់លោកស្នាក់នៅជាមួយខ្ញុំមួយយប់សិន ខ្ញុំមុខជាដឹងអំពីសេចក្តីដែលអុលឡោះតាអាឡានឹងថ្លែងប្រាប់ខ្ញុំ»។ 20 នៅពេលយប់អុលឡោះមកជួបបាឡាម មានបន្ទូលថា៖ «ដោយអ្នកទាំងនោះនាំគ្នាមកហៅអ្នកដូច្នេះ ចូរក្រោកឡើង ចេញដំណើរទៅជាមួយពួកគេចុះ។ ប៉ុន្តែ ត្រូវធ្វើតាមសេចក្តីណាដែលយើងនឹងបង្គាប់ឲ្យអ្នកធ្វើ»។ 21 បាឡាមក្រោកឡើងពីព្រលឹម គាត់រៀបចំកែបលា ចេញដំណើរទៅជាមួយពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់។ 22 ពេលនោះ អុលឡោះខឹងយ៉ាងខ្លាំង ព្រោះគាត់ចេញដំណើរដូច្នេះ។ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈររាំងផ្លូវរបស់គាត់ ដើម្បីជំទាស់នឹងគាត់។ បាឡាមជិះលាញីរបស់គាត់ ហើយមានអ្នកបម្រើពីរនាក់រួមដំណើរជាមួយដែរ។ 23 លាញីបានឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ឈរនៅកណ្តាលផ្លូវ ទាំងកាន់ដាវផង។ លាក៏ងាកចេញពីផ្លូវទៅដើរនៅក្នុងចម្ការ។ បាឡាមវាយលាឲ្យមកដើរតាមផ្លូវវិញ។ 24 ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈរនៅកណ្តាលផ្លូវ ដែលមានចម្ការទំពាំងបាយជូរនៅសងខាង ហើយសងខាងផ្លូវមានរបង។ 25 លាញីឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា វាក៏ងាកទៅជិតរបង ធ្វើឲ្យជើងរបស់បាឡាមកៀបទៅនឹងរបង។ បាឡាមក៏វាយវាសាជាថ្មី។ 26 ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាទៅឆ្ងាយបន្តិច ត្រង់កន្លែងមានច្រកចង្អៀត ដែលពុំអាចវាងទៅស្តាំ ឬទៅឆ្វេងបានឡើយ។ 27 លាឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា វាក៏ក្រាបចុះ ធ្វើឲ្យបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។ 28 អុលឡោះតាអាឡាធ្វើឲ្យលាញីនិយាយបាន វានិយាយទៅបាឡាមថា៖ «តើខ្ញុំធ្វើអ្វីអ្នក បានជាអ្នកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»។ 29 បាឡាមតបទៅលាញីថា៖ «មកពីឯងមិនព្រមធ្វើតាមអញ! ប្រសិនបើអញមានដាវនៅដៃ នោះអញមុខជាសម្លាប់ឯងភ្លាម!»។ 30 លាញីតបថា៖ «ខ្ញុំជាលារបស់អ្នក ដែលអ្នកធ្លាប់ជិះគ្រប់ពេលវេលា រហូតមកទល់ថ្ងៃនេះ តើពីមុនៗមក ខ្ញុំធ្លាប់ធ្វើបែបនេះចំពោះអ្នកឬទេ?»។ បាឡាមតបថា «ទេ!»។ 31 ពេលនោះ អុលឡោះតាអាឡាបំភ្លឺឲ្យបាឡាមមើលឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាដែលឈររាំងផ្លូវ ទាំងកាន់ដាវនៅដៃ គាត់ក៏ក្រាបចុះអោនមុខដល់ដី។ 32 ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡានិយាយមកគាត់ថា៖ «ហេតុអ្វីបានជាគាត់វាយលារបស់គាត់ដល់ទៅបីដងដូច្នេះ? ខ្ញុំបានចេញមកឃាត់គាត់ ដ្បិតផ្លូវដែលអ្នកតម្រង់ទៅនេះជាផ្លូវនាំឲ្យវិនាស។ 33 លាញីបានឃើញខ្ញុំវាងាកចេញពីខ្ញុំដល់ទៅបីដង ប្រសិនបើវាមិនងាកចេញពីខ្ញុំទេនោះ ម៉្លេះសមខ្ញុំសម្លាប់អ្នក ហើយទុកជីវិតឲ្យវា»។ 34 បាឡាមពោលទៅកាន់ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតខ្ញុំពុំដឹងថា អ្នកស្ថិតនៅតាមផ្លូវពីមុខខ្ញុំទេ។ ឥឡូវនេះ ប្រសិនបើអ្នកមិនពេញចិត្តឲ្យខ្ញុំទៅទេ នោះខ្ញុំបកក្រោយវិញ»។ 35 ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលមកកាន់បាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនោះចុះ តែត្រូវនិយាយតាមសេចក្តីដែលយើងប្រាប់អ្នកប៉ុណ្ណោះ»។ បាឡាមក៏ទៅជាមួយពួកមេដឹកនាំរបស់ស្តេចបាឡាក់។ 36 ស្តេចបាឡាក់ជ្រាបថា បាឡាមមកដល់ ស្តេចក៏ចេញទៅទទួលគាត់នៅក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ក្បែរជាយដែន។ 37 ស្តេចបាឡាក់មានប្រសាសន៍ទៅកាន់បាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញអ្នក ហេតុអ្វីបានជាអ្នកមិនព្រមមកជួបយើង តើអ្នកស្មានថាយើងមិនអាចលើកកិត្តិយសអ្នកឬ?»។ 38 បាឡាមជម្រាបស្តេចថា៖ «ឥឡូវនេះ ខ្ញុំមកជួបស្តេចហើយ។ ក៏ប៉ុន្តែ ខ្ញុំពុំ អាចពោលពាក្យអ្វីផ្សេង ក្រៅពីពាក្យដែលអុលឡោះបង្គាប់ឲ្យខ្ញុំថ្លែងនោះឡើយ»។ 39 បាឡាមក៏ទៅជាមួយស្តេចបាឡាក់ រហូតដល់ក្រុងគារយ៉ាត់–ហាសូត។ 40 ស្តេចបាឡាក់បានយកគោ និងចៀមធ្វើគូរបាន ហើយជូនសាច់ខ្លះទៅបាឡាម ព្រមទាំងមេដឹកនាំដែលមកជាមួយអ្នក។ ណាពីបាឡាមឲ្យពរជនជាតិអ៊ីស្រអែល41 លុះព្រឹកឡើង ស្តេចបាឡាក់បាននាំបាឡាមឡើងទៅបាម៉ុត–បាល។ នៅកន្លែងនោះគាត់អាចមើលឃើញប្រជាជនអ៊ីស្រអែលមួយចំនួន។ |
© 2014 United Bible Societies, UK.
United Bible Societies