ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ ពេត្រុស 2 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
២ ពេត្រុស 2

ការជំនុំជម្រះចំពោះគ្រូក្លែងក្លាយ

1 យ៉ាងណាមិញ ដូចដែល​មាន​ព្យាការីក្លែងក្លាយ​នៅក្នុងចំណោម​ប្រជាជន​យ៉ាងណា ក៏​នឹង​មាន​គ្រូក្លែងក្លាយ​នៅក្នុងចំណោម​អ្នករាល់គ្នា​យ៉ាងនោះដែរ​។ ពួកគេ​នឹង​នាំ​សេចក្ដីបង្រៀនខុសឆ្គង​នៃ​សេចក្ដីវិនាស​មកដោយសម្ងាត់ ថែមទាំង​នាំ​សេចក្ដីវិនាស​ទាន់ហន់​មក​លើ​ខ្លួនឯង ដោយ​បដិសេធ​សូម្បីតែ​ព្រះអម្ចាស់​ដែល​ប្រោសលោះ​ពួកគេ​។

2 មនុស្ស​ជាច្រើន​នឹង​ទៅតាម​ការល្មោភកាម​របស់​ពួកគេ ហើយ​មាគ៌ា​នៃ​សេចក្ដីពិត​នឹង​ត្រូវបាន​និយាយប្រមាថ​ដោយព្រោះ​ពួកគេ​។

3 ដោយសារតែ​ចិត្តលោភលន់ ពួកគេ​នឹង​កេងចំណេញ​លើ​អ្នករាល់គ្នា​ដោយ​ពាក្យ​បោកបញ្ឆោត​។ ការជំនុំជម្រះ​ចំពោះ​ពួកគេ​ដែលមាន​តាំងពីយូរមកហើយ ក៏​មិន​នៅស្ងៀម​ឡើយ ហើយ​សេចក្ដីវិនាស​របស់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។

4 ជាការពិត ប្រសិនបើ​ព្រះ​មិន​បាន​ត្រាប្រណី​បណ្ដា​ទូតសួគ៌​ដែល​បាន​ប្រព្រឹត្តបាប គឺ​បាន​ប្រគល់​ពួកគេ​ទៅ​ចំណង​នៃ​សេចក្ដីងងឹត ទាំង​ទម្លាក់​ពួកគេ​ទៅក្នុងស្ថាននរក ដើម្បី​ទុក​សម្រាប់​ការជំនុំជម្រះ

5 ហើយ​ប្រសិនបើ​ព្រះអង្គ​មិន​បាន​ត្រាប្រណី​ពិភពលោក​នា​សម័យ​បុរាណ គឺ​បាន​នាំ​ទឹកជំនន់​មក​លើ​ពិភពលោក​ដែលមិនគោរពព្រះ ហើយ​រក្សា​ប្រាំបី​នាក់​ពីគ្រួសាររបស់​ណូអេ​អ្នកប្រកាស​សេចក្ដីសុចរិត

6 ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ដាក់ទោស​ទីក្រុង​នៃ​សូដុម និង​កូម៉ូរ៉ា​ដោយ​សេចក្ដីវិនាសសាបសូន្យ គឺ​បាន​ដុតឲ្យទៅជាផេះ ហើយ​ធ្វើឲ្យ​ពួកគេ​ទៅជា​គំរូ​ដល់​អ្នក​ជំនាន់ក្រោយ​ដែលមិនគោរពព្រះ

7 ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ស្រោចស្រង់​ឡុត​ដែលជា​មនុស្ស​សុចរិត ដែល​តែងតែ​ព្រួយចិត្ត​ដោយព្រោះ​អំពើ​ល្មោភកាម​របស់​ពួក​ឥតច្បាប់

8 (​ដ្បិត​មនុស្ស​សុចរិត​ម្នាក់​នេះ​បាន​រស់នៅ​ក្នុងចំណោម​ពួកគេ ហើយ​បាន​ឃើញ និង​បាន​ឮ​ពី​អំពើ​ឥតច្បាប់​របស់ពួកគេ ក៏​ឈឺចាប់​ក្នុង​ចិត្ត​ដ៏សុចរិត​របស់លោក​ជា​រៀងរាល់ថ្ងៃ​)

9 នោះ​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ថា ត្រូវ​ស្រោចស្រង់​មនុស្ស​មានជំនឿស៊ប់​ចេញពី​ការល្បួង​យ៉ាងដូចម្ដេច និង​ត្រូវ​ឃុំឃាំង​មនុស្ស​ទុច្ចរិត​ក្នុង​ទណ្ឌកម្ម រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ​យ៉ាងដូចម្ដេច

10 ជាពិសេស​ពួក​អ្នក​ដែល​ដើរ​ក្នុង​តណ្ហា​ដ៏ស្មោកគ្រោក​ដោយ​តាម​សាច់ឈាម ហើយ​មើលងាយ​អំណាចគ្រប់គ្រង​។ ពួកគេ​ក្អេងក្អាង និង​ប្រកាន់យកតែគំនិតខ្លួន ហើយ​មិន​ញញើត​នឹង​ជេរប្រមាថ​ពពួក​ដែលប្រកបដោយ​សិរីរុងរឿង​ឡើយ​។

11 ទោះបីជា​បណ្ដា​ទូតសួគ៌​មាន​កម្លាំង និង​អំណាច​ធំជាង​ក៏ដោយ ក៏​មិន​ចោទប្រកាន់​ពួកគេ​នៅចំពោះ​ព្រះអម្ចាស់​ដោយមួលបង្កាច់​ឡើយ។

12 ប៉ុន្តែ​មនុស្ស​ទាំងនេះ ដូច​សត្វ​គ្មានវិចារណញ្ញាណ​ដែល​កើតមក​តាមធម្មជាតិ​ដើម្បីឲ្យ​គេ​ចាប់ និង​សម្លាប់ ហើយ​ពួកគេ​និយាយប្រមាថ​អ្វីៗដែល​ពួកគេ​មិនស្គាល់‍។ ពួកគេ​នឹង​ត្រូវបាន​បំផ្លាញ​ក្នុង​ការវិនាស​របស់​ខ្លួន​។

13 ពួកគេ​នឹង​រងការអយុត្តិធម៌​ជា​ឈ្នួល​នៃ​ការអយុត្តិធម៌​របស់ខ្លួន​; ពួកគេ​ចាត់ទុកថា​ការសេពអបាយមុខ​ទាំង​ថ្ងៃ​ជា​ការសប្បាយ​; ពួកគេ​ជា​ដាមប្រឡាក់ និង​ជា​ស្នាម​; ពួកគេ​សប្បាយចិត្ត​នឹង​ឧបាយកល​របស់​ខ្លួន នៅពេល​ស៊ីលៀងជាមួយ​អ្នករាល់គ្នា​;

14 ពួកគេ​មាន​ភ្នែក​ដែល​ពេញ​ដោយ​ការផិតក្បត់ និង​មិនចេះស្កប់​នឹង​បាប​; ពួកគេ​លួងលោម​មនុស្ស​ដែល​មិនមាំមួន​; ចិត្ត​ពួកគេ​ត្រូវបាន​បង្វឹក​ឲ្យ​មាន‍ការលោភលន់​; ពួកគេ​ជា​កូនចៅ​ដែលត្រូវ​បណ្ដាសា;

15 ពួកគេ​ចាកចេញ​ពី​ផ្លូវ​ទៀងត្រង់ ហើយ​វង្វេង​ទៅតាម​ផ្លូវ​របស់​បាឡាម​កូន​របស់​បេអ៊រ​——​បាឡាម​បាន​ស្រឡាញ់​រង្វាន់​នៃ​សេចក្ដីទុច្ចរិត

16 ប៉ុន្តែ​គាត់​ទទួល​ការស្ដីបន្ទោស​ចំពោះ​ការបំពាន​របស់ខ្លួន គឺ​សត្វលា​ដែល​មិនចេះនិយាយ បាន​និយាយ​ជា​សំឡេង​មនុស្ស រារាំង​ភាពចម្កួត​របស់​ព្យាការី​នោះ​។

17 ពួក​អ្នកទាំងនោះ​ជា​ប្រភពទឹក​ហួតហែង និង​ជា​អ័ព្ទ​ដែល​ត្រូវ​ខ្យល់ព្យុះ​បក់បោក​។ មាន​សេចក្ដីងងឹត​សូន្យឈឹង​បម្រុងទុក​សម្រាប់​ពួកគេ។

18 ពួកគេ​និយាយ​ពាក្យអួតអាង​ឥតខ្លឹមសារ ហើយ​ប្រើ​តណ្ហា​នៃ​សាច់ឈាម និង​ការល្មោភកាម លួងលោម​ពួក​អ្នក​ដែល​ទើបតែ​រួចផុត​ពី​ពួក​ដែល​រស់នៅ​ក្នុង​សេចក្ដីវង្វេង​។

19 ពួកគេ​សន្យា​ថា​នឹង​ឲ្យ​សេរីភាព​ដល់​អ្នកទាំងនោះ ប៉ុន្តែ​ខ្លួនឯងផ្ទាល់​ជា​ទាសករ​នៃ​សេចក្ដីវិនាស​។ ជាការពិត មនុស្ស​ម្នាក់​ត្រូវ​អ្នកណា​បង្ក្រាប ក៏​ជាប់ជាទាសករ​របស់​អ្នកនោះ​ហើយ​។

20 ប្រសិនបើ​ក្រោយពី​ពួកគេ​រួចផុត​ពី​សេចក្ដីសៅហ្មង​របស់​ពិភពលោក​នេះ​តាមរយៈ​ចំណេះដឹង​អំពី​ព្រះអម្ចាស់ និង​ព្រះសង្គ្រោះ​នៃយើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅហើយ ប៉ុន្តែ​ជាប់ជំពាក់​នឹង​សេចក្ដី​ទាំងនេះ​ម្ដងទៀត ហើយ​ត្រូវ​វា​បង្ក្រាប នោះ​សភាព​ចុងក្រោយ​នឹង​ត្រឡប់ជា​អាក្រក់ជាង​សភាព​ដើម​ទៅទៀត សម្រាប់​ពួកគេ​។

21 ដ្បិត​ប្រសិនបើ​ពួកគេ​មិន​បាន​ស្គាល់​មាគ៌ា​នៃ​សេចក្ដីសុចរិត នោះ​ប្រសើរ​សម្រាប់​ពួកគេ ជាជាង​ឲ្យ​ពួកគេ​ស្គាល់ ហើយ​បែរចេញ​ពី​បទបញ្ជា​ដ៏វិសុទ្ធ​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ពួកគេ​។

22 អ្វីដែល​បាន​កើតឡើង​ដល់​ពួកគេ ពិតជា​ដូច​សុភាសិត​នេះ​ដែលថា​: “ឆ្កែ​ត្រឡប់ទៅ​រក​កម្អួត​របស់វា ហើយ​ជ្រូកញី​ដែល​លាងស្អាត​ហើយ ក៏​ត្រឡប់​ទៅ​ននៀល​ក្នុង​ភក់​ដែរ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative