ថ្ងៃរបស់ព្រះអម្ចាស់1 អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរហើយ ដែលខ្ញុំសរសេរមកអ្នករាល់គ្នា។ ក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានដាស់គំនិតបរិសុទ្ធរបស់អ្នករាល់គ្នាឡើង ដោយការរំលឹក 2 ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមកតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។ 3 ជាដំបូង អ្នករាល់គ្នាត្រូវដឹងការនេះថា នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកមកដល់ទាំងចំអកឡកឡឺយ ទាំងដើរតាមតណ្ហារបស់ខ្លួន 4 ហើយពោលថា៖ “តើសេចក្ដីសន្យាអំពីការយាងមកវិញរបស់ព្រះអង្គនៅឯណា? ដ្បិតតាំងពីពួកដូនតាបានដេកលក់មកម្ល៉េះ របស់សព្វសារពើនៅដដែលតាំងពីដើមដំបូងនៃការនិម្មិតបង្កើតពិភពលោក”។ 5 ពួកគេធ្វើព្រងើយនឹងការនេះដោយចេតនា គឺថា ផ្ទៃមេឃមាននៅតាំងពីយូរមកហើយ ហើយផែនដីក៏បង្កើតឡើងចេញពីទឹក និងតាមរយៈទឹក ដោយព្រះបន្ទូលរបស់ព្រះ; 6 ដោយព្រះបន្ទូល និងទឹកនេះឯង ពិភពលោកនាសម័យនោះបានវិនាស ដោយត្រូវទឹកជន់លិច; 7 ប៉ុន្តែដោយព្រះបន្ទូលដដែលនេះ ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង គឺទុករហូតដល់ថ្ងៃនៃការជំនុំជម្រះ និងសេចក្ដីវិនាសរបស់មនុស្សមិនគោរពព្រះ។ 8 ប៉ុន្តែអ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំធ្វើព្រងើយនឹងការមួយនេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់ មួយថ្ងៃដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ដូចជាមួយថ្ងៃដែរ។ 9 ព្រះអម្ចាស់មិនមែនយឺតនឹងបំពេញសេចក្ដីសន្យារបស់ព្រះអង្គ ដូចដែលអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គអត់ធ្មត់នឹងអ្នករាល់គ្នា ដោយមិនសព្វព្រះហឫទ័យឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់មកដល់ការកែប្រែចិត្តវិញ។ 10 យ៉ាងណាមិញ ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ដូចជាចោរ។ នៅថ្ងៃនោះ ផ្ទៃមេឃនឹងផុតទៅដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងត្រូវដុតបំផ្លាញ ហើយផែនដី និងកិច្ចការនានានៅលើផែនដី នឹងត្រូវបានលាតត្រដាង។ 11 ដោយព្រោះអ្វីៗទាំងអស់នេះនឹងត្រូវបានបំផ្លាញដូច្នេះ តើអ្នករាល់គ្នាត្រូវតែធ្វើជាមនុស្សបែបណា? គឺត្រូវមានកិរិយាដ៏វិសុទ្ធ និងគោរពព្រះ 12 ទាំងរង់ចាំ និងបង្ខំឲ្យថ្ងៃនៃការយាងមកវិញរបស់ព្រះបានឆាប់មកដល់។ ដ្បិតនៅថ្ងៃនោះ ផ្ទៃមេឃនឹងត្រូវបញ្ឆេះបំផ្លាញ ហើយធាតុនានានឹងត្រូវដុតរំលាយ។ 13 ក៏ប៉ុន្តែស្របតាមសេចក្ដីសន្យារបស់ព្រះអង្គ យើងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសេចក្ដីសុចរិតយុត្តិធម៌ស្ថិតនៅទីនោះ។ សរុបសេចក្ដី14 ដូច្នេះ អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយព្រោះអ្នករាល់គ្នាកំពុងរង់ចាំការទាំងនេះ ចូរខំប្រឹងឲ្យព្រះបានទតឃើញថាអ្នករាល់គ្នាឥតប្រឡាក់ និងឥតសៅហ្មង ទាំងមានសេចក្ដីសុខសាន្ត 15 ហើយចូរចាត់ទុកការអត់ធ្មត់របស់ព្រះអម្ចាស់នៃយើងថាជាសេចក្ដីសង្គ្រោះ ដូចដែលប៉ូលបងប្អូនដ៏ជាទីស្រឡាញ់របស់យើងបានសរសេរមកអ្នករាល់គ្នាដែរ ស្របតាមប្រាជ្ញាដែលប្រទានដល់គាត់។ 16 ក្នុងសំបុត្រទាំងអស់ គាត់រៀបរាប់អំពីសេចក្ដីទាំងនេះហើយ។ ក្នុងសំបុត្រទាំងនោះមានចំណុចខ្លះពិបាកយល់ ដែលពួកគ្មានចំណេះដឹង និងពួកមិនមាំមួនបំប្លែងន័យ ដូចដែលពួកគេធ្វើដល់បទគម្ពីរឯទៀតៗដែរ ដែលការនោះនាំមកនូវសេចក្ដីវិនាសដល់ខ្លួនពួកគេ។ 17 ដោយហេតុនេះ អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ចូរប្រុងប្រយ័ត្នដោយអ្នករាល់គ្នាស្គាល់ការនេះជាមុន ក្រែងលោអ្នករាល់គ្នាត្រូវបានអូសទាញដោយការបោកប្រាស់របស់ពួកឥតច្បាប់ ហើយធ្លាក់ចេញពីភាពមាំមួនរបស់ខ្លួន។ 18 ផ្ទុយទៅវិញ ចូរចម្រើនឡើងក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ នៅឥឡូវនេះ ព្រមទាំងរហូតដល់ថ្ងៃនៃសេចក្ដីអស់កល្បជានិច្ច! អាម៉ែន៕៚ |