មូលហេតុចំពោះការឲ្យ1 ចំពោះការងារបម្រើដល់វិសុទ្ធជន នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ 2 ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ខ្ញុំបានអួតអំពីអ្នករាល់គ្នាប្រាប់ពួកអ្នកម៉ាសេដូនថា៖ “អាខៃបានរៀបចំតាំងពីឆ្នាំមុនម៉្លេះ”។ ចិត្តឆេះឆួលរបស់អ្នករាល់គ្នាបានជំរុញមនុស្សភាគច្រើនក្នុងចំណោមពួកគេ។ 3 យ៉ាងណាមិញ ខ្ញុំបានចាត់បងប្អូនឲ្យទៅ ដើម្បីកុំឲ្យអំនួតរបស់យើងអំពីអ្នករាល់គ្នា ទៅជាឥតប្រយោជន៍ក្នុងរឿងនេះឡើយ និងដើម្បីឲ្យអ្នករាល់គ្នាបានរៀបចំជាស្រេច ដូចដែលខ្ញុំបាននិយាយមែន 4 ក្រែងលោប្រសិនបើមានអ្នកម៉ាសេដូនខ្លះមកជាមួយខ្ញុំ ហើយឃើញថាអ្នករាល់គ្នាមិនទាន់រៀបចំ នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងក៏អាម៉ាស់មុខដែរ ដោយសារបានទុកចិត្តដូច្នេះ។ 5 ដោយហេតុនេះ ខ្ញុំយល់ឃើញថាត្រូវតែជំរុញបងប្អូនឲ្យមករកអ្នករាល់គ្នាជាមុន ហើយរៀបចំទុកមុននូវអំណោយដែលអ្នករាល់គ្នាបានសន្យាតាំងពីមុនមក ដើម្បីឲ្យវាត្រូវបានរៀបចំជាស្រេច ទុកជាអំណោយ មិនមែនជាការជំរិតទេ។ 6 សូមចងចាំការនេះដែលថា អ្នកដែលសាបព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកដែលសាបព្រោះដោយសទ្ធា អ្នកនោះនឹងច្រូតបានដោយសទ្ធា។ 7 ម្នាក់ៗត្រូវឲ្យ ដូចដែលបានសម្រេចក្នុងចិត្តហើយ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់អ្នកដែលឲ្យដោយចិត្តរីករាយ។ 8 ព្រះអាចធ្វើឲ្យព្រះគុណគ្រប់យ៉ាងបានសម្បូរហូរហៀរដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសម្បូរហូរហៀរដោយការល្អគ្រប់យ៉ាង ទាំងមានគ្រប់គ្រាន់ទាំងអស់ក្នុងគ្រប់ជំពូកជានិច្ច 9 ដូចដែលមានសរសេរទុកមកថា: “អ្នកនោះបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេរជារៀងរហូត”។ 10 ព្រះអង្គដែលផ្គត់ផ្គង់គ្រាប់ពូជដល់អ្នកសាបព្រោះ និងផ្គត់ផ្គង់អាហារសម្រាប់ហូប ព្រះអង្គនឹងផ្គត់ផ្គង់ ហើយធ្វើឲ្យគ្រាប់ពូជរបស់អ្នករាល់គ្នាកើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាផង។ 11 អ្នករាល់គ្នានឹងត្រូវបានធ្វើឲ្យបរិបូរក្នុងការទាំងអស់ រហូតដល់មានចិត្តទូលាយក្នុងការទាំងអស់ ដែលនាំឲ្យមានការអរព្រះគុណដល់ព្រះតាមរយៈយើង។ 12 ដ្បិតការងារនៃការបម្រើនេះ មិនគ្រាន់តែបំពេញភាពខ្វះខាតរបស់វិសុទ្ធជនប៉ុណ្ណោះទេ គឺថែមទាំងចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះទៀតផង។ 13 ពួកគេបានលើកតម្កើងសិរីរុងរឿងដល់ព្រះ តាមរយៈភស្តុតាងនៃការបម្រើនេះ ដោយព្រោះការចុះចូលរបស់អ្នករាល់គ្នាចំពោះពាក្យសារភាពអំពីដំណឹងល្អរបស់ព្រះគ្រីស្ទ និងដោយព្រោះចិត្តទូលាយក្នុងការចែកទានដល់ពួកគេ និងមនុស្សទាំងអស់; 14 ហើយពួកគេនឹករលឹកអ្នករាល់គ្នា ទាំងអធិស្ឋានសម្រាប់អ្នករាល់គ្នា ដោយព្រោះព្រះគុណដ៏ប្រសើរហួសវិស័យរបស់ព្រះ ស្ថិតនៅលើអ្នករាល់គ្នា។ 15 សូមអរព្រះគុណដល់ព្រះ ចំពោះអំណោយទានដែលរកពាក្យថ្លែងពុំបានរបស់ព្រះអង្គ!៕ |